Ad Code

សិស្ស​ប៊ែ​ល​ធី ២៤១២៧​នាក់ ចូលរួម​ប្រឡង​សំណេរ​ក្រោម​ប្រធានបទ “​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​”



ភ្នំពេញ ​៖ នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​រៀប​ចំ​ការ​ប្រឡង​សំណេរ​របស់​សិស្ស​ចំណេះ​ទូទៅ​ពី​ថ្នាក់​ទី​៧ ដល់ទី​១២ ក្រោម​ប្រធានបទ “​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​” នៅ​គ្រប់​សាខា​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទាំងអស់ ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​ស្វែងយល់​កាន់តែច្បាស់​ពី​អត្ថន័យ​ពិត​នៃ​ទិវា​នេះ​។



តាម​របាយការណ៍​លោក ប៊ុត ឌី​ម៉​ង់ ប្រធាន​ការិយាល័យ​ចំណេះ​ទូទៅ​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បង្កើត កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន ៨ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ រួមមាន​៖
​ទី​១.​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ
​ទី​២.​កម្មវិធី​ពង្រឹងស្មារតី
​ទី​៣.​កម្មវិធី ទស្សនកិច្ច​សិក្សា
​ទី​៤.​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍
​ទី​៥.​កម្មវិធី​ប្រឡង​សំណេរ
​ទី​៦.​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា
​ទី​៧.​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ
​ទី​៨.​កម្មវិធី​កីឡា​។



​លោក ប៊ុត ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់ឆ្នាំ​​សាលា​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​អត្ថន័យ នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ជូន​ដល់​សិស្ស​ប៊ែ​ល​ធី ទាំង ១៩​សាខា នៅតាម​ថ្នាក់ និង​ពេល​គោរព​ទង់ជាតិ ហើយ​ថ្ងៃទី​១៣ កុម្ភៈ​នេះ សាលា​បានរៀបចំ​ឲ្យ​សិស្ស​ចំណេះ​ទូទៅ​ពី​ថ្នាក់​ទី​៧ ដល់ទី​១២ ចំនួន ២៤១២៧​នាក់ ប្រឡង​សំណេរ ក្រោម​ប្រធានបទ “​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​” ដោយ​យក​ពិន្ទុ​ប្រឡង​នេះ គឺ​ត្រូវ​បូក​បញ្ចូល​ជាមួយ​ពិន្ទុ​ប្រឡង​ប្រចាំខែ មុខវិជ្ជា​សីលធម៌​-​ពលរដ្ឋ​។



ក្នុង​ឱកាស​នោះ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា​បាន​មានប្រសាសន៍ ការ​ប្រឡង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​យល់ដឹង​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ នៅ​ថ្ងៃទី​១៤ កុម្ភៈ​។ ដោយ​កន្លងមក​មាន​ការ​យល់​ច្រឡំ​ថា ទិវា​នេះ​ជា​ទិវា​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ដែល​ហេតុ​ធ្វើ​ឲ្យ​ភ្លេច​ការសិក្សា បាត់បង់​សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​។ ម្យ៉ាងវិញទៀត​ទិវា​នេះ​ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិខ្មែរ​យើង​ទេ ទើប​សាលា ប៊ែ​ល​ធី អន្តរជាតិ រៀបចំ​កម្មវិធី​ប្រឡង​នេះ​ឡើង ដើម្បី​ទប់ស្កាត់​សកម្ម​ភាព​មិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ និង​ឲ្យ​សិស្សានុសិស្ស​យល់​ពី​អត្ថន័យ​ពិត​នៃ​ទិវា​នេះ​។



សូម​បញ្ជាក់​ថា សាលា ប៊ែ​ល​ធី អន្តរជាតិ ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង ១៩​សាខា ថ្នាក់​ចំណេះ​ទូទៅ ឆមាស​ទី​២ និង ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី ០៤ មីនា ២០១៩ បង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផងដែរ​៕










Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu