ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់«ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០»និង «កិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា»គឺជាសក្ខីភាពបញ្ជាក់ច្បាស់អំពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថលដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ។ សម្តេចតេជោបានថ្លែងកត់សំគាល់បែបនេះបន្ទាប់ពីត្រូវបានស្វាគមន៍ដ៏កក់ក្តៅជាមួយនឹងសារដ៏ច្បាស់លាស់របស់កញ្ញាសិប្បនិមិត្តគឺកញ្ញារ៉ូបូ សូហ្វៀ នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី ២៦ ខែមីនា នៅសណ្ឋាគារ ហ្គ្រេតឌ្យូក ភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «តាមរយៈការស្វាគមន៍ដ៏កក់ក្តៅជាមួយនឹងសារដ៏ច្បាស់លាស់របស់កញ្ញាសិប្បនិមិត្តគឺកញ្ញារ៉ូបូ សូហ្វៀ ចំពោះរូបខ្ញុំអម្បាញ់មិញស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០»និង «កិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា»គឺជាសក្ខីភាពបញ្ជាក់ច្បាស់អំពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន»។
អត្ថប្រយោជន៍សំខាន់ៗដែលសម្តេចតេជោនាយករដ្ឋមន្ត្រីលើកឡើងនៅក្នុងសន្និសីទនោះរួមមាន៖ទី១.បច្ចេកវិទ្យាឌីជីថលអាចជួយជំរុញកំណើននិងប្រសិទ្ធភាព។បច្ចេកវិទ្យាឌីជីថលរួមមានទូរស័ព្ទវៃឆ្លាត (smart phone) បច្ចេកវិទ្យាក្លោដ (cloud computing) បច្ចេកវិទ្យាប្រើរ៉ូបូ (robotics) បច្ចេកវិទ្យាប្លុកឆេន (block chain) និង អីនធើណិតនៃបរិក្ខារ (internet of things) ជាដើមបានកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការតភ្ជាប់រវាងមនុស្សនិងមនុស្សបង្កើតឡើងនូវធុរកិច្ចថ្មីៗជាមួយនឹងគំនិតថ្មីៗសម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារបង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗនិងបង្កើតសកម្មភាពសហគ្រិន។ ទី២.បច្ចេកវិទ្យាឌីជីថលអាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរជួយបង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឲ្យអាជ្ញាធរនៅគ្រប់កម្រិតអាចផ្តល់សេវាដល់ប្រជាជនបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះបច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការ ភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។
តែទោះបីយ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានធ្វើការកត់សំគាល់ផងដែរអំពីផលអវិជ្ជមានបច្ចេកវិទ្យាឌីជីថលដែលបានផ្តល់នូវគុណវិបត្តិផ្សេងៗ រួមមាន៖ ១. រ៉ូបូ (Robot) បាននឹងកំពុងជំនួសកម្លាំងពលកម្មមនុស្សដែលនឹងធ្វើឲ្យមនុស្សបាត់បង់ការងារ,២.ទាមទារកម្រិតជំនាញខ្ពស់ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យានិងព័ត៌មានវិទ្យា,៣.វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹងនិងបច្ចេកវិទ្យា, ៤. ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនឹងបង្កើនភាពងាយរងគ្រោះដែលបណ្តាលមកពីឧក្រិដ្ឋកម្ម ឬ បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
ដើម្បីឲ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្តល់នូវប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្នសម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសរំលេចនូវគំនិតផ្តួចផ្តើមនិងការងារអាទិភាពមួយចំនួនដូចខាងក្រោម៖ ទី១. ការរៀបចំនិងដាក់ឲ្យអនុវត្តរដ្ឋាភិបាលឌីជីថល(Digital Government)មួយឱ្យបានពេញលេញនិងគ្រប់ជ្រុងជ្រោយនេះគឺជាបុរេលក្ខខណ្ឌនៃការកសាងសេដ្ឋកិច្ចឌីជីថលដែលម្ខាងសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាពនិងតម្លាភាពក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន។ ម្ខាងទៀតដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំនិងដាក់ឲ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗដូចជាអាសយដ្ឋាន ឌីជីថលហត្ថលេខាឌីជីថលអត្តសញ្ញាណប័ណ្ណឌីជីថលដើម្បីបង្កើតឱកាសឲ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។ ទី២. ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ៖ ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នងដូចជាខ្សែកាបអុបទិក ខ្សែកាបអុបទិកបាតសមុទ្រ ការចែកចាយ និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឲ្យប្រព័ន្ធអ៊ីនធើណេតមានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។
ទី៣. ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ឲ្យបានជាអតិបរមា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែក ស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ។
ទី៤. ការកសាង និងដាក់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដារពាក់ព័ន្ធ៖ សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំក្របខណ្ឌគតិយុតិ្ត និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cyber Security) ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។
ទី៥. ការលើកកម្ពស់ការរៀបចំប្រព័ន្ធអេកូឡូហ្សី ៖ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល ដែលជាចំណុចចាប់ផ្តើមក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមរយៈការរៀបចំគោលនយោបាយគ្រប់ជ្រុងជ្រោយមួយជាកញ្ចប់ដោយគិតគូរពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល តាមរយៈការបង្កើតមូលនិធិសហគ្រិនភាព ដែលមានថវិកាចំនួន៥លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងអាចជួយជាធនធានហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យមជាពិសេសក្រុមហ៊ុនតូចៗ ដែលទើបបង្កើតឡើង (Startup)។ បដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាននឹងកំពុងក្លាយជាកាតាលីករសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សន្និសីទនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវមន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលប្រមាណ ៣៥០នាក់។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០»ដែលជាកិច្ចសហការជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សន្និសីទចក្ខុវិស័យឆ្នាំនេះមានប្រធានបទជាប់ទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្ន។ ស្របគ្នានឹងការរីកចម្រើននៃឧស្សាហកម្ម៤.០ ការប្រែក្លាយផ្នែកឌីជីថលអាចជាក្បាលម៉ាស៊ីនជំរុញកំណើនថ្មីមួយដែលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សន្និសីទនេះមានប្រធានបទតូចៗជាច្រើនសំដៅបំផុសឲ្យមានការផ្លាស់ប្តូរមតិត្រង់ទៅត្រង់មកពីវិធីចាប់យកឱកាសល្អៗនៃការប្រែក្លាយផ្នែកឌីជីថលដើម្បីជួយគាំទ្រដល់កំណើនរយៈពេលវែងនិងមាគ៌ាអភិវឌ្ឍន៍ និងការផ្តល់គំនិតពីការកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់យុទ្ធសាស្ត្រផ្នែកឌីជីថលនៅកម្ពុជា។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩មានគោលដៅផ្តល់ជាវិភាគទានដល់ការរចនាតាក់តែងនិងអនុវត្តគោលនយោបាយដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដំណើរការនៃសន្និសីទ និងការផ្តល់មតិផ្នែកគោលនយោបាយផ្សេងៗទៀត៕
Source: Kampuchea Thmey Daily
0 Comments