Ad Code

បើករថយន្តលុចស៊ី​សទាំងស្រវឹង បោះពួយ​ មក​បុក​រ៉ឺម៉ក​ម៉ូតូ​ទាំង​កំរោល ស្លាប់​ជនបរទេស​២​នាក់​ និង​ខ្មែរ​ម្នាក់



ភ្នំពេញ ​៖​ យ៉ាងហោចណាស់​ជនបរទេស​២​នាក់ ​និង​បុរស​ខ្មែរ​ម្នាក់ទៀត ​ដែល​ជា​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​​ ​បាន​ស្លាប់​ទាំង​អស់​គ្នា​ ដោយសារតែ​ត្រូវ​បុរស​ស្រវឹង​ស្រា​ជោកជាំ​ម្នាក់ ​បាន​បើក​រថយន្ត​ឡិច​ស៊ី​ស​៣៣០​ លឿន ​ដូច​ហោះ ​រេ​ចង្កូម​ក​បុក​ទាំង​កំរោល​ នៅ​ចំណែក​ផ្លូវ​ម្ខាង ​នៃ​រ៉ឺម៉ក​កង់​បី​ដឹក​ជន​បរទេស​នោះ ​បើក​បញ្ច្រាស​ទិសដៅ​គ្នា​ពេញទំហឹង ​និង​អូស​ជាច្រើន​ម៉ែត្រ​ បណ្តាល​ឲ្យ​ស្លាប់​រដូករ​ណែល​ពេញ​កន្លែងកើតហេតុ​តែម្ដង។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ ​បាន​កើតឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​យប់​ ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​លេខ​១៨៤ ចំណុច​មុខ​ព្រះបរមរាជវាំង ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ​ម៉ាក LEXUS RX330 ពណ៌​ខ្មៅ ​ពាក់​ស្លាក​ភ្នំពេញ 2AX-5853 បើកបរ​ដោយ​បុរស​ម្នាក់​ ដែល​ទើប​ចេញពី​ផឹក​ មាន​សភាព​ស្រវឹងធ្លាក់ភ្នែក​ បាន​បើក​បោះ​ពួយ​យ៉ាង​លឿន​ដូច​ហោះ​ តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​មុខ​ព្រះបរមរាជវាំង ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ងាក​មក​ខាងឆ្វេង​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ចំ​ពេញ​ពីមុខ​ពេញទំហឹង​ អូស​ជាង​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​ជនជាតិ​បរទេស​២​នាក់ ​ដែល​ជិះ​លើ​រ៉ឺម៉ក​ម៉ូតូ​នោះ​ត្រូវ​បែក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។

ប្រភព​ព័ត៌មាន​បា​ន​បន្ត​ទៀតថា ​ចំណែកឯ​បុរស​ខ្មែរ​ដែលជា​អ្នកបើក​រ៉ឺម៉ក​នោះ បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​។​ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​វិញ ​មិន​ចេញពី​កន្លែងកើតហេតុ​ទេ​ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យកទៅ​ប៉ុស្តិ៍​នគរបាល​ជ័យជំនះ ដើម្បី​ធ្វើការ​សាកសួរ​នាំ​ផងដែរ។

សមត្ថកិច្ច​បញ្ជាក់​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បង្កឡើង​ដោយ​រថយន្ត RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2 AX 5853 ភ្នំពេញ​បើកបរ​ ដោយ​ឈ្មោះ​ ហ៊ែ​ល វណ្ណៈ ភេទ​ប្រុស ​កើត​ថ្ងៃទី​០៥​ ខែ​តុលា ​ឆ្នាំ​១៩៨៦​មាន​ស្រុកកំណើត​ នៅ​ឃុំ​មេសរ​ជ្រៃ​ ស្រុក​ស្ទឹងត្រែង​ ខេត្ត​កំពង់ចាម​ និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មាន​លាភ​ សង្កាត់​សុខដុម​ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​ ដោយ​បើក​រថយន្តបុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ គ្មាន​ស្លាក​លេខ និង បណ្តាល​ឲ្យ​អ្នក​បើក​រ៉ឺម៉ក​កង់​បី ឈ្មោះ យឹម ស៊ី​ដូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​រត់​កង់​បី មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​បាក់​ត្រា ឃុំ​ព្រិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ (​ស្លាប់​) អ្នករួមដំណើរ​ជនបរទេស ​ទី១-​ឈ្មោះ​ ARTTU JOHANNES HIETA មុខរបរ​ទេសចរណ៍។ ​ទី​២-​ឈ្មោះ​ LASSE MIKAEL APAJASALM (​ស្លាប់​ទាំងពីរ មិន​ដឹង​សញ្ជាតិ)។

ក្នុង​ហេតុការណ៍​នេះ​ដែរ ​ក្រោយ​រថយន្ត​បុក​រ៉ឺម៉ក​ម៉ូតូ ​​មិន​ទាន់​អស់​ល្បឿន​ ក៏​ទៅ​បុក​ម៉ូតូ​ហុងដា​C 100 ​ដែល​ចត​ស្ងៀម​បណ្ដាល​ឲ្យ​ ខូច​ស្រាល ម្ចាស់​ម៉ូតូ មិន​របួស​ទេ ឈ្មោះ ស៊ុំ ហ៊ីម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ផ្ទះ​លេខ 146 Eoz ផ្លូវ 63 សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បញ្ជាក់​ថា​ ក​រ​ណី​នេះ​បានប្រគល់​ឲ្យ​ចរាចរណ៍​ក្រុង វាស់វែង​យកមក​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​ក្រុង ដើម្បី​ដោះស្រាយ​។​

បច្ចុប្បន្ន​ សព​ទាំង​៣​នាក់​ ត្រូវបាន​ដឹក​យកទៅ​តម្កល់​នៅ​ឯ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu