ភ្នំពេញ ​៖ ​លោក បណ្ឌិត អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​សិស្ស​និ​ស្សិត និង​យុវជន​កម្ពុជា​ទាំងអស់​ទាំង​អ្នកមាន​ការងារ​ធ្វើ​និង​អ្នក​ដែល​មិនទាន់មាន​ការងារ​ធ្វើ​ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ថ្មីៗ​និង​មាន​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​ដែល​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។



ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​ជាង​៦០០​នាក់​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​នៅ​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​មុខជំនាញ​ដែល​សិស្ស​និស្សិត​គួរតែ​សិក្សា​រួមមាន​គ្រឿង​យន្ត អគ្គិសនី អេ​ឡិច​ត្រូ​និ​ច ជំនាញ​សំណង់​និង​វិស្វករ​ជាដើម​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចំរើន​វិទ្យាសាស្ត្រ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​ពិសេស​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ដែល​ផ្តោតទៅលើ​បច្ចេកវិទ្យា​អ៊ិន​ធឺ​ណែ​ត​។



លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​បច្ចេកវិទ្យា​ទំនើប​នេះ​ កំពុង​ជះឥទ្ធិពល​ដល់​ការផ្លាស់ប្តូរ​របៀបរបប​នៃ​ប្រតិបត្តិការ​អាជីវកម្ម​ និង ​ការងារ​គ្រប់​ប្រភេទ​ដូចជា​សេវា​រថយន្ត​តាក់ស៊ី សេវា​ធនាគារ​-​ហិរញ្ញវត្ថុ ការទិញ​-​លក់ទំនិញ ឬ​ការ​កក់​សណ្ឋាគារ​ និង សំបុត្រ​យន្តហោះ​ជាដើម​តាមរយៈ​ការប្រើប្រាស់​ស្វ័យប្រវត្តិកម្ម មនុស្ស​យន្ត​និង​បញ្ញា​សិប្ប​និមិត្ត​ជំ​នួស​ឲ្យ​កម្លាំង​ពលកម្ម​និង​បញ្ញា​មនុស្ស​វិញ​។

លោក​បណ្ឌិត អ៊ិត​សំហេង​បាន​បញ្ជាក់ថា ​ស្ថិត​ក្នុង​បរិការណ៍​នេះ ទាមទារ​ឲ្យ​កម្ពុជា​ចាំបាច់​ចាប់​យក​គំរូ​និង​យុទ្ធសាស្ត្រ​កំណើន​ថ្មី​ដោយ​កែប្រែ​ពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស​ទៅប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​វិញ ​ដើម្បី​ជំរុញ​ផលិតភាព​ការងារ ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។



លោក គា បូរ៉ា​ត នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គំនិត​នេះ​ព្រោះ​ជួយ​ឲ្យ​និស្សិត​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​ពេល​រៀន​ចប់​។​ ជាក់ស្តែង​សិស្ស​និស្សិត​ដែល​រៀន​ចប់​ពី​វិទ្យាស្ថាន​មាន​ប្រមាណ​៩៦​ភាគរយ​ ដែល​មាន​ការងារ​ធ្វើ​និង​ទទួល​បាន​ប្រាក់ខែ​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

ចំណែក កញ្ញា ហេង ម៉េង​គីម និស្សិត​ដែល​ទើប​ទទួលបាន​សញ្ញាបត្រ​ផ្នែក​ជំនាញ​គណនេយ្យ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និង​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​ធនាគារ​អេស៊ីលីដា​បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ជំនាន់​ក្រោយៗ​ត្រូវខិតខំ​រៀន​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​និង​ព្យាយាម​ស្វែងរក​បទពិសោធន៍​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​នានា។



កញ្ញា​បាន​បន្ត​ថា ​«​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្អូនៗ​និស្សិត​ជំនាន់​ក្រោយ​ត្រូវ​ខិតខំ​ប្រែង​ប្រែង​រៀនសូត្រ​និង​ត្រូវ​ចេះ​ស្វែងរក​បទពិសោធន៍​ពី​ស្ថាប័ន​ផ្សេងៗ​បើទោះបីជា​កំពុង​សិក្សា​ក៏ដោយ​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​ពេល​កំពុង​សិក្សា​និង​ពេល​បញ្ចប់​ការសិក្សា​។

យ៉ាងណាក៏ដោយ​លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​អះអាងថា ​«​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​នូវ​ក្តី​សរសើរ​ដោយ​ស្មោះ​ចំពោះ​ក្មួយៗ​ជ័យលាភី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​បុគ្គលិក​សិក្សា​ទាំងអស់ នៃ វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត ដែល​បានសម្រេច​លទ្ធផល​ល្អប្រសើរ​លើ​គ្រប់ផ្នែក ក្នុងការ​បំពេញភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ក្នុង​ឆ្នាំ​សិក្សា​កន្លងមក​»​។



លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​ដ៏​ថ្លៃថ្លា​នេះ គឺ​ពិតជា​បាន​មក​ពី​ការ​ខិតខំ និង​ស្មារតី​ឧស្សាហ៍​ព្យាយាម​របស់​ក្មួយៗ​និស្សិត ក្នុង​ការ​គោរពវិន័យ និង​ការរៀនសូត្រ ក្រោម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ការអប់រំ និង​ការបង្រៀន​របស់​សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​។ នេះ​គឺជា​ជោគជ័យ​ថ្មី​មួយ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ​បណ្តុះបណ្តាល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​របស់​រាជរដ្ឋាភិបាល ដែលជា​និច្ចកាល​យកចិត្ត​ទុកដាក់​ការកសាង​ជំនាន់​យុវវ័យ​សម្រាប់​បន្តវេន។

គួរ​បញ្ជាក់​ថា ​ការជំរុញ​ឲ្យ​សិស្ស​និស្សិត​រៀន​ជំនាញ​វិជ្ជាជីវៈ​ថ្មីៗ​នេះ​ដោយសារ​បច្ចុប្បន្ន​មាន​និស្សិត​មួយចំនួន​សិក្សា ផ្នែក​គ្រប់គ្រង ព័ត៌មានវិទ្យា រដ្ឋបាល ធនាគារ និង​សេដ្ឋកិច្ច​ជាដើម​ដែល​មិនបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​៕



Source: Kampuchea Thmey Daily