ក្រោយសម្រាករយៈពេលខ្លីអំឡុងកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះពានរង្វាន់យុវជនកម្រិតទ្វីបអាស៊ី AFC U23 Championship 2020 ពេលនេះពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League)ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបន្តប្រកួតនៅចុងសប្ដាហ៍នេះឡើងវិញហើយ។
ប្រកួតប្រចាំសប្ដាហ៍ទី២ នឹងធ្វើឡើងនៅចុងខែមីនា ឆ្នាំ២០១៩នេះ ដោយនៅថ្ងៃទី៣០ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះអាស៊ីអឺរ៉ុប នៅវេលាម៉ោង៣និង៣០នាទីល្ងាច លើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា ហើយក្រុមវិសាខា ទទួលក្រុមគីរីវង់សុខសែនជ័យ នៅម៉ោងដំណាលគ្នាលើទីលានកីឡដ្ឋានវិសាខា និងក្រុមណាហ្គាវើល ជួបក្រុមក្រសួងការពារជាតិ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ចំណែកប្រកួតផ្សេងទៀតធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ដោយក្រុមសូលទីឡូអង្គរ ប៉ះព្រះខ័នរាជស្វាយរៀង នៅម៉ោង៣និង៣០នាទី លើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ទទួលក្រុមភ្នំពេញក្រោន នៅម៉ោងដំណាលគ្នាលើទីលានកីឡាបាល់ទាត់បាទី ហើយក្រុមខេត្តកំពង់ចាម ទទួលក្រុមអង្គរថាយហ្គឺរ នៅម៉ោង៣និង៣០នាទីល្ងាចដែរលើទីលានកីឡាបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងក្រុមអគ្គីសនីកម្ពុជា ទទួលក្រុមបឹងកេត នៅវេលាម៉ោងដូចគ្នាលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នក្រោយប្រកួតបាន១លើកនេះមកឃើញថា ក្រុមគីរីវង់សុខសែនជ័យ ឈរលេខ១ ហើយព្រះខ័នរាជស្វាយរៀង ឈរលេខ២ បឹងកេត ឈរលេខ៣ ហើយណាហ្គាវើល ឈរលេខ៤ និងកំពង់ចាម ឈរលេខ៥ មាន៣ពិន្ទុដូចគ្នា។ ចំណែកក្រុមវិសាខា ឈរលេខ៦ សូលទីឡូអង្គរ ឈរលេខ៧ ក្រសួងការពារជាតិ នៅលេខ៨និងអង្គរថាយហ្គឺរ ឈរលេខ៩ មាន១ពិន្ទុដូចគ្នា ស្របពេលក្រុមភ្នំពេញក្រោន នៅលេខ១០ អាស៊ីអឺរ៉ុប លេខ១១ អគ្គីសនីកម្ពុជា លេខ១២ អគ្គស្នងការដ្ឋាននគរបាលជាតិលេខ១៣ និងយុវជនសាលាបាល់ទាត់ជាតិបាទីលេខ១៤។
តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ក្រុមជើងឯកលីគកំពូលកម្ពុជាមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិមួយចំនួនដូចជាពានរង្វាន់ AFC Cup, Mekong Championship និងពានរង្វាន់មួយចំនួនទៀត៕
Source: Kampuchea Thmey Daily
0 Comments