Ad Code

ការ​បើកបរ​បញ្ច្រាស​ផ្លូវ គឺជា​កត្តា​ចម្បង ក្នុង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួនឯង និង​អ្នកដទៃ



ភ្នំពេញ ​៖​ មួយ​រយៈ​ក្រោយ​មកនេះ គេ​​​​សង្កេត​ឃើញ​ជា​ញឹកញាប់​ណាស់​អំពី​ការ​បើកបរ​របស់​បង​ប្អូន​អ្នកដំណើរ​មួយ​ចំនួន​ធំ នា​ពេល​បច្ចុប្បន្ន តែង​នាំគ្នា​បើកបរ​បំពាន​ច្បាប់​ចរាចរណ៍​ជើងគោក ពិសេស​នោះ​ គឺ​ការ​បើកបរ​បញ្ច្រាស​ទិស ឬ​ហៅ​ថា​បញ្ច្រាស​ផ្លូវ​តែ​ម្ដង ដែល​ជា​កត្តា​បំពាន​ច្បាប់​នេះ ងាយ​ណាស់​ចំពោះ​ការ​បង្ក​អោយ​មាន​ជាគ្រោះ​ថ្នាក់​ចរាចរណ៍​បាន​គ្រប់ពេលវេលា។

ជាទូទៅ ​គេ​តែង​កត់សម្គាល់​ឃើញ​ថា កត្តា និង​មូលហេតុ ដែលនាំអោយ​បងប្អូន​ពលរដ្ឋ​អ្នកដំណើរ​មួយចំនួន តែង​នាំគ្នា​បើកបរ​បញ្ច្រាស​ផ្លូវនោះ គឺ​ដោយសារ​មានការ​កកស្ទះ​ល្មមៗ និង​ស្ទះ​ខ្លាំង​ម្តងៗ គឺ​ពួកគាត់​មិន​មាន​ចិត្ត​អំណត់​រង់ចាំ​បើកបរ​នៅ​លើ​ចំណែក​ផ្លូវ​របស់​ខ្លួន​ ដែល​កំពុង​ជិះ​ធ្វើដំណើរ​លើ​ចំណែក​ផ្លូវ​ដែល​ត្រូវ​នោះ​ទេ ទើប​បងប្អូន​ពលរដ្ឋ​អ្នកដំណើរ សម្រេច​ជិះ​ម៉ូតូ​ទៅ​បំពាន​ទាំង​បញ្ច្រាស​ទៅលើ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​របស់​អ្នកដំណើរ​ផ្សេងទៀត​ដែល​គេ​កំពុង​ជិះ​ធ្វើដំណើរ​ស្ថិតនៅ​ផ្លូវ​ចរាចរណ៍​ត្រឹមត្រូវ ។



កត្តា​មួយចំនួនទៀត គឺអាច​បណ្តាលមកពី​បងប្អូន​ពលរដ្ឋ​ជា​អ្នកដំណើរ​ទាំងអស់​​នោះ​ មានការ​ប៉ុនប៉ង​បើក​បំពាន​ទាំង​ខុស​តែម្តង ពោលគឺ​ពួកគាត់​មិន​ខ្លាច​ខុស​នឹង​ច្បាប់​នោះ​ឡើយ តែ​ប្រសិនបើ​នៅ​ទី​នោះ ​មាន​នគរបាល​ចរាចរណ៍​ប្រចាំការ​វិញ គឺ​ពួកគាត់​មិន​ហ៊ាន​បំពាន​ដោយ​ជិះ​ធ្វើដំណើរ​បញ្ច្រាស​ឡើយ។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់ តែង​នាំគ្នា​រិះគន់ និង​សម្តែង​នូវ​អារម្មណ៍​មិន​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ការបើកបរ​ធ្វើដំណើរ​បញ្ច្រាស​ផ្លូវ​របស់​បងប្អូន​អ្នកដំណើរ​មួយចំនួន​ទាំងនោះ។

ពលរដ្ឋ​លើក​ឡើង​ថា ការ​បើកបរ​បញ្ច្រាស​ផ្លូវ​នេះ គឺជា​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ ពិសេស​គឺ​ការ​បើកបរ​ដោយ​មិន​គិត​ពី​ការ​កើតមាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​ជាដើម ដែល​អាច​បង្កអោយមាន​មនុស្ស​រងរបួស ឬ​ស្លាប់​ជាយថាហេតុ​ណាមួយ​ក៏​ថា​បានដែរ។



អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​បន្ថែម​​នោះគឺ​ចំណុច​ភ្លើងស្តុប គឺ​បងប្អូន​អ្នកដំណើរ​មួយចំនួន​តូច មិនដែល​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ដែល​តម្រូវអោយ​ឈប់​នោះ​ទេ គឺ​ពួកគាត់​សុខចិត្ត​នាំគ្នា​ជិះ​បញ្ច្រាស​ផ្លូវ ដើម្បី​ឆ្លងទៅ​ផ្លូវ​ម្ខាង​ផ្សេងទៀត​ដែល​ខ្លួន​ចង់​ធ្វើដំណើរ ជាហេតុ​ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ​ចំពោះ​ការធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ជាដើម។

មតិ​លើកឡើង​របស់​មន្ត្រីនគរបាល​មួយរូប​ដែល​ប្រចាំការ​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ បានលើកឡើងថា ​ការ ការបើកបរ​បញ្ច្រាស​ផ្លូវ​គឺជា កត្តា​បំពាន​ខ្លាំង​ចំពោះ​ច្បាប់​ចរាចរណ៍​ជើងគោក ហើយ​អ្វីដែល​ពិសេស គឺ​ការបើកបរ​បញ្ច្រាស​ផ្លូវ​នេះ វា​ជា​កត្តា​ចម្បង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​គ្រប់ពេល និង​បង្ក​ជា​គ្រោះ​ថ្នាក់​រង​របួស​ដល់​រាងកាយ ឬ​អាយុជីវិត​ជាដើម ទាំង​អ្នកបើកបរ​បញ្ច្រាស​ផ្លូវ និង​ពលរដ្ឋ​ដែល​បើកបរ​លើ​ដង​ផ្លូវ​ត្រឹមត្រូវ​នឹង​ច្បាប់​ចរាចរណ៍៕

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu