ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលជាបេក្ខភាព១ក្រុមក្នុងចំណោមក្លិបបាល់ទាត់ចំនួន៣ក្រុម ត្រូវគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងជ្រើសរើសជាបេក្ខភាពដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League)រដូវកាលឆ្នាំ២០១៩ ខាងមុខ ជំនួសក្រុមបាល់ទាត់វេស្ទើនភ្នំពេញ ដែលប្រកាសរំសាយក្រុមកាលពីពេលថ្មីៗ ដោយសារបញ្ហាហិរញ្ញវត្ថុ។
លោក Ekapob Potisai គ្រូបង្គោលគិរីវង់សុខសែនជ័យ បានលើកឡើងប្រាប់ CNCC ថាឆ្លងកាត់ការហ្វឹកហាត់ជុំគ្នាប្រមាណ៣ខែមកនេះ ក្រុមទាំងមូលអាចកែប្រែឲ្យកាន់តែល្អទៅមុខបាន ហើយវានឹងកាន់តែប្រសើរឡើងថែមទៀត ប្រសិនបើមានពេលវេលាគ្រប់គ្រាន់។ លោកបានបន្តថា «គោលដៅរបស់យើងគឺព្យាយាមថែរក្សាក្រុមឲ្យបានលេងនៅលីគកំពូលតរៀងរហូតទៅ។ យើងនឹងព្យាយាមធ្វើឲ្យបាន ហើយយើងគិតថា យើងអាចធ្វើបាន។ ជាមួយគ្នានេះដែរ ខ្ញុំមើលឃើញថា ក្រុមរបស់យើងអាចស្ថាបនាកាន់តែល្អបានជាមួយគ្នា ហើយប្រសិនបើបានធ្វើការរួមគ្នាយូរអង្វែងទៀត នឹងកាន់តែល្អថែមទៀត»។
ក្លិបគីរីវង់សុខសែនជ័យ បានផ្លាស់ប្តូរក្បាលម៉ាស៊ីន មួយចំនួនដោយមានការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មីគឺលោក Ekapob Potisai ដែលជាអតីតកីឡាករជម្រើសជាតិថៃនិងជាអតីតគ្រូបង្គោលនៃក្លិប Savan United នៃលីគកំពូលឡាវផងដែរ។ យ៉ាងណាក្តីក្លិបនេះមានឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធានក្លិបហើយមានលោក ឌុក វាសនា ជាអ្នកចាត់ការទូទៅរបស់ក្លិប។ លោក ផាន់ ចាន់ផាត ដែលជាគ្រូបង្វឹកចាស់ធ្លាប់បានដឹកនាំជាច្រើនឆ្នាំមកនេះត្រូវបានក្លិបប្តូរតួរនាទីទៅជាគ្រូជំនួយវិញ។
ក្រុមគីរីវង់សុខសែនជ័យ បានធ្លាក់ទៅចេញពីពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) កាលពីឆ្នាំ២០១៧ កន្លងទៅក្រោយឈរលេខរៀងទី១២ ក្នុងចំណោមក្រុមជាសមាជិកទាំង១២នៅឆ្នាំនោះ។ សម្រាប់នៅឆ្នាំ២០១៨ កន្លងទៅនេះក្រុមគីរីវង់សុខសែនជ័យ បានចូលរួមក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ២ទល់១ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកថ្នាក់ខេត្ត។ ប៉ុន្តែពេលឡើងដល់វគ្គជម្រុះថ្នាក់ជាតិបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល៣ទល់២។
តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ចំណែកក្រុមដែលចូលរួមទាំង១៤វិញនោះមានណាហ្គាវើល,បឹងកេត,វិសាខា,ក្រសួងការពារជាតិ,ភ្នំពេញក្រោន,អាស៊ីអឺរ៉ុប,អគ្គស្នងការដ្ឋាននគរបាលជាតិ,អង្គរថាយហ្គឺរព្រះខ័នរាជស្វាយរៀង,សូលទីឡូអង្គរ,អគ្គីសនីកម្ពុជា។ ចំណែកក្រុមលេចមុខថ្មី៣ក្រុមគឺ គីរីវង់សុខសែនជ័យ,ខេត្តកំពង់ចាម និង U18 សាលាបាល់ទាត់ជាតិបាទី៕
Source: Kampuchea Thmey Daily
0 Comments