ភ្នំពេញ ៖ នាពេលកន្លងទៅថ្មីៗអតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិនកញ្ញាឯក សុជាតាហៅសាសាធ្លាប់បាននិយាយស្ទើរខះទឹកមាត់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនដើម្បីឲ្យសាធារណជនបានជ្រាបថា ករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២សីហាគ្មានអ្វីពាក់ព័ន្ធនឹងនាងនោះឡើយ។
ការអះអាងរបស់នាងគឺគ្រាន់តែជាការគេចវេះមួយតែប៉ុណ្ណោះ ពោលការពិតនៅតែជាការពិតដូចពាក្យចាស់មួយឃ្លាតំណាលថា “ដំរីងាប់មិនអាចយកចង្អេរបាំងជិតនោះឡើយ” ដែលនេះអាចសបញ្ជាក់ឲ្យឃើញច្បាស់ក្រឡែតថា នាងសាសាកំពុងតែនិយាយកុហកមហាជនយ៉ាងប្រាកដ។
ពាក្យរិះគន់របស់មហាជនបានចាក់ស្រោចមកលើសាសាប្រៀបបាននឹងព្យុះទីហ្វុងទៅហើយ ហើយក៏មានអ្នកខ្លះលើកឡើងថា នៅពេលដែលខ្លួនជួបគ្រោះថ្នាក់ខំប្រឹងស្រែករកយុត្តិធម៌លុះខ្លួនឯងបង្កគ្រោះថ្នាក់បើកឡានទាំងស្រវឹងបុកអ្នកដទៃបែរជាមិនហ៊ានប្រឈមមុខទទួលខុសត្រូវ ហើយថែមទាំងបាននិយាយថា នៅថ្ងៃកើតហេតុនោះនាងកំពុងតែនៅប្រទេសថៃ។ គេនាំគ្នានិយាយរិះគន់កប់ៗមាត់ទៀតថា សាសាហាក់បីដូចជាសត្វជ្រូកដែលរាទឹកក្តៅមិនសមជាអ្នកសិល្បៈដែលថ្លៃថ្នូរទាល់តែសោះ មិនតែប៉ុណ្ណោះនាងថែមទាំងបានបញ្ចេញនូវអត្តចរិតក្រអឺតក្រទមប្រើភាសាអត់សមរម្យមិនស័ក្តិសមជាអ្នកមានទ្រព្យមានឡានជិះតំលៃរាប់សែនដុល្លារនោះឡើយ។
អ្នកដែលធ្លាប់អាណិតនាងក្នុងគ្រាដែលត្រូវបានលោកសុខ ប៊ុននិងអង្គរក្សទាត់ធាក់យ៉ាងដំណំកាលពីដើមខែកក្កដាកន្លងទៅនេះប្រែជាមកខឹងសម្បាសាសានិងនិយាយរិះគន់ដូចជះលាមកទាំងកន្ថោរថានាងមិនចាំបាច់ពោលពាក្យកុហកមហាជននោះទេ ហើយនាងគួរតែហ៊ានទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើកោតតែនាងចេះហាមាត់ប្រកែកទៅរួចថា ឡានទំនើបម៉ាក Porsche ពណ៌សពាក់ស្លាកលេខ 2AD-7888 ដែលបើកបុករ៉ឺម៉កដឹកកកនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងនោះជាឡានរបស់មិត្តភក្តិនាងទៅវិញ ហើយថែមទាំងកុហកខ្លួនឯងនិងមហាជនទៀតថា នៅយប់កើតហេតុនោះនាងមិនបានចូលទៅផឹកស៊ីនៅហាងតោពីរនោះឡើយ។ មជ្ឈដ្ឋានមហាជននិយាយថា ចុះរូបនៅក្នុងកាម៉េរានៃហាងផឹកស៊ីតោពីរក្រុងបាត់ដំបងដែលមានបញ្ជាក់ថ្ងៃខែពេលវេលាជុំគ្នាប្រមាណជិត១០នាក់រួមទាំងនាងផងនោះជារូបនរណា?
កាសែត “កម្ពុជាថ្មី” មិនអាចទាក់ទងសុំការសួរនាំកញ្ញាសាសាបានទេពាក់ព័ន្ធនឹងរឿងរ៉ាងដែលគេសង្ស័យថា នាងបានបើករថយន្តទាំងស្រវឹងបុករ៉ឺម៉កដឹកទឹកកកនៅខេត្តបាត់ដំបងបណ្តាលឲ្យមានមនុស្សរងរបួសកាលពីម៉ោង១១និង៥០នាទីយប់ថ្ងៃទី២សីហាកន្លងទៅនេះ។ ក៏ប៉ុន្តែនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងគេឃើញនាងបានសរសេរសារជាភាសាខ្មែរមួយឃ្លាក្នុងន័យបញ្ជាក់នូវភាពស្អាតស្អំរបស់នាងថា “បើសិនខ្ញុំជាមនុស្សអាក្រក់ សាងតែអំពើបាបមិនដែលធ្វើអំពើល្អសូមឲ្យទេវតាយកជីវិតខ្ញុំក្នុងឆ្នាំនេះចុះ មិនបាច់ទុកឲ្យខ្ញុំមានជីវិតរហូតដល់ឆ្នាំក្រោយទេ”៕
សាសាខំប្រឹងនិយាយកុហកមហាជនស្ទើរខះទឹកមាត់
0 Comments