Ad Code

ចុះ​ធ្វើ​អនាម័យ​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​ដង​វិថី និង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​វិមាន​ឈ្នះ​ឈ្នះ ខណៈ​វិមាន​ឈ្នះ​ឈ្នះ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ខ្លាំងក្លា



ភ្នំពេញ​ ៖ អនុវត្ត​តាម​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឃើញថា​នៅ​ថ្ងៃទី​១៣ កុម្ភៈ ២០១៩​នេះ កម្លាំង​កម្មករ ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន ទ្រី បានធ្វើ​សកម្មភាព ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​ដង​វិថី និង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​នៃ​វិមាន​ឈ្នះ​ឈ្នះ ខណៈ​វិមាន​ឈ្នះ​ឈ្នះ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃនោះ​។



មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃទី​១៣ កុម្ភៈ ២០១៩​នេះ កម្លាំង​កម្មករ​ក្រុមហ៊ុន ប្រមូល​សំរាម​ស៊ិន ទ្រី បាន​ធ្វើ​សកម្មភាព​សម្អាត អនាម័យ ដោយ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​ដង​វិថី និង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ឱ្យ​ស្អាត​ជាប្រចាំ ហើយ​ការ​ធ្វើ​សកម្មភាព​នេះ គឺ​ក្នុង​គោលបំណង​សំខាន់​ដូចខាងក្រោម​៖
១- ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​អញ្ជើញ​មក​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ដើម្បី​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​នៃ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។
២- វិមាន​ឈ្នះ​ឈ្នះ នាពេល​បច្ចុប្បន្ន​ក៏បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ និង​កន្លែង​លំហែកាយ​នាពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ចំនួន​ប្រហែល​ពី ២០០ ទៅ ៣០០ នាក់ និង​ថ្ងៃ​បុណ្យទាន ប្រហែល​ពី ២០០០ ទៅ ៥០០០ នាក់ (​ចូលឆ្នាំ​ចិន​កន្លងទៅ​) ដែល​អាចជួយ​កាត់បន្ថយ​ការ​កាក​ស្ទះ​នៃ​តំបន់​កំសាន្ត​នានា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។



មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​រៀប​ចំ​បុគ្គលិក​ចំនួន ២០​នាក់ ដើម្បី​ប្រចាំការ​មើលថែ​សួន ស្រោច​ដើមឈើ សម្អាត​បង្គន់​អនាម័យ និង​មើល​អំពូល​ភ្លើង​ជាប្រចាំ​ថ្ងៃ​។ ចំណែក​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​ទទួលខុស​ត្រូវ​ការងារ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ជាប្រចាំ​ថ្ងៃ​។

គួរ​រំ​លឹក​ថា កាលពី​រសៀល​ថ្ងៃទី​១២ កុម្ភៈ ២០១៩ ក្នុង​កិច្ចប្រជុំ​ស្ដីពី​សម្រួល​ការងារ​ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ នៅ​សាលា​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​មន្ទីរ​សាធារណៈ​ការណ៍​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​រួមគ្នា​ថែរក្សា​ឲ្យ​បាន​ស្អាត ពិ​សេស​បញ្ហា​សំរាម​នៅ​ក្រៅ​និង​ខាងក្នុង​វិមាន​ឈ្នះ​ឈ្នះ ហើយ​ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ក៏​ត្រូវ​ពង្រឹង​បន្ថែម​លើ​បញ្ហា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​ទៅលេង​កម្សាន្ត​នៅ​វិមាន​ឈ្នះ ឈ្នះ​នេះដែរ​។



គួរ​បញ្ជាក់​ថា វិមាន​ឈ្នះ​ឈ្នះ​បាន​រៀបចំឡើង​នៅ​ចម្លាក់ ស្តីពី​ទិវា​ចងចាំ​ឆ្ពោះទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​ចម្លាក់​ដំណើរ​ជាតិ​កម្ពុ​ជានា​ទសវត្ស​ឆ្នាំ​៨០ និង​ដើមឆ្នាំ​៩០ ដាក់​តាំង​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រៅ​វិមាន​។

គួរ​បញ្ជាក់​ទៀត​ដែរ​ថា វិមាន​ឈ្នះ​ឈ្នះ​ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​សង់​នៅ​ផ្ទៃដី​ចំនួន​១៥​ហិកតា ដែល​មាន​កំពស់​វិមាន​ចំនួន​៥៤​ម៉ែត្រ ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu