ក្លិបបាល់ទាត់បឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ដែលជាក្រុមជើងឯករងឆ្នាំចាស់បានប្រកាសថា នឹងរៀបចំកម្មវិធីសន្និសីទសារព័ត៌មានផ្លូវការមួយនៅផ្សាទំនើបអ៊ីអនសែនសុខ ក្នុងថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះពោលគឺធ្វើឡើងមុនរដូវកាលថ្មីឆ្នាំ២០១៩ ចាប់ផ្តើម។
លោក បែ មករា អ្នកចាត់ការក្លិបបាល់ទាត់បឹងកេត បានបង្ហាញពីរបៀបវារៈប្រាប់សារព័ត៌មានថា «កម្មវិធីនឹងយើងនឹងបង្ហាញពីសមិទ្ធផលនៅឆ្នាំចាស់, គោលដៅឆ្នាំថ្មី, បង្ហាញពីឯកសណ្ឋាន និង sponsor ថ្មី, កីឡាករថ្មី។ ក្រៅពីនោះយើងមានរង្វាន់សម្រាប់អ្នកគាំទ្រយើងមួយចំនួនដែលមានសកម្មភាពខ្លាំង ហើយនឹងមានរង្វាន់សម្រាប់កីឡាករមួយចំនួនទៀតដែរ»។
សូមរំលឹកថា ក្រុមបឹងកេត កាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ Metfone Cambodian League មាន៤៩ពិន្ទុ ក្រោយឈ្នះបាន១៥ លើក ហើយស្មើគ្នាបាន៤ លើកនិង ចាញ់៣ប្រកួត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយក្រោយចាញ់ក្រុមណាហ្គាវើល។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ ,២០១៤ និងឆ្នាំ២០១៨ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៧និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments