Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន​ ៖​ កម្ពុជា​ធ្លាប់​ក្រី​ក្រលំបាក​ខ្លាំង​ណាស់​ គឺ​យើង​មិន​វិល​ថយក្រោយ​ជាដាច់ខាត



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​នា​ថ្ងៃទី​១៣​ខែកុម្ភៈ​នេះ បាន​លើក​ឡើង​ថា កម្ពុជា​ធ្លាប់​ក្រី​ក្រលំបាក​ខ្លាំង​ណាស់​គឺ​យើង​មិន​វិល​ថយក្រោយ​ជាដាច់ខាត​។ ​ពេលនេះ​យើង​បាន​ងើបឈរ​ដោយ​ខ្លួនឯងបាន​ហើយ​ ត្រូវតែ​បន្ត​ប្រឹងប្រែង​ទៅ​មុខ​ទៀត​ជាមួយនឹង​ក្តី​សង្ឃឹម​ជឿជាក់​ដោយ​មិនត្រូវ​ឲ្យ​មាន​អ្វី​មក​រំខាន​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​ឡើយ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់ថា «​ខ្ញុំ​បាន​មើល​ពី​ក្នុង​រថយន្ត​ជាមួយ​សេចក្តី​រំភើប​រីករាយ​ដែល​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ​និង​ក្មួយៗ​ខិតខំ​ប្រឹងប្រែង​ប្រកបការងារ​ទោះបី​ការងារ​នោះ​តូច​ ឬ​ ធំក្តី គឺ​បងប្អូន​ធ្វើ​ដោយ​ទឹកមុខ​សប្បាយរីករាយ ដើម្បី​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​»​។

សម្តេច​តេ​ជោ​បន្ត​ថា «​កម្ពុជា​ធ្លាប់​ក្រី​ក្រលំបាក​ខ្លាំងណាស់​គឺ​យើង​មិន​វិល​ថយក្រោយ​ជាដាច់ខាត​។ ពេលនេះ​យើង​បាន​ងើបឈរ​ដោយ​ខ្លួនឯងបាន​ហើយ​ត្រូវតែ​បន្ត​ប្រឹងប្រែង​ទៅមុខទៀត​ជាមួយនឹង​ក្តីសង្ឃឹម​ជឿជាក់​ដោយ​មិនត្រូវ​ឲ្យ​មាន​អ្វី​មក​រំខាន​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​ឡើយ​»​។



សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា​ស្ថានភាព​ពិភពលោក​សព្វថ្ងៃ​ក៏​មាន​ការប្រែប្រួល ទន្ទឹម​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព​និង​រីកចម្រើន​ប្រទេស​មួយ​ចំនួន​ក៏​កំពុង​មាន​សង្គ្រាម​បំផ្លាញ​គ្រប់យ៉ាង​ហើយ​ពលរដ្ឋ​គ្មាន​ឱកាស​អ្វី​ទាំងអស់​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា ​ប្រទេសជាតិ​ដែល​មាន​សុខ​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ គឺជា​អំណោយផល​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។

​ជា​ការ​កត់សម្គាល់​គេ​សង្កេត​ឃើញ​ថា ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន តែង​បាន ចេញ​សារ​នយោបាយ​ខ្លីៗ​នៅ​តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ជា​រៀងរាល់ថ្ងៃ​។ សារ​ខ្លីៗ​របស់​សម្តេច​ពុំបាន​សម្ដែង​ពី​ការព្រួយបារម្ភ​អំពី​ការ​គំរាម​ដក EBA របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា​នោះទេ​។ សម្តេច​តែង​លើកទឹកចិត្ត​និង​ប្រាប់​ទៅ​ពលរដ្ឋ​អំពី​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា និង លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ងើបឈរ​ឡើង​ដោយ​ខ្លួនឯង ដោយ​មិន​ត្រូវ​ឲ្យ​ពួក​បរទេស​មក​ធ្វើការ​កៀបសង្កត់​បញ្ជា​លើ​ក្បាល​ខ្មែរ​តទៅទៀត​បានទេ កម្ពុជា​មិនអាច​យក​ឯករាជ្យ​ភាព និង អធិបតេយ្យភាព​ជាតិ​ទៅ​ប្តូរ​ជាមួយនឹង​ជំនួយ​បរទេស​តទៅទៀត​ទេ​។ ប្រវត្តិសាស្ត្រ​ពី​អតីតកាល​របស់​កម្ពុជា​បានបង្ហាញ​ច្បាស់​ណាស់​ថា​ដោយសារ​តែ​ខ្មែរ​ពឹង​លើ​ជំនួយ​បរទេស​ទើប​ខ្មែរ​បែកបាក់​ជាតិ​សាសន៍​ខ្លួន​សង្គ្រាម​ហែកហួរ​គ្នា​មិន​ចេះចប់​មិនចេះហើយ​។



ក្នុង​ស្ថានភាព​បែបនេះ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ច្បាស់​ និង ​កាន់​តែ​មាន​ជំនឿ​ជឿជាក់​ថា គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ខ្លួនឯង​នោះ​ទេ ក្នុង​ស្ថានភាព​កម្ពុជា​ពេលនេះ​ កំពុង​ជួប​ប្រឈម​ជាមួយ​បញ្ហា​ប្រឈម ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ក្លាហាន កម្ពុជា​កាន់តែ​មានបទពិសោធន៍ កាន់​តែ​រឹងប៉ឹង​និង​ចំណុច​សំខាន់​មួយ​គឺ​កម្លាំង​មហា​សាមគ្គី​របស់​ជនជាតិ​ខ្មែរ រួមគ្នា​ដោះស្រាយ​បញ្ហា​។ ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ យើង​នៅចាំ​បាន​ថា​កាលពី​ឆ្នាំ ១៩៧៩ យើង​គ្មានអ្វី​សោះ​គឺ​ងើប​ចេញពី​ចំណុចសូន្យ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹង​ដឹកនាំ​ប្រទេស​មួយ​នេះ​បាន​រីកចម្រើន​មកទល់​សព្វថ្ងៃ ជា​ប្រទេស​មាន​អធិបតេយ្យភាព មាន​ឯករាជ្យ និង បូរណភាព​ទឹកដី ប្រទេស​មានការ​រីកចម្រើន ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​បំផុត​មក​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​នា​ពេល​បច្ចុប្បន្ន​និង​ឈាន​ជា​ប្រ​ទេ សមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​។

បច្ចុប្បន្ន​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​តាំងពី​ធនធានមនុស្ស សុខសន្តិភាព និង មាន​ធនធាន​សម្រាប់​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វ​ស័​យ​។ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សង្ឃឹម​ជានិច្ច​ព្រមទាំង​មាន​ភាពកក់ក្តៅ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​និង​គណបក្ស​ប្រជាជន​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu