អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុនបាននិយាយថា ព្រះចៅអធិរាជ Akihito ព្រះជន្ម៨៤វស្សា បានលុបចោលព្រះរាជកិច្ចផ្លូវការរបស់ទ្រង់កាលពីថ្ងៃចន្ទ បន្ទាប់ពីទ្រង់ប្រឈួន។
លោក Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានថា “ព្រះចៅ Akihito ទ្រង់ប្រឈួនភ្លាមៗ និងបែកញើសយ៉ាងខ្លាំងនៅពេលព្រឹកព្រលឹម ហើយអធិរាជនី Michiko បាននាំទ្រង់ទៅជួបពេទ្យវាំងជាបន្ទាន់”។
លោក Suga ដែលជាប្រធានគណៈរដ្ឋមន្ត្រីបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យព្រះចៅអធិរាជថាមានរោគសញ្ញានៃការវិលមុខនិងចង់ក្អួតដោយសារតែភាពស្លេកស្លាំងខួរក្បាលដែលតម្រូវឲ្យមានការសម្រាកគ្រប់គ្រន់និងការត្រួតពិនិត្យតាមដាន។
ជំងឺស្លេកស្លាំងខួរក្បាលគឺបណ្តាលមកពីលំហូរឈាមមិនគ្រប់គ្រាន់ទៅក្នុងខួរក្បាល។
អ្នកនាំពាក្យរបស់ភ្នាក់ងាររាជវាំង Imperial House បានប្រាប់ AFP ថា ព្រះចៅអធិរាជ Akihito នឹងត្រូវជួបជាមួយចៅស្រី Ayako ដើម្បីស្តាប់អំពីការភ្ជាប់ពាក្យរបស់ព្រះនាង។
លោកបានបន្ថែមថា “យើងមិនមានព័ត៌មានលម្អិតបន្ថែមទៀតទេអំពីស្ថានភាពសុខភាពរបស់ព្រះចៅអធិរាជ”។ គេមិនច្បាស់ទេថានៅពេលណាទើបព្រះចៅនឹងបន្តព្រះរាជកិច្ចសាធារណៈរបស់ទ្រង់ឡើងវិញ។
ព្រះចៅអធិរាជ Akihito បានធ្វើឲ្យប្រទេសនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១៦នៅពេលដែលទ្រង់បានបង្ហាញពីបំណងដាក់រាជ្យបន្ទាប់ពីបំពេញព្រះរាជកិច្ចអស់រយៈពេលជិត៣០ឆ្នាំដោយលើកឡើងពីបញ្ហាព្រះជន្មនិងសុខភាពរបស់ទ្រង់។
ព្រះអង្គនឹងក្លាយជាព្រះចៅអធិរាជដំបូងគេដែលចូលនិវត្តន៍ក្នុងរយៈពេលជាងពីរសតវត្សមនេះនៅក្នុងគ្រួសារអធិរាជចាស់ជាងគេរបស់ពិភពលោក៕ AFP
[caption id="attachment_940166" align="aligncenter" width="700"]
Source: Kampuchea Thmey Daily
0 Comments