Ad Code

ប្រធាន​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា ស្នើ​សុំឱ្យ​យើងទាំងអស់គ្នា​ធ្វើយ៉ាងណា​ខិតខំ​ប្រមូលផ្តុំ​ស្មារតី​បន្ត​អនុវត្ត​ឱ្យបាន​ជោគជ័យ នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល



ភ្នំពេញ ​៖ លោក ជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា បានស្នើ​សុំឱ្យ​យើងទាំងអស់គ្នា​ធ្វើយ៉ាងណា​ខិតខំ​ប្រមូលផ្តុំ​ស្មារតី​បន្ត​អនុវត្ត​ឱ្យបាន​ជោគជ័យ នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

លោកជំទាវ​ប្រធាន​គណៈ​កម្ម​ការ​ទី​៨ នៃ​ព្រឹទ្ធសភា​បានស្នើ​សុំ​នេះ នៅក្នុង​ឱកាស​ដែល​លោកជំទាវ​អញ្ជើញ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រវត្តិ​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​ស្ត្រី​ក្រសួង​ព័ត៌មាន ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ​។



ទាក់ទង​ទៅនឹង​បញ្ហា​ថ្មីៗ​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​សហគមន៍​អឺរ៉ុប​ចាប់ផ្តើម​ដំណើរការ ព្យួរ​នូវ​ប្រព័ន្ធ​អនុគ្រោះ ហៅថា EBA ក្រោម​កម្មវិធី​លើកលែង​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ ទៅកាន់​សហភាព​អឺរ៉ុប​នោះ លោកជំទាវ​បាន​សូមឱ្យ​យើង​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ ជៀសវាង​ការយល់ច្រឡំ​។ លោក ជំទាវ បាន​បញ្ជាក់ថា បញ្ហា​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងការបរទេស​សហ​ប្រតិបត្តិការ អន្តរជាតិ លោក​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​សម្តែង​នូវ​ការខកចិត្ត​ចំពោះ​សហគមន៍​អឺរ៉ុប ដែលមាន​ការចោទប្រកាន់ និង​ធ្វើ​គំនាប​មកលើ​កម្ពុជា ទាំង​ផ្នែក​នយោបាយ ទាំង​ផ្នែក​សេដ្ឋកិច្ច​ផងដែរ​។ ប៉ុន្តែ​យើងទាំងអស់គ្នា​មកដល់​ដំណាក់កាល​នេះ ក្នុងនាម​ជា​អ្នកដឹកនាំ ក្នុងនាម​ស្ត្រី​គ្រប់​រូបយើង​ត្រូវតែ​រួមគ្នា​ប្រែក្លាយ​ទៅជា​ឆន្ទៈ​តែមួយ​។ លោកជំទាវ​ថា បរទេស​មិនមែន​អាក្រក់​ទាំងអស់​ទេ ប៉ុន្តែ​មាន​ក្រុម​បរទេស​មួយចំនួន​ណា​នោះ បាន​យក​លេស​មិន​ត្រឹមតែ «EBA» មក​ដាក់​គំនាប​លើ​កម្ពុជា​ទេ កន្លងមក​កម្ពុ​ជា​មាន​រឿង​ច្រើន​ទៀត ដូច​យើង​ដឹង​ហើយ​នៅ​ឆ្នាំ​១៩៩៣ បើ​យើង​ពិនិត្យ​ឡើងវិញ​សភាពការណ៍​កម្ពុជា​វា​បាន​ឆ្លងកាត់​នូវ​ការ​បត់បែន​ស្មុគស្មាញ​លំបាក​ខ្លាំងណាស់ ទំរាំ​យើង​មាន​ថ្ងៃនេះ​។ ដូច្នេះ​ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ គណបក្ស​របស់​យើង​នៅតែ​ឈរលើ​ស្មារតី​ជាតិខ្មែរ ស្មារតី​ប្រជាជន ខិតខំ​ពុះពារ​ដោះស្រាយ ជាពិសេស​ធានា​ឱ្យបាន​នូវ​សុខ​សន្តិភាព ធានា​ឱ្យ​បាន​នូវ​ការ​ការពារ​បូរណភាព​ដែនដី ធានា​ឱ្យ​បាន​នូវ​ស្មារតី​ឯករាជ្យ​ម្ចាស់ការ​។ ជាថ្មី​ម្តងទៀត​លោកជំទាវ​ស្នើសុំ​ឱ្យ​យើងទាំងអស់គ្នា ធ្វើយ៉ាងណា​ខិតខំ​ប្រមូលផ្តុំ​នូវ​ស្មារតី​បន្ត​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បានដាក់ចុះ​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ ធ្វើយ៉ាងណា​រក្សា​ឱ្យបាន​នូវ​ស្ថេរភាព​នយោបាយ ធ្វើយ៉ាងណា​រក្សា​ឱ្យបាន​ស្ថេរភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង ពិសេស​ស្ត្រី​របស់​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា ពិតមែនតែ​យើង​លំបាក តែ​លំបាក​នេះ​មិនមែន​ដូច​កាលពី​សម័យ​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នៃ​របប​ប៉ុលពត​នោះទេ​។ យើងទាំងអស់គ្នា​ត្រូវតែ​បង្កើន​ស្មារតី​ឯកភាពគ្នា​ចូលរួម​អនុវត្ត​ឱ្យបាន​ជោគជ័យ​កម្មវិធី​នយោបាយ​របស់​គណបក្ស ក៏ដូចជា​របស់​រាជ​រដ្ឋាភិបាល​។​



ទាក់ទង​ទៅនឹង​ប្រវត្តិ​របស់​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ លោកជំទាវ​បានលើកឡើង​ថា សមាគមនារី ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ចាប់កំណើត​ឡើង​ក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​ជួប​នូវ​គ្រោះអាសន្ន ដែល​បង្ក​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុលពត​។ សមាគម​នារី​គឺជា​អង្គការ​ចាត់តាំង​ដ៏​ទូលំទូលាយ មាន​រចនាសម្ព័ន្ធ​ចាត់​តាំងពី​ថ្នាក់​កណ្តាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជានិច្ច​ជា​ជា​កាល​បាន​រួម​ដំណើរ​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ បាន​រួម​ដំណើរ​ជាមួយ​នឹង​ប្រវត្តិ និង​សកម្មភាព​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​បាន​នឹង​កំពុង​រួម​ដំណើរ​ជាមួយ​គណបក្ស និង​ជាមួយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​។ លោកជំទាវ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​កម្ពុ​ជា​មាន​ជាង ៤០០០​អង្គការ​/​សមាគម​ក្រៅ​រដ្ឋាភិបាល ក្នុង​នោះ​មាន​សមាគម​នារី​កម្ពុជា មាន​ប្រវត្តិ​មុនគេ​បង្អស់​តាំងពី​ឆ្នាំ​១៩៧៧​មក​ម្ល៉េះ៕

​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu