ប៉ៃលិន ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយរដ្ឋបាលខេត្ត បានលើកយកបញ្ហាព្រះសង្ឃមួយចំនួន ដែលមិនគោរពវិន័យសង្ឃ ព្រមទាំងជំរុញឲ្យមន្ទីរធម្មការ និងសាសនា គួរតែពិនិត្យឡើងវិញនូវបញ្ហានេះ។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត ព្រមទាំងលោក-លោកស្រី ប្រធាន-អនុប្រធាន មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នយ៉ាងច្រើនកុះករ។
សមាជិក នៃអង្គប្រជុំ ក៏បានលើកឡើងអំពីបញ្ហាប្រឈមនានា ដើម្បីពិនិត្យ និង ធ្វើការដោះស្រាយរួមមាន៖ទី០១.ម្ចាស់សហគ្រាសការងារធំៗជុំវិញខេត្តមួយចំនួននៅខ្វះការសហការជាមួយអាជ្ញាធរមូលដ្ឋាននៅឡើយ,ទី០២.បញ្ហាការសាសងសង់រោងការតាមផ្លូវថ្នល់ នៅតែសង្កេតឃើញកើតមានឡើងនៅទីប្រជុំជន ដែលបានបង្កជាបញ្ហាកកស្ទះចរាចរណ៍ និងងាយរងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងបញ្ហាសមត្ថកិច្ចមួយចំនួន ដែលបានយាមតាមរោងការខ្វះទំនួលខុសត្រូវលើការងារ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងទី០៣.បញ្ហាមន្ទីរធម្មការនិងសាសនាខេត្តគួរពិនិត្យឡើងវិញ នូវព្រះសង្ឃមួយចំនួនតាមវត្តអារាម ដែលមានភាពមិនប្រក្រតី ភាពអនាធិបតេយ្យនៅតាមទីវត្តអារាម ព្រមទាំងខុសវិន័យសង្ឃជាដើម។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា ៖ បញ្ហា ដែលសមាជិក នៃកិច្ចប្រជុំបានលើកឡើង នៅពេលនេះ រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ខិតខំដោះស្រាយឲ្យបានទាន់ពេលវេលា ដោយកន្លងមក រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់ ជំរុញដល់មន្ទីរជំនាញ និង អង្គភាពពាក់ព័ន្ធទាំងអស់ ប្រឹងប្រែង ដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតឡើងមានក្នុងខេត្តបានជាបណ្តើៗ ។ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ៖ ចំពោះបញ្ហាភូមិ/ឃុំមានសុវត្ថិភាព ជាបញ្ហាសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មានតួនាទីសំខាន់ណាស់ ក្នុងការគ្រប់គ្រងព័ត៌មាន និងបញ្ហាផ្សេងៗ ដោយផ្ទាល់ ធ្វើយ៉ាងណា ត្រូវមានកិច្ចសហការល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ កុំឲ្យកើតមានក្នុងមូលដ្ឋានជាដាច់ខាត។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរ ដល់គ្រប់អង្គភាពមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀបចំធ្វើសន្និបាតថ្នាក់ខេត្ត និងប្រារព្ធទិវាសិទ្ធនារីអន្តរជាតិ ដែលនឹងត្រូវរៀបចំ ក្នុងពេលឆាប់ៗខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២ នេះដែរ ឯកឧត្ដម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរស្ថាប័នជុំវិញខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តខិតខំរួមគ្នា សហការធ្វើការដោះស្រាយបញ្ហា រាល់ទុកកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវអនុវត្តន៍ការងារ គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments