កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កឡើងដោយមន្ត្រីយោធាម្នាក់ បើកបរក្នុងល្បឿនលឿន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ ថ្ងៃចន្ទ០៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩,២៥នាទី នៅចំណុចផ្លូវលេខ១២១០ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលស្រុកស្អាងបានឲ្យដឹងថា មានរថយន្ត០១គ្រឿង ម៉ាកលុចស៊ីស៣៥០ ពណ៍ ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-2416បើកបរដោយឈ្មោះ ឌិន ស៊ីដេត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួ ខេត្តកណ្ដាល បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល1P-8626 បើកបរដោយ ឈ្មោះម៉ុន វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួលជុលរថយន្ត(បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែង) មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងជិះម៉ូតូ នៅក្នុងទិសដៅបញ្ច្រាសគ្នា(ពីកើតទៅលិច)បណ្ដាលឲ្យដួលរងរបួសរហូតដល់ស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែង និង យកវត្ថុតាងទាំងពីរ និង ឃាត់ខ្លួនអ្នកបើករថយន្ត យកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា នៅជាប់ខ្លួនជនសង្ស័យមានអាវុធខ្លី ម៉ាកNP34 លេខBO-18287និងបង់០១(គ្មានគ្រាប់) មានគ្រាប់ចំនួន០២គ្រាប់បានបាញ់នៅរណ្ដៅដីអស់យូរហើយ នៅក្នុងឃុំក្រាំងយ៉ូវ៕
Source: Kampuchea Thmey Daily
0 Comments