បាត់ដំបង ៖ ប្រជាពលរដ្ឋក្នុងស្រុកបាណន់ ក៏ដូចជាមតិមជ្ឈដ្ឋានទូទៅបាននិយាយព្រមៗគ្នាថាប្រាសាទបុរាណវប្បធម៌ប្រវត្តិសាស្ត្រ(ស្នឹង) ដែលមានភូមិសាស្ត្រនៅប៉ែកខាងលិចខេត្តបាត់ដំបងកំពុងស្ថិតក្នុងភាពឯកាមិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ ចូលទស្សនាកម្សាន្តនោះទេ។
ចាស់ព្រឹទ្ធាចារ្យ លោកតា ជិម គូ បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ថា បច្ចុប្បន្នប្រាសាទស្នឹង មិនសូវមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិប៉ុន្មានទេ រយៈពេលពី៣ ទៅ៤ថ្ងៃ ទើបគេឃើញមានភ្ញៀវបរទេសចូលទស្សនាម្តង ពេលខ្លះ១ម៉ូតូ និងពេលខ្លះទៀត១ឡានចំណែកឯភ្ញៀវជាតិវិញ ស្ទើរមិនមានសោះតែម្តង លើកលែងតែមានកម្មវិធីបុណ្យទាននានា ដែលធ្វើនៅក្នុងវត្ត ឬពេលដែលប្រជាពលរដ្ឋចូលទៅបួងសួង និងបន់ស្រន់ម្ដងម្កាលតែប៉ុណ្ណោះ។
ចំណែកប្រាសាទដែលស្ថិតនៅក្នុងបរិវេណវត្តស្នឹងនេះ មានចំនួន៤ប្រាង្គ ដោយប្រាង្គចំនួន១ ដែលមានទីតាំងនៅផ្នែកខាងកើត ឆៀងខាងជើងវត្ត សាងសង់ពីថ្មភក់ជាប្រាសាទរបស់ស្ដេចក្រាញ់លោកយាយ(ទែន) និងប្រាង្គប្រាសាទចំនួន៣ទៀត មានទីតាំងស្ថិតនៅចំពីក្រោយព្រះវិហារ ដែលសាងសង់ពីថ្មដុតជាប្រាសាទរបស់ស្ដេចក្រាញ់ ឈ្មោះលោកតា(រា) ត្រូវជាស្វាមីរបស់លោកយាយ(ទែន)។
លោកតា ជិម គូ បានបង្ហាញទស្សនៈក្នុងនាមអតីតគណៈកម្មាធិការអាចារ្យវត្ត(បថូបថាបថារាំ) ហៅវត្តស្នឹងថា លោកសូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយស្ទួយលើកនូវផែនការ ឬដាក់ជាគម្រោងក្នុងការរៀបចំជួសជុលប្រាង្គប្រសាទខាងលើផង ព្រោះប្រាសាទបុរាណស្ថិតនៅលើដីទួលក្នុងបរិវេណវត្តស្នឹងនេះ មានអាយុកាលជាច្រើន ឆ្នាំចាស់ទ្រុឌទ្រោម និងពុកផុយក្បាច់រចនា ដោយអន្លើៗមួយចំនួនធំទៅហើយ ដើម្បីជាប្រយោជន៍ទាញការចាប់អារម្មណ៍ឡើងវិញ ពីភ្ញៀវជាតិ អន្តរជាតិ និងដើម្បីបង្ហាញទៅដល់ពិភពលោកឲ្យគេស្គាល់នូវកេរ្តិ៍ដំណែលបុរាណរបស់ដូនតាខ្មែរ បានកាន់តែទូលំទូលាយ ម្យ៉ាងទៀតក៏ជួយទាញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ តាមរយៈការលក់ដូរផងដែរ។
លោក រ៉េត រឿម ប្រធានការិយាល័យព័ត៌មាន នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងផងដែរថា ប្រាសាទស្នឹង ជាគោលដៅទេសចរណ៍វប្បធម៌មួយ មានទីតាំងនៅក្នុងភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ និងស្ថិតនៅប៉ែកខាងលិចក្រុងបាត់ដំបង ចម្ងាយប្រមាណជាង២០គីឡូម៉ែត្រ តាមបណ្ដោយផ្លូវលេខ៥៧។ ប្រាសាទនេះ កសាងឡើងក្នុងកំឡុងសតវត្សទី១២ បែងចែកជាពីរផ្នែកគឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។
តាមរបាយការណ៍ពីហ្វេសប៊ុកផេករបស់មន្ទីរទេសចរណ៍ខេត្ត ក៏បានបង្ហាញដែរថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចូលមកលេងក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៨កន្លងមក សរុបចំនួន៦៦៨,៣៣២នាក់ កើនជាងឆ្នាំចាស់៨.១២% ខណៈឆ្នាំ២០១៧ មានភ្ញៀវត្រឹមចំនួន៦១៨,១៣៩នាក់ប៉ុណ្ណោះ។
បើទោះបីយ៉ាងណា ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក១នេះ សូមអំពាវនាវដល់បណ្ដាយុវជន ឬប្រជាពលរដ្ឋទាំងអស់ គួរនាំគ្នាមកស្វែងយល់ ឬទស្សនាកម្សាន្តនៅប្រាសាទដ៏វ័យចំណាស់១នេះផង កុំទុកឲ្យស្ថិតនៅក្នុងភាពឯកាតទៅទៀត ណាមួយអ្នកដែលបានចូលបន់ស្រន់ ក៏អះអាងថា ពិតជាសក្ដិសិទ្ធិពេលពួកគាត់ទៅបន់ស្រន់ម្តងៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments