ក្នុងនាមជាម្ចាស់ជើងឯកនៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្លិបណាហ្គាវើល បានចាប់ឆ្នោតស្ថិតនៅពូល F ជាមួយក្រុមខ្លាំងដល់ទៅ៣ពីតំបន់អាស៊ានផ្សេងទៀត សម្រាប់ការប្រកួតក្នុងពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី គឺAFC Cup 2019 ដែលនឹងប្រកួតនៅឆ្នាំ២០១៩នេះ។
ការចាប់ឆ្នោតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ឃើញថាក្រុមណាហ្គាវើលស្ថិតនៅពូល F ជាមួយក្រុម Hanoi FC (ម្ចាស់ជើងឯកលីគកំពូលវៀតណាម) Tampines Rovers (ជើងឯករងលីគកំពូលសិង្ហបុរី) និង Yangon United (ជើងឯកលីគកំពូលមីយ៉ាន់ម៉ា) ឬ Zwekapin United ក្រុមលេខ៣នៅលីគមីយ៉ាន់ម៉ាដូចគ្នា។
ត្រង់ន័យនេះចង់បញ្ជាក់ថា ក្រុម Yangon United មានឱកាសប្រកួតជម្រុះក្នុងពានរង្វាន់ AFC Champion League (ACL) ក្នុងវគ្គជម្រុះបឋម ហើយប្រសិនបើក្រុមនេះឈ្នះរហូតដណ្តើមបានកៅអីទៅវគ្គចែកពូលពានរង្វាន់ខាងលើនេះនោះកៅអីនៅក្នុងពូល F នៃពានរង្វាន់ AFC Cup នឹងបានទៅក្រុម Zwekapin United ដោយស្វ័យប្រវត្តិ។ ប៉ុន្តែបើក្រុម Yangon United ធ្លាក់ចេញពីវគ្គជម្រុះពាន ACL នោះនៅសល់ឱកាសចូលរួមប្រកួតពានរង្វាន់ AFC Cup ជាបន្តទៀត។ ជាលទ្ធផលក្នុងវគ្គជម្រុះបឋម ក្រុម Yangon United បានឈ្នះលើក្រុម Ceres–Negros របស់ហ្វីលីពីន ២ទល់១ ខណៈចូលដល់វគ្គជម្រុះជុំទី២ បានប្រកួតចាញ់ក្រុមChiangrai United របស់ថៃ ៣ទល់១ វិញ។ ដូច្នេះក្រុម Yangon United ត្រូវលេងក្នុងពូល F ពាន AFC Cup តែម្តង។
តាមគម្រោងការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះតាមពូលនឹងចាប់ផ្ដើមនៅចុងខែ កុម្ភៈ នេះតាមរូបមន្តវិលជុំសន្សំពិន្ទុ សរុបស្មើ៦ប្រកួត (ក្នុងដីនិងក្រៅដី) ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត ដោយគ្រោងនឹងបញ្ចប់ការប្រកួតទាំងមូលនៅដើមខែតុលា ឆ្នាំ២០១៩។ នេះជាឆ្នាំទី១ សម្រាប់ណាហ្គាវើល ក្នុងការប្រកួតនៅវគ្គបែងចែកពូលបន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ខណៈកាលពីឆ្នាំ២០១៧ ធ្លាប់បានចូលរួមប្រកួតម្តងតែត្រូវប្រកួតជម្រុះនៅវគ្គជម្រុះបឋម។
សម្រាប់ប្រកួតបើកឆាកពូល F នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយក្រុម Hanoi ទទួលក្រុមណាហ្គាវើល នៅវេលាម៉ោង៧យប់ លើទីលានកីឡដ្ឋានHàng Đẫy Stadium ក្នុងទីក្រុងហាណូយ។ ចំណែកក្រុម Yangon United ត្រូវទទួលក្រុម Tampines Rovers លើទីលានកីឡដ្ឋាន Thuwunna Stadium ក្នុងទីក្រុងរង់ហ្គូន។
សូមរំលឹកថា សម្រាប់ឆ្នាំ ២០១៨ក្នុងពានរង្វាន់ AFC Cup ជើងឯកបានទៅក្លិប Al-Quwa Al-Jawiya របស់អ៊ីរ៉ាក់ក្រោយឈ្នះក្លិប Altyn Asyr របស់ទួរមេនីស្ថាន ក្នុងលទ្ធផល ២-០ នាវគ្គផ្ដាច់ព្រ័ត្រលើទីលានកីឡដ្ឋានBasra Sports City ក្នុងទីក្រុង Basraក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង២ម៉ឺននាក់ កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ៕
Source: Kampuchea Thmey Daily
0 Comments