Ad Code

លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​នៅ​សង្កាត់​គោក​ឃ្លាង



ភ្នំពេញ ​៖ ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០ ១៩ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ចុះ​អប់រំ​សុខភាព​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​រស់នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។



លោក សាស្ត្រាចារ្យ សា​ផុន​វឌ្ឍនៈ​សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រា​សុខាភិបាល​បាន​មានប្រសាសន៍ថា ​គោលបំណង​ក្នុងការ​ចុះមក​ពិនិត្យ​ព្យាបាល​ជួន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ដើម្បី​បង្ខិត​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ជិត​ជាមួយ​ប្រជាពលរដ្ឋ​និង​ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​ការ​លំបាក​និង​ការ​ចំណាយ​របស់​ពួកគាត់​ផងដែរ​ពិសេស​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព វ័យចាស់​ជរា ស្ត្រី​មេម៉ាយ​ជាដើម។



លោក​សាស្ត្រាចារ្យ​សា​ផុន​វឌ្ឍនៈ​បាន​បន្ត​ថា ​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នាពេលនេះ​រួមមាន​ជំងឺ​ភ្នែក ធ្មេញ ត្រចៀក ពិនិត្យ​ជំងឺ​ទូទៅ ពិនិត្យ​ផ្ទៃពោះ មើល​អេកូ ពិនិត្យ​បេះដូង​និង​ជំងឺ​មួយចំនួនទៀត។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា ​ក្នុងករណី​អ្នកជំងឺ​ដែល​ត្រូវ​វះកាត់​នឹង​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​នានា​ព្រោះថា ​ការ​ព្យាបាល​នេះ​គឺ​មើល​ទៅលើ​ជំងឺ​ស្រាលៗ​ប៉ុណ្ណោះ។



មានប្រសាសន៍​សំណេះសំណាល នា​ឱកាស​នោះ​លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុន សែន​ ជូន​ដល់​លោកតា​លោកយាយ​មាមីង​ពូ​និង​ក្មួយៗ​ ដែល​បាន​អញ្ជើញ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ទី​នេះ​ព្រោះថា​សម្តេច​តែងតែមាន​ក្តី​កង្វល់​ខ្លាំង​ណាស់​ចំពោះ​សុខទុក្ខ​និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។



លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង​ បាន​មានប្រសាសន៍​ការ​ចុះ​ព្យាបាល​ជួន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​យើង ដើម្បី​ផ្ដល់នូវ​ភាពងាយស្រួល ដល់​ប្រជាជន​កាន់​តែ​ច្រើន ក្នុងការ​ការពារ​សុខ​ភាព ឲ្យ​បាន​កាន់តែ​ប្រសើរ​។

ទន្ទឹមនឹងនេះ​ គឺ​ផ្តល់​ការព្យាបាល​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ នយោបាយ ឬ​សាសនា ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ពិសេស ផ្តល់​ជំនាញ​ដល់​និស្សិត​ពេទ្យ ឲ្យ​កាន់​តែមាន​ជំនាញ​បន្ថែម​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​រដ្ឋ​មន្ត្រី​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ហើយ​នៅពេល​មាន​បញ្ហា​សុខភាព​សូម​ប្រញាប់​រួសរាន់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​និង​និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​ពិសេស​ត្រូវអនុវត្ត​គោលការណ៍​អនាម័យ ហូប​ស្អាត រស់នៅ​ស្អាត​និង​ផឹក​ស្អាត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​តាមរយៈ​ទឹក​និង​ចំណី​អាហារ​ដែល​មិន​ស្អាត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu