Ad Code

លោក វេ​ង សាខុន ណែនាំ​ឲ្យ រដ្ឋបាល​ព្រៃឈើ បន្ត​បង្ក្រាប​បទល្មើស​ការកាប់​ឈើ និង​ការធ្វើ​ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់ ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ



ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ និង​ផ្តល់ អនុសាសន៍ ឲ្យ រដ្ឋបាល​ព្រៃឈើ បន្ត​បង្ក្រាប​បទល្មើស​ការកាប់​ឈើ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់ ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ ការកាប់​រាន ដុត ឈូសឆាយ​ដី​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​តាម​គ្រប់​រូបភាព ហើយ​ត្រូវ​ជំរុញ​ការ​បោះបង្គោល​ព្រំប្រទល់​ដែន​ព្រៃឈើ និង​ធ្វើ​បច្ចុប្បន្នភាព​គម្រប​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។



ការណែនាំ​របស់​លោក រដ្ឋមន្ត្រី បានធ្វើ​ឡើង កាលពី ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​វិស័យ​ព្រៃឈើ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ ដែល​ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ និង​សត្វព្រៃ​។ ក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រមាណ ២៥០​នាក់​។​



បន្ទាប់ពី លោក​កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​មានមតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គសន្និបាត រួចមក លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ព្រៃឈើ​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាងសកម្ម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​បំពេញ​ការ ងារ​ក្នុង​រយ​:​ពេល​១​ឆ្នាំកន្លងមក ហើយ​សកម្មភាព​នេះ​កើតឡើង​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​ព្រៃឈើ​។

លោក​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ យុទ្ធសាស្ត្រ និង​ផែនការ​ជាតិ​នានា​ដែល​គាំទ្រ​ដល់​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ប្រកបដោយ​ចិ​រ​ភាព ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។​ល​។ ពិសេស​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦​នៃ​រដ្ឋសភា “​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​” ។ ភ្ជាប់​ទៅនឹង​សមិទ្ធផល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​អន្តរ​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​ជួយ​គាំទ្រ សម្របសម្រួល និង​ផ្តល់​កិច្ចសហការ​បាន​យ៉ាង​ល្អ​ប្រសើរ​នា​ពេល​កន្លងមក ហើយ​លោក​សង្ឃឹម និង​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។



​ជាការ​ពិត ក្នុងការ​អនុវត្ត​ការងារ​តែងតែ​ពើបប្រទះ​នូវ​ការលំបាក បញ្ហា​ប្រឈម និង​ការ​ប៉ះទង្គិច តែ​ទោះជា​យ៉ាង​ណា ជាថ្មី​ម្តងទៀត​លោក​សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​រដ្ឋបាល​ព្រៃឈើ​សម្រេច​បាន​នា​ឆ្នាំកន្លងមក​។ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​បន្ត​សម្រាប់​ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី​បានផ្តល់​នូវ​វិធានការ និង​អនុសាសន៍​គន្លឹះ​មួយចំនួន​ដើម្បី​ជា​ទុន​ផ្នែក​ច្បាប់ បច្ចេកទេស និង​គោ​លន យោ​បាយ​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ព្រៃឈើ​យកទៅ​ពិនិត្យ ពិចារណា កែច្នៃ​ឲ្យ​បាន​សមស្រប​ទៅនឹង​ស្ថានភាព និង​កាលៈទេសៈ​ជាក់ស្តែង​នៅពេល​អនុវត្ត​ការងារ។

នា​ឱកាស​នោះ ​លោក រដ្ឋមន្ត្រី​បាន ណែនាំ និង​ផ្តល់ អនុសាសន៍ ឲ្យ រដ្ឋបាល​ព្រៃឈើ អនុវត្ត ដូចតទៅ ទី​១. ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើ ដែល​នឹង​ត្រូវ​កែសម្រួល​ថ្មី ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ព្រៃឈើ​ជាតិ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​កែទម្រង់​បច្ចុប្បន្ន​ក្នុង​បរិបទ​នៃ​តំបន់​ភាវូបនីយកម្ម សំដៅ​ធានា​បាន​ស្ថិរភាព​រឹងមាំ​លើ​ការ​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​ជាតិ​យូរអង្វែង​។ ទី​២. បន្ត​បង្ក្រាប​បទល្មើស​ការកាប់​ឈើ និង​ការធ្វើ​ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់ ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ ចុះ​ស្រាវជ្រាវ រុករក និង​បង្ក្រាប​បទល្មើស​ការកាប់​រាន ដុត ឈូសឆាយ​ដីព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​តាម​គ្រប់​រូបភាព ហើយ​ត្រូវ​ជំរុញ​ការបោះបង្គោល​ព្រំប្រទល់​ដែន​ព្រៃឈើ និង​ធ្វើ​បច្ចុប្បន្នភាព​គម្រប​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ទី​៣. បន្ត​ត្រួតពិនិត្យ តាមដាន និង​ពង្រឹង​ការគ្រប់គ្រង​ការចេញលិខិត​អនុញ្ញាត​ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ​គ្រប់​ប្រភេទ​។ ត្រូវ​គ្រប់គ្រង​រាល់​សកម្មភាព​របស់​ឧស្សាហកម្ម​ឈើ រោងចក្រ សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ឈើ​ឲ្យ​បាន​ហ្មត់ចត់ ព្រមទាំង​ចាត់វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការនាំចេញ​ឈើ និង​ផលិតផល​កែច្នៃ​ឈើ​គ្រប់​ប្រភេទ ដែល​គ្មាន​ការអនុញ្ញាត និង​គ្មាន​ប្រភព​ច្បាស់លាស់​។ ទី​៤. ត្រូវ​បន្ត​ជំរុញ​ការស្តារ​ដាំ​ដុះ​ព្រៃឈើ​ឡើងវិញ​នៅលើ​ដីព្រៃ​រេច​រិល ដី​ព្រៃ​រង​ការ​ធ្វើ​អាជីវកម្ម ដី​ទំនេរ​របស់​រដ្ឋ និង​ដីព្រៃ​ដែល​បាន​ដកហូត​ពី​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បង្កើន​ការបណ្តុះ​កូនឈើ​គ្រប់​ប្រភេទ នៅតាម​ស្ថានីយ​សម្រាប់​ចែកចាយ​ជូន​ប្រជាពលរដ្ឋ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សូចនាករ​ដែល​បានកំណត់​ដោយ​ត្រូវ​ស្តារឡើងវិញ​ចំនួន​២​ម៉ឺន​៥​ពាន់​ហ​ត​ក្នុង​មួយឆ្នាំ​។​ទី​៥. បន្ត​ពង្រឹង និង​ពង្រីក​សហគមន៍​ព្រៃឈើ​ឲ្យ​ចូលរួម​គ្រប់គ្រង​ថែរក្សា​ធនធាន​ព្រៃឈើ បង្កើត​មុខរបរ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​បង្កើន​ចំណូល លើកកម្ពស់​ជីវភាពរ​ស់​នៅ​តាមរយៈ​ប្រព័ន្ធ​ក​សិ​-​រុក្ខកម្ម ការចិញ្ចឹម​សត្វ និង​មិន​ពឹងផ្អែក​ខ្លាំង​លើ​ការយក​ផល​ពី​ព្រៃឈើ​។ ជំរុញ​ការផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាល​ដល់​សហគម​ន៍​ឲ្យ​យល់ដឹង​អំពី​វិស័យ​ព្រៃឈើ ការការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្ត​ភាព​។​ទី​៦. រៀបចំ​បង្កើត​សួន​ភូតគាម​សាស្ត្រ នៅតាម​តំបន់​អេកូឡូស៊ី​រុក្ខជាតិ​ដើម្បី​អប់រំ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ប្រភេទ​រុក្ខជាតិ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ ព្រមទាំង​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ព្រៃឈើ បទបញ្ជា សេចក្តី​ជូន ដំណឹង និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​នៅ​ជា​ធរមាន ហើយ​ត្រូវ​បន្ត​សហការ​រៀបចំ កែសម្រួល​លិខិត​បទដ្ឋាន​ក្រោម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ឲ្យ​បាន​ទាន់​ពេល​វេលា សមស្រប និន្នាការ​រីកចម្រើន​របស់​ប្រទេសជាតិ​។ ទី​៧. ត្រូវ​បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​នានា និង​ស្វែងរក​ដៃគូ​ថ្មីៗ​ទៀត ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ និង​អនុវត្ត​គម្រោងការ​បណ្តុះបណ្តាល​សមត្ថភាព​ដល់​មន្ត្រី ដោយ​បង្កើន​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ​តាម​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​។ ទី​៨. រដ្ឋបាល​ព្រៃឈើ​ត្រូវ​បន្ត​ជំរុញ​ការ​ពន្លឿន​ការចុះបញ្ជី​ប័ណ្ណកម្មសិទ្ធិ ការ​ធ្វើ​អនុប្រយោគ ការរៀបចំ និង​ការ អនុវត្ត​ផែនការមេ​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​មុខ​ធ្វើការ​អភិវឌ្ឍន៍ ប្រយោជន៍​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu