Ad Code

កាច់​សោ.ក​ម៉ូតូ​បាន​ហើយ ​ជិះ​គេចខ្លួន​បាន​១​ម៉ោង​ ក៏​ត្រូវ​ម្ចាស់​តាម​ទាន់​បើក​បំបុក​ឲ្យ​ដួល​ត្រូវ​ចាប់ខ្លួន​ទាំង​២​នាក់



ភ្នំពេញ ៖ ​ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​មូលដ្ឋាន​បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​បានសម្រេច តែ​ជិះ​រត់​គេច​ខ្លួន​បានតែ​មួយ​ម៉ោង​ក្រោយ ​ក៏​ត្រូវ​ម្ចាស់​តាម​ទាន់​ជិះ​ដេញ​បុក​បណ្តាល​ឲ្យ​ដួល​ឃាត់ខ្លួន​ទាំងអស់គ្នា​តែម្តង​។



ហេតុការណ៍​នេះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ស្ថិតនៅ​ចំណុច​មុខ​ផ្ទះ​បោក​អ៊ុត តាម​បណ្ដោយ​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។



សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង២​នាក់​ខាងលើ ទី​១-​ឈ្មោះ នី ហ៊ួ​ច ភេទ​ប្រុស អាយុ ២៨​ឆ្នាំ និង​ទី​២-​ឈ្មោះ ពេ​ជ្យ សុវណ្ណ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ មានមុខ​របរ និង​ស្នាក់នៅ មិន​ពិតប្រាកដ​។

ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយ​សូ​គី​ឡែ​ត ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1GW-8385 នៅមុខ​ផ្ទះ​បោក​អ៊ុត មួយ​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣០ រួច​ក៏​ឡើងផ្ទះ​យក​ខោអាវ​ប្រហែស​ជា​កន្លះ​ម៉ោង។



ខណៈ​ពេល​នោះ ជនរងគ្រោះ​បាន​ចុះ​មក​ក្រោម​វិញ ស្រាប់តែ​បាត់​ម៉ូតូ​មិនឃើញ ក៏​ស្រែក​ផ្អើលឆោឡោ ហើយ​តាម​រកមើល​ជាច្រើន​ម៉ោង លុះដល់​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដើររក​ម្តង​ទៀត ក៏បាន​ប្រទះឃើញ​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​របស់ខ្លួន​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៨ ក្បែរ​ធនាគារ កាណាឌីយ៉ា ភ្លាមៗ​នោះ ជនរងគ្រោះ​ក៏​ជិះ​សំដៅ​ទៅ​បំ​បុក​ឲ្យ​ជនសង្ស័យ​ទាំង ២​នាក់ ដួល និង​ស្រែក​ផ្អើលឆោឡោ ភ្លាមៗ​នោះ ក៏​ត្រូវ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ដែល​នៅ​ជិត​នោះ​ជួយ​ដេញ​ចាប់ ហើយ​ប្រគល់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu