ភ្នំពេញ ៖ សង្ឃទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ត្រូវបានសម្តេចសង្ឃនាយក សម្រេចផ្សឹកហើយ ដោយសារតែប្រព្រឹត្តខុសវិន័យសង្ឃ ហើយការផ្សឹកនេះ បានធ្វើឡើងនៅវត្តបទុមវតី ដោយមានការចូលរួមពីមន្ត្រីធម្មការ ព្រមទាំងមន្ត្រីសង្ឃជាច្រើនអង្គថែមទៀតផង។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅវត្តច្បារអំពៅបានបង្ហើបឲ្យដឹងថា អតីតសង្ឃ ហោ សុខុន ត្រូវបានសមត្ថកិច្ចមួយក្រុម ដឹកចេញពីវត្តច្បារអំពៅនៅវេលាម៉ោងប្រមាណ៧ និង៣០នាទីយប់ ហើយឆ្ពោះទៅកាន់វត្តបទុមវតី ជាទីដែលសម្តេចព្រះសង្ឃនាយក នន្ទ ង៉េត គង់នៅទីនោះ ហើយក្រោយមក ហោ សុខុន ត្រូវបានគេឃើញ ស្លៀកពាក់ខោអាវ ឈរនៅខាងមុខកុដិ របស់សម្តេចសង្ឃនាយក ហើយនៅមិនទាន់មានប្រភពណាបញ្ជាក់ឲ្យបានច្បាស់ថា អតីតសង្ឃ ហោ សុខុន នឹងត្រូវនាំទៅកាន់ទីណានោះទេ។
សូមបញ្ជាក់ថា អតីតសង្ឃ ហោ សុខុន ជាមនុស្ស ចូលចិត្តនិយាយរឿងនយោបាយ តាមបែបស្រមើស្រម័យមិនច្បាស់លាស់ ហើយថ្មីៗនេះ អតីតសង្ឃ ហោ សុខុន បានសរសេរសារមួយបង្ហោះនៅលើផេកហ្វេសប៊ុក ដោយអះអាងថា សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់កម្ពុជា ....ប៉ុន្តែសារនោះត្រូវបានអះអាងថា ធ្វើឡើងដើម្បីបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ហើយបើទោះបីជាមានការសំណូមពរពីថ្នាក់ដឹកនាំធម្មការឲ្យឈប់និយាយក្តី តែអតីតសង្ឃ ហោ សុខុន នៅមិនទទួលយកឡើយ៕
Source: Kampuchea Thmey Daily
0 Comments