ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មាករប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចាប់ផ្ដើមពីចុងខែកុម្ភៈ មកម្ល៉េះដោយមានការប្រកួតដែលបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨ ដែរគឺវគ្គប្រកួតជម្រុះថ្នាក់ខេត្ត និងវគ្គប្រកួតជម្រុះថ្នាក់ជាតិ។
យោងតាមប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការប្រកួតវគ្គថ្នាក់ខេត្តនឹងចាប់ផ្ដើមមុនគេ ដោយចាប់ប្រកួតពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈមានក្រុមទាំងអស់ចំនួន ២៣ចូលរួម មកពី២៣ខេត្ត ដែលបែងចែកចេញជា ៦ពូលដែល១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុម ធ្វើការប្រកួតចំនួនមួយជើងប៉ុណ្ណោះ រៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ នៃសប្ដាហ៍នីមួយៗ។
សម្រាប់សមាសភាពក្រុមទាំង២៣ ដែលនឹងត្រូវប្រកួតក្នុងវគ្គថ្នាក់ខេត្តរួមមានពូល A មានបាត់ដំបង , ប៉ៃលិន , ពោធិ៍សាត់ និង បន្ទាយមានជ័យ ពូល B មានស្វាយរៀង , ព្រៃវែង , ត្បូងឃ្មុំ និង កណ្ដាល ពូល C មានស្ទឹងត្រែង , រតនៈគិរី , ក្រចេះ និង មណ្ឌលគីរី ពូល D មានកំពត , កែប , ព្រះសីហនុ និង កោះកុង ពូល E មានកំពង់ធំ , សៀមរាប , ឧត្តរមានជ័យ និងព្រះវិហារ ពូល F មាន តាកែវ , កំពង់ស្ពឺ និងកំពង់ឆ្នាំង។
ចំពោះលទ្ធផលប្រកួតនៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រុមខេត្តកែប ឈ្នះក្រុមខេត្តព្រះសីហនុ ១ទល់០ លើទីលានកីឡដ្ឋានខេត្តកែប ហើយក្រុមខេត្តកោះកុង ឈ្នះក្រុមខេត្តកំពត ៤ទល់២ លើទីលានកីឡដ្ឋានខេត្តកោះកុង។ ចំណែកប្រកួតជម្រុះផ្សេងទៀតនឹងបន្តធ្វើឡើងនៅថ្ងៃពុធ ទ២៧ ខែមីនា ឆ្នាំ២០១៨ នេះដោយក្រុមខេត្តប៉ៃលិន ចាញ់ក្រុមខេត្តសៀមរាប ជួបក្រុមឧត្តរមានជ័យ លើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយក្រុមខេត្តព្រះវិហារ ជួបក្រុមខេត្តកំពង់ធំលើទីលានកីឡដ្ឋានខេត្តព្រះវិហារ។
តាមគម្រោងការប្រកួតដែលមានតែ ១ជើង ក្រុមចំនួន១៦ នឹងត្រូវរើសចេញពីចំណោមក្រុមទាំង២៣ គឺក្រុមលេខ ១ និងលេខ ២ ប្រចាំពូលទាំង៦ បូកបញ្ចូលជាមួយក្រុមលេខ ៣ល្អចំនួន ៤ក្រុមផ្សេងទៀត ដើម្បីប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ និងជាបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់មក ក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃវគ្គថ្នាក់ខេត្តចំនួន២ក្រុម នឹងទទួលបានកៅអីឡើងមកប្រកួតវគ្គថ្នាក់ជាតិ បន្តទៀត ជាមួយក្រុមចំនួន១៤ ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ប្រកួតចំនួន២ជើង ( ក្នុងដី និងក្រៅដី ) លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតតែ ១ជើង។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments