ភ្នំពេញ ៖ រយៈពេល៣ឆ្នាំហើយ ដែល មាស សម្ជស្ស បញ្ឈប់ការងារពីសិល្បៈទើបគេពុំឃើញនាងបង្ហាញមុខក្នុងកម្មវិធីរបស់មិត្តភក្តិសិល្បៈរួមអាជីព។
ពាក់ព័ន្ធនឹងការសម្តែងភាពយន្តវិញ តារាស្រីមាស សម្ជស្ស គេទើបនឹងឃើញមកបង្ហាញខ្លួនក្នុងខ្សែភាពយន្តរឿង”កំពូលល្បិច”របស់ស្ថានីយទូរទស្សន៍ស៊ីធីអិនដែលបានទទួលតំណែងជាតួម្តាយ។
ជុំវិញរឿងនេះមាស សម្ជស្ស ប្រាប់ថា មូលហេតុដែលនាងពុំសូវបង្ហាញវត្តមានមួយរយៈមកនេះមិនបណ្តាលមកពីផលិតកម្មមិនហៅនាងទេ ឬក៏គូស្នេហ៍ហាមប្រាមមិនឲ្យនាងថតឬក៏ប្រឡូកក្នុងសិល្បៈដែរ ជាក់ស្តែងមកពីមួយរយៈនេះនាងមានការជិនណាយនិងអាជីពសិល្បៈដែលត្រូវចុះថតនៅបណ្តាខេត្តឆ្ងាយៗ។ នាងថាម្យ៉ាងចំណូលនិងចំណាយបានមិនសូវសមស្របទៅតាមការងារនោះទេ ពេលថតចប់មួយរឿងៗបានត្រឹមតែរួចខ្លួន ដូច្នេះនាងថា ទើបនាងចេះតែបដិសេធជាមួយផលិតករដែរចេះតែហៅនាងទៅថត។
តាមការបង្ហាញរបស់មាស សម្ជស្ស ប្រាប់ថា នាងពុំបានជួបបញ្ហាសេដ្ឋកិច្ចឬត្រូវការប្រជាប្រិយភាពដែលធ្វើឲ្យនាងស្ទុះស្ទាក្នុងការប្រឡូកសិល្បៈនោះទេ។ ពាក់ព័ន្ធនឹងការថតរឿង”កំពូលល្បិច”ឲ្យស៊ីធីអិនចប់នាងក៏ត្រូវឈប់ដែរ ដោយមិនទាន់កំណត់ពេលចូលប្រឡូកជាថ្មីដែរ។
ទន្ទឹមនឹងការលើកឡើងថា តើសម្ជស្សដកខ្លួនពី សិល្បៈជាប់រវល់នឹងមុខជំនួញយ៉ាងណានោះ ព្រោះថ្មីៗនេះមានលេចឮព័ត៌មានថា នាងបម្រុងបោះទុនជាង៥ម៉ឺនដុល្លារ ដើម្បីនាំចូលគ្រឿង សំអាងមកពីសហរដ្ឋអាមេរិកចែកចាយនៅក្នុងស្រុកខ្មែរ។ សម្ជស្សបានប្រាប់ថា ការដែលនាងសម្រេចធីបចោលការងារសិល្បៈមួយរយៈគឺ មិនមែនបណ្តាលមកពីជាប់រវល់ការងារធ្វើជំនួញអីទេ ព្រោះជំនួញសំអាងនោះ ត្រូវគូដណ្តឹងធីបចោល ព្រោះគាត់ជាប់រវល់ការងារនៅសហរដ្ឋអាមេរិក គ្មានពេលមករកស៊ីនៅស្រុកខ្មែរទេ។
គម្រោងរកស៊ីនេះ តាមសំដីមាស សម្ជស្ស បានឲ្យដឹងទៀតថា តាមសម្តីគូដណ្តឹងនាងវិញថា ទាល់តែពួកយើងបានរៀបការហើយសិន ទើបបង្កើតការងាររកស៊ី បើតាមគ្រូទាយថា ទាល់តែពួកយើងរៀបការជាប្តីប្រពន្ធសិន រាសីខ្ពស់និងកាក់កបផងដែរ។ ហើយការរៀបការរបស់មាស សម្ជស្ស នាងថាមិនទាន់កំណត់ទេ ព្រោះគូដណ្តឹងនាងចេញទៅសហរដ្ឋអាមេរិកហើយ លើកនេះ មានរយៈពេល១ឆ្នាំទើបវិលមកស្រុកខ្មែរវិញ ទើបគិតគូររឿងរៀបការតែម្តង៕
មាស សម្ជស្ស សង្សារបង្ខំឲ្យឈប់ជំនួញថ្មី
0 Comments