ភ្នំពេញ ៖ សមត្ថកិច្ចរបស់អាជ្ញាធរខណ្ឌសែនសុខ បានឃាត់ខ្លួនបុរស៤នាក់ ពីបទក្លែងបន្លំធ្វើជាសង្ឃ ដើរបិណ្ឌបាតរៃអង្គាសរកលុយតាមផ្លូវសាធារណៈដែលប្រព្រឹត្តជាក់ស្តែង កាលពីវេលាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវលេខ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលកម្លាំងអាជ្ញាធរមូលដ្ឋានកំពុងដើររៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ។
សង្ឃក្លែងក្លាយទាំង៣នាក់នោះ ១.ឈ្មោះ គង់ ឆែត អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ២.ឈ្មោះ ភិន ភារម្យ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ៣.ឈ្មោះ ប៉រ ញៀត អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ៤.ឈ្មោះ រុន ភារម្យ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិទំនប់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ក្រុមជនទាំង៤នាក់ បានប្រាប់សមត្ថកិច្ចថា ពួកខ្លួន មានស្រុកកំណើត នៅភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ពាក់ព័ន្ធដល់ការឃាត់ខ្លួនពួកគេទាំង៤នាក់នេះ មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសណ្តាប់ធ្នាប់របស់សាលាសង្កាត់ភ្នំពេញថ្មីបាន នាំគ្នាជិះម៉ូតូត្រួតពិនិត្យមើលក្នុងមូលដ្ឋាន លុះមកដល់គោលដៅខាងលើត្រង់ផ្លូវលេខ១៩៧៤ ក៏បានប្រទះឃើញរ៉ឺម៉កកង់បី១គ្រឿងខាងលើទម្លាក់វាំងននជិតឈឹង ដោយមានការសង្ស័យក៏ចូលទៅមើលស្រាប់តែឃើញ ជនទាំង៣នាក់នោះកំពុងប្តូរសម្លៀកបំពាក់ធ្វើជាសង្ឃក្លែងក្លាយ ទើបឃាត់ខ្លួនជាក់ស្តែងតែម្តងនាំខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់។
នៅសមត្ថកិច្ចសួរនាំពួកគេថា បួសនៅវត្តណា មានប័ណ្ណសម្គាល់ខ្លួនជាសង្ឃដែរឬទេ ក្រុមជនខាងលើក៏បាននិយាយសារភាពថា ពួកខ្លួនមិនមែនព្រះសង្ឃពិតប្រាកដទេ ជាងសង្ឃក្លែងក្លាយជាប្រជាពលរដ្ឋធម្មតា ដោយសារតែធ្វើការសំណង់រកលុយមិនបានក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារនិងតាមទីសាធារណៈ ដោយមានរ៉ឺម៉កសម្រាប់ដឹកចេញពីបន្ទប់ជួលទៅធ្វើសកម្មភាពនៅពេលព្រឹកៗ គ្រងស្បង់ចីវតាមដងផ្លូវ រួចចុះដើរបិណ្ឌបាត ព្រោះធ្វើបែបនេះងាយស្រួលរកលុយ។
លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា ក្រុមជនសង្ស័យទាំងនេះកំពុងកសាងឯកសារបញ្ជូនទៅតុលាការតាមបញ្ជារបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ៕
Source: Kampuchea Thmey Daily
0 Comments