ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងដោយម៉ឺងម៉ាត់ថា កង្វល់របស់អ្នកដទៃមិនមែនជាបន្ទាត់ ឬ ច្បាប់ដែលកម្ពុជាត្រូវអនុវត្តទេ កម្ពុជា មានច្បាប់របស់ខ្លួនមួយដោយឡែក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់បែបនៅក្នុងសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃទី ២៦ ខែមីនា ដែលសន្និសីទនេះមានអង្គទូតបរទេសនិងអ្នកជំនាញបរទេសចូលរួមផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅលើពិភពលោកនេះប្រទេសទាំងអស់មិនមានស្តង់ដារដូចគ្នាទេព្រោះពិភពលោកមានស្តង់ដារច្រើនខុសប្លែកពីគ្នាហើយបរិបទនៅកម្ពុជាក៏មិនដូចប្រទេសដទៃដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កង្វល់របស់អ្នកដទៃ មិនមែនជាបន្ទាត់ ឬច្បាប់ដែលកម្ពុជាត្រូវអនុវត្តទេ កម្ពុជាត្រូវមានច្បាប់របស់ខ្លួនមួយដោយឡែកប្រទេសដទៃសុទ្ធតែមានស្ថានភាពខុសៗគ្នាអ្នកទទួលស្គាល់ថា ប្រទេសដទៃមានស្ថានភាពខុសគ្នា ម៉េចក៏មិនទទួលស្គាល់ថាកម្ពុជាមានស្ថានភាពខុសគេដែរ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកជាសំណួរថា នៅលើពិភពលោកនេះក្នុងសតវត្សរ៍ទី២០នេះ តើមានរបបប៉ុល ពត កើតឡើងដូចកម្ពុជាឬទេតើទទួលស្គាល់បញ្ហានេះទេ...? សម្តេចបញ្ជាក់ថា «អ្នកចេះទទួលស្គាល់ថា ប្រទេសមួយមានបរិបទមួយប៉ុន្តែមិនព្រមទទួលស្គាល់ថា កម្ពុជាមានបរិបទរបស់កម្ពុជាមួយដែរទេ»។
សម្តេចបានបន្តទៀតថា ពិភពលោកនេះវាមិនមាន Single Standard នោះទេ វាមាន Double Standard និង មានរហូតដល់ Tritple Standard ប៉ុន្តែត្រូវតែគោរពដល់ភាពយុត្តិធម៌គោរពទៅដល់អ្វីដែលជាគោលការណ៍គឺប្រទេសនេះមានគោលការណ៍បែបនេះ ប្រទេសនោះមានគោលការណ៍បែបនោះ ដូច្នេះវាអត់មានស្តង់ដារមួយឯកភាព នេះហើយជាកន្លែងដែលយើងពិបាក។
សម្តេចតេជោបានបញ្ជាក់ទៀតថា ប្រទេសមួយចាប់បង្ខំឲ្យប្រទេសមួយធ្វើតាមខ្លួនតើគេធ្វើបានឬអត់? អ្នកឯងស៊ីនំប៉័ង ខ្ញុំស៊ីបាយ ធ្វើម្តេចដូចគ្នា រឿងតែអញ្ចឹង គេធ្វើបានយើងធ្វើមិនបានអាហ្នឹងយ៉ាងម៉េច សង្ឃឹមថា យើងអាចយល់គ្នាដើម្បីរួមដំណើរជាមួយគ្នាពិសេសយកអង្គឯកភាពនៃការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកទេសនេះ ដើម្បីចេញដំណើរទៅរួមគ្នា យើងអាចបំព្រួញការខុសគ្នា។
គួររំលឹកថា កាលពីថ្ងៃទី ២៥ ខែមីនា ក្នុងពិធីចែកសញ្ញាបត្រដល់សាកលវិទ្យាល័យ IUPP សម្តេចតេ ជោហ៊ុនសែន ក៏បានធ្វើការដាស់តឿនទៅរដ្ឋមន្ត្រីការបរទេសកម្ពុជាម្តងរួចមកហើយថាក្រោយពីបានអាន របាយការណ៍របស់ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការព្រួយបារម្ភរបស់បណ្តាប្រទេសមួយចំនួនពាក់ព័ន្ធបញ្ហាកម្ពុជា សម្ដេចបានចារអក្សរធំៗ ត្រឡប់ទៅវិញថាកង្វល់របស់អន្តរជាតិ មិនមែនជាច្បាប់តម្រូវឲ្យកម្ពុជាអនុវត្តនោះទេ ខណៈប្រទេសមួយចំនួនខ្វល់ពីកម្ពុជា លើបញ្ហានេះបញ្ហានោះ តែមិនដែលស្ដាប់ពីកង្វល់និងតម្រូវការ របស់កម្ពុជានោះទេ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កង្វល់របស់គេមិនមែនជាច្បាប់តម្រូវឲ្យយើងអនុវត្តទេ។ សម្ដេចតេជោថ្លែងទៀតថា កម្ពុជារំលាយគណបក្សនយោបាយមួយដែលធ្វើខុសច្បាប់មុនពេលបោះឆ្នោតមួយឆ្នាំ ប៉ុន្តែក្នុងប្រទេសថៃគេរំលាយគណបក្សនយោបាយក្នុងពេលយុទ្ធនាការបោះឆ្នោតតែម្ដងតើអ្នកឯងគិតយ៉ាងម៉េច? ប្រទេសដទៃគិតយ៉ាងម៉េច?
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានចោទសួរទៅកាន់អន្តរជាតិថា តើចង់ឲ្យកម្ពុជាយកគំរូតាមប្រទេសថៃ និងមីយ៉ាន់ម៉ាដែលអនុញ្ញាតឲ្យកងទ័ពមានកូតា២៥%ក្នុងសំឡេងឆ្នោតឬយ៉ាងណាខណៈកម្ពុជាក៏អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យកងទ័ពមានសិទ្ធិដូចនៅថៃ ឬ មីយ៉ាន់ម៉ាដែរ៕
Source: Kampuchea Thmey Daily
0 Comments