ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា ក្រៅពីភារកិច្ចជាចម្បងការពារទឹកដីមាតុភូមិឲ្យនៅគង់វង្សនោះ គឺកងទ័ពនៅតែមានតួនាទីឈានមុខរួមសុខរួមទុក្ខជាមួយប្រជាប្រជាជនគ្រប់ពេលវេលានិងប្តូរអាយុជីវិតដើម្បីរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ មិនឲ្យជនណាមួយបំផ្លាញដាច់ខាត ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
សម្តេចពិជ័យសេនាថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងឱកាសបិទសិក្ខាសាលាស្តីពី"សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល" ដែលបានប្រារព្ធនៅវិមានសន្តិភាពកាលពីប៉ុន្មានថ្ងៃមុននេះ។
នៅក្នុងឱកាសសិក្ខាសាលានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិមានប្រសាសន៍បញ្ជាក់ថា , គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិនិត្យឡើងវិញនូវលទ្ធភាពការងារសម្ព័ន្ធ មេត្រី ភាពរយៈពេក៣ឆ្នាំកន្លងមក ដើម្បីលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព ឲ្យធ្វើសកម្មភាព ពង្រឹងការងារសម្ព័ន្ធមេត្រីភាព ឲ្យបានសកម្មបន្ថែមទៀតពង្រឹងនិងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រី ភាពនិងតម្រង់ទិសឲ្យមានគុណប្រយោជន៍ ជាយុទ្ធសាស្ត្រយូរអង្វែង កៀងគរទាក់ទាញ ឲ្យបានច្រើនបន្ថែមទៀត នូវការចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រីភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៍ ទៅរស់នៅ ក្នុងសង្គមស៊ីវិល។
សម្តេចពិជ័យសេនាបន្ថែមថា ការងារសម្ព័ន្ធមេត្រីភាព ជានិច្ចកាលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយកចិត្តទុក ដាក់ជំរុញអនុវត្តឲ្យស្ថិតនៅជាប្រពៃល្អផូរផង់ជាពិសេសនៅក្នុងដំណាក់កាលថ្មី ដែលកងយោធពលខេមរភូមិន្ទបានខិតខំកសាងពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិ និងត្រៀមខ្លួនដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសណ្តាប់ធ្នាប់ សាធារណៈបំរើឲ្យភូមិឃុំ មានសុវត្ថិភាព។
បច្ចុប្បន្នការងារសម្ព័ន្ធមេត្រីភាព មានស្ថាប័នរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជននិងសប្បុរសជន សរុបចំនួន៣២០ បានចងសម្ព័ន្ធមេត្រីភាព ជាមួយ៨៩កងឯកភាព នៃកងយោធពលខេមរភូមិន្ទ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានប្រសាសន៍លើកឡើងថា សិក្ខាសាលាថ្ងៃនេះ ក៏ជាឱកាសដ៏វិសេស វិសាលមួយ ដែលបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងនិងជំរុញការយកចិត្តទុកដាក់ ដល់ការ អនុវត្តការងារ សម្ព័ន្ធ មេត្រីភាព ដែលជាកិច្ចការ ដ៏មានសារៈសំខាន់ ហើយក៏ជាឱកាសមួយដើម្បីពិនិត្យ វាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ នូវអ្វីដែលយើងអនុវត្តបានកន្លងមក អ្វីដែលយើង អនុវត្តមិនទាន់បានបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង ទិសដៅភារកិច្ច សម្រាប់ អនុវត្ត នាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យ តាមគោលដៅ ដែលអង្គសិក្ខាសាលា។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បញ្ជាក់ទៀតថា ទោះជាពេលប្រទេសជាតិ មាន សន្តិភាព ទាំងស្រុងក្តី ក៏កងកម្លាំង ប្រដាប់អាវុធទាំងអស់ មានតួនាទី តែងតែឈានមុខ រួមសុខរួមទុក្ខ ជាមួយប្រជាជន និង ជួយទំនុកបម្រុងប្រជាជន ជួយសម្រាលនូវទុក្ខលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន ជាពិសេស នៅពេលប្រជាជនជួប ការលំបាក ដូចជាពេលមានគ្រោះ រាំងស្ងួត ទឹកជំនន់ និង គ្រោះមហន្តរាយ ធម្មជាតិផ្សេងៗទៀត។ ដូចគ្នាដែរប្រជាជន និងស្ថាប័ន អង្គភាព ស៊ីវិល ក៏ត្រូវមានតួនាទី សំខាន់ រួមចំណែកក្នុងចលនាការពារជាតិរបស់យើងពោលគឺ ជាប្រភពមិនចេះរីងស្ងួតនៃការផ្គត់ផ្គង់កម្លាំងជ្រើសរើសទ័ពប្រភពនៃ កម្លាំងធនធាន និងការលើកទឹកចិត្តដល់កងទ័ពជានិច្ច។ រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដីសម្រេច ស្ដីពីការរៀបចំ ការចងសម្ព័ន្ធ មេត្រីភាព រវាងកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្នុងគោលបំណងលើកទឹកចិត្ត ស្ថាប័នអង្គភាពស៊ីវិល ឲ្យរួមចំណែកក្នុងវិស័យការពារជាតិ និង ជួយដោះស្រាយការលំបាកនានា របស់អង្គភាព កងកម្លាំងប្រដាប់អាវុធយើងឲ្យបានប្រសើរឡើងមួយកម្រិតទៀត ក៏ដូចផ្សារភ្ជាប់ សមរភូមិមុខ និងសមរភូមិ ក្រោយឲ្យមានទំនាក់ទំនងជិតស្និទ្ធ ជាមួយគ្នារួមចំណែកការពារជាតិ មាតុភូមិ៕
Source: Kampuchea Thmey Daily
0 Comments