Ad Code

ជនជាតិ​ដើម​ភាគតិច​ព្រៅ​នៅ​ភូមិ​ការតូត​ នាំគ្នា​សែនព្រេន​រំលឹក​នូវ​វប្បធម៌​ប្រពៃណី​របស់​ខ្លួន



ស្ទឹងត្រែង ​៖​ ជនជាតិ​ដើម​ភាគតិច​ព្រៅ នៅ​ភូមិ​កា​រតូត ​ឃុំ​កំ​ភុ​ន​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ បាន​នាំគ្នា​សែនព្រេន ឡើង​អ្នក​តា​ភ្នំ សុំ​សេចក្តីសុខ បង្ហាញ​ពី​ប្រពៃណី ទំនៀម​ទម្លាប់​របស់​ខ្លួន សម្រាប់​ឲ្យ​កូនចៅ​ជំនន់​ក្រោយ​បាន​ស្គាល់ និង​ជួយ​បន្ត​អភិរក្ស។

លោក​ទាង​ ប៊ុន​ណាត ​អាយុ​៧៨​ឆ្នាំ​ជា​ចាស់ទុំ (​មេកន្ទ្រាញ​ជនជាតិ​ព្រៅ​)​ ដឹកនាំ​ពិធី​សែន​ឡើងអ្នកតា​ភ្នំ​បាន​បញ្ជាក់​ថា​ ៖ ​ពិធី​សែន​អ្នកតា​ភ្នំ​នេះ បងប្អូន​ជនជាតិ​ព្រៅ ក្នុង​ភូមិ​ សុំឱ្យ​មាន​សេចក្តីសុខ​ចម្រើន​កូនចៅ​រស់នៅ​ក្នុងភូមិ ​កុំឱ្យ​កើយ​ជំងឺ​ឈឺ​ថ្កាត់ ទោះ​បីថា​ផ្នែក សម្ភារៈ សំលៀកបំពាក់ ភាសា ត្រូវបាន​ប្រែក្លាយ​អស់​ទៅ​ហើយ​ក៏ដោយ តែ​ពិធី​សែនព្រេន​នេះ​មិន​បោះបង់​ទេ។



លោក​បន្ថែម​ថា ​៖​ «តាំងពី​ឆ្នាំ​១៩៩០​មក បងប្អូន​ជនជាតិ​មួយ​ចំនួន បាន​​​បែងចែក​ភូមិ​ទៅ​រស់នៅ​ផ្សេងៗ​ពីគ្នា ​តែ​ការ​គោរព​ប្រពៃណី​របស់​ជនជាតិ (​ព្រៅ -​ព្នង -​គួ​យ -​ទំពួន -​ចា​រាយ​- ស្ទៀង​- គ្រឹ​ង​)​នៅតែ​ត្រូវ​បាន​ធ្វើ​​​ឡើង​​​​ដូចគ្នា ក្នុង​មួយ​ឆ្នាំមាន​២​ដង​ ហើយ​ខែមាឃ​នេះ​ថ្ងៃ​៩​កើត​១​ដង ហើយ​ខែ​ពិសាខ​នេះ ក៏​ម្តង ​ចំ​ស្រែ​ម្តង​នេះ ធ្វើស្រែ​ធ្វើ​ចម្ការ​បាន​សុខ​សាន្តត្រាណ ក្នុង​ភូមិករ តាំងពី​ជ្រូក​មាន់​ទា​អី​គោក្របី​ឱ្យ​សុខ​សាន បើ​យើង​មិន​ធ្វើ​ទេវា​អន្តរាយ​ ​ ​ជំនឿ​ណា​គឺ​គោរព​អញ្ចឹង​តែ​ម្តង ហើយ​បើសិនជា​ខ្ញុំ​ឧទាហរណ៍​ថា​វា​អស់​និស្ស័យ​ហើយ​មាន​ត​ ដល់​អំបូរ​ចាស់ទុំ​បន្តៗ​ទៀត​អត់​ចេះ​បាត់​ទេ ​តែ​ប៉ុណ្ណឹង​អត់ឱ្យ​បាត់​ទេ​ប្រពៃណី»។

លោក​ឡឹង​សុន ជនជាតិ​ព្រៅ​នៅ​ភូមិ​កា​រតូត​នេះ​បាន​លើកឡើងថា ​៖ «​ពិធី​នេះ​មិន​ខុសពី​បងប្អូន​ខ្មែរ​ធ្វើបុណ្យ​ចូលឆ្នាំ​នោះទេ តែ​បងប្អូន​ជនជាតិ មិនបាន​ទៅធ្វើ​នៅ​វត្ត មក​ធ្វើ​នៅ​រោង​អ្នកតា ជាទី​កន្លែង​គោរពបូជា»។



លោកស្រី​ថា ​៖​ លើក​នេះ​ ក៏​ដូច​សព្វដង​ដែរ មេកន្ទ្រាញ​តែង​កោះហៅ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ប្រមូលគ្នា​យក​អាហារ នំចំណី មកជួបជុំ​សែនព្រេន នៅ​ចំពោះមុខ​អ្នកតា​ភ្នំ វា​មាន​មាន់ អង្ករ បង្អែម អន្សម យកមក​ថ្វាយ​អារក្សអ្នកតា ៣​អារក្ស ៤ អារក្ស ដូច​ថា អារក្ស​នាង​តែង ខាង​ណេះ អារក្ស​នាង​ណ​យ​ខាង​នេះ ហើយ​ខាង​ស្រែ​ថុង តា​ដាំ​ឌួង គេ​ហៅ​គេ​ប្រាប់​ឈ្មោះ គេ​ចូលមក​គេ​ប្រាប់​ដើម្បី​ជួយ​រឿង ថែ​ឱ្យបាន​សុខ​សប្បាយ​ទាំងអស់គ្នា​។​

អ្នកស្រី​វេ​ង សារឿន ជា​ជនជាតិ​ព្រៅ​នៅ​ភូមិ​នេះដែរ​ បាន​បញ្ជាក់​ថា ​៖​ កូនចៅ​ជនជាតិ​មិនដែល​មើលរំលង ប្រពៃណី​ទេ តែង​គោរព​តាម​ចាស់ទុំ​ដឹកនាំ ធ្វើ​ពិធី​ដែន​ព្រេន​ជា​រៀងរាល់​ឆ្នាំ ព្រោះ​និយម​ថា​ ពេលធ្វើ​ហើយ​ទទួលបាន​សេចក្តីសុខ​ចម្រើន ក្នុងការ​រស់នៅ និង​ដំ​ដំណាំ​​​ផ្សេងៗ​ដាក់ចុះ​ដុះ​ឡើង​បាន​ផ្លែផ្កា។

សូមបញ្ជាក់ថា ​៖ បងប្អូន​ជនជាតិ​ធ្វើ​ពិធី​សែន​នេះ​ទៅតាម​អំបូរ​រៀងខ្លួន​ដូចជា -​សែន​ឡើងអ្នកតា​ភ្នំ​សុំ​សុខ​ចម្រើន – សែន​ស្រូវ​ឡើង​ជង្រុក​ទុក​ភោគផល​ឱ្យ​គង់វង្ស​-​សែន​ប្រ​យុង​ស្រែ​ឱ្យ​អ្នកតា​ជួយ​ការពារ​កុំឱ្យ​មាន​សត្វ​ចង្រៃ​យាយី​-​និង​សែន​លាបំណន់​សង​កុំ​ឱ្យ​មាន​ជាប់ជំពាក់​បំណុល​ជាដើម​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu