Ad Code

កម្ពុជា ​ត្រូវការ​ពេលវេលា​១០​ឆ្នាំ​ទៀត ​ដើម្បី​ផលិត​វត្ថុធាតុដើម​ផលិតផល​សូត្រ​ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​



​ភ្នំពេញ​ ៖​ លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​មានប្រសាសន៍ថា​ កម្ពុជា​ត្រូវការ​ពេល​រយៈពេល​១០​ឆ្នាំ​ទៀត​ដើម្បី​ផលិត​វត្ថុធាតុដើម​ផលិតផល​សូត្រ​ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​ ដែល​មាន​តម្រូវការ​ប្រមាណ​៤០០​តោន​ក្នុង​១​ឆ្នាំៗ​ ខណៈ​បច្ចុប្បន្ន​ការផ្គត់ផ្គង់​បានតែ​១​តោន​ប៉ុណ្ណោះ​។​

លោក​បណ្ឌិត​ម៉ី​កល្យាណ​បាន​បន្តថា​ «​ក្តី​សុបិន ​របស់ខ្ញុំ​ម្តុំ​១០​ឆ្នាំ​ទៀត​គឺថា​ដើម្បី​ធ្វើបាន​៤០០​តោន​យើង​ត្រូវធ្វើ​​មន ​ពី​១​ទៅ​២​ម៉ឺន​ហិកតា​ដែល​បច្ចុប្បន្ន​ធ្វើ​តែ​២០​ហិកតា​។ ​ដូចនេះ​អាស្រ័យទៅលើ​ការចូលរួម​និង​ការយល់ដឹង​របស់​ប្រជាជន​រួមទាំង​ការផ្សព្វផ្សាយ​ពី​ចំណេះដឹង​ស្តីពី​របៀប​ដាំ​ដុះ​មន​និង​ចិញ្ចឹម​ដង្កូវនាង​ទទួលបាន​ទិន្នផល​ខ្ពស់​បន្ថែមទៀត​ដើម្បី​ឲ្យ​កសិករ​មានចំណេះដឹង​ចូលរួម​ដាំ​ដំណាំ​មន​និង​ចិញ្ចឹម​ដង្កូវនាង​នេះ​ឲ្យ​កាន់តែច្រើន​ថែមទៀត​។​



ថ្លែង​ក្រោយ​ពិធី​ប្រគល់​ពូជ​ដង្កូវនាង​ជូន​កសិករ​បង្គោល​កាលពី​ព្រឹក​ថ្ងៃទី​៣​កក្កដា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ​លោក​បណ្ឌិត ម៉ី កល្យាណ​បាន​ជំរុញ​ឲ្យ​និស្សិត​សាកលវិទ្យាល័យ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម​បង្កើន​ការស្រាវជ្រាវ​បង្កើត​ពូជ​ដង្កូវនាង​ល្អៗ​ឲ្យ​បាន​ច្រើន​ថែមទៀត​ចែកចាយ​ដល់​កសិករ​ដើម្បី​ផលិត​ឲ្យ​បាន​ទិន្នផល​ខ្ពស់។

លោក​បណ្ឌិត​បាន​បន្ត​ថា​ ការបង្កើត​ពូជ​ដង្កូវនាង​ល្អៗ​ដែល​មិនមាន​ជំងឺ​នេះ​នឹង​ជួយ​ឲ្យ​កសិករ​ចិញ្ចឹម​ដង្កូវនាង​ទទួលបាន​ទិន្នផល​ខ្ពស់​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ក្នុងស្រុក ប្រមាណ​៤០០​តោ ន​ក្នុង​១​ឆ្នាំ​ ខណៈដែល​បច្ចុប្បន្ន​កសិក​រ​ផលិត​បានតែ​១​តោន​ប៉ុណ្ណោះ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ផលិតផល​សូត្រ​ពី​បរទេស​។​



លោក​បណ្ឌិត បាន​បន្ថែមថា ​ការផលិត​សូត្រ​បាន​ទិន្នផល​តិច​នេះ​គឺ​ដោយសារ​ពូជ​ដង្កូវនាង​ដែល​កសិករ​យកមក​ចិញ្ចឹម​មាន​ជំងឺ​ដោយ​ក្នុង​១០០​កូន​ដង្កូវនាង​អាច​រស់​បានតែ​២០​ក្បាល​ប៉ុណ្ណោះ​តែ​ពូជ​ដង្កូវនាង​ដែល​ស្រាវជ្រាវ​ដោយ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ អាច​នៅ​រស់​រហូតដល់​ទៅ​ជាង​៩០​ដង្កូវនាង ​ហើយ​អាច​ហូត​សូត្រ​បាន​ប្រវែង​៣០០​ម៉ែត្រ។

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា ​សាកលវិទ្យាល័យ ​នឹង​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​របៀប​ចិញ្ចឹម​ដង្កូវនាង​ឲ្យ​បានល្អ​និង​ទទួលបាន​ទិន្នផល​ខ្ពស់​ដល់​គ្រូ​បង្គោល​ឬ​កសិករ​គំរូ​ឲ្យ​ពួកគាត់​ទៅ​បង្ហាត់បង្រៀន​បន្ត​ដល់​កសិករ​ផ្សេងៗ​ទៀត​ដើម្បី​ពង្រីក​ការ​ដាំដុះ​មន ​និង​ការ​ចិញ្ចឹម​ដង្កូវនាង​ឲ្យ​កាន់តែ​ផុលផុស​ថែមទៀត​ដើម្បី​លើកស្ទួយ​ដល់​វិស័យ​សូត្រ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើងវិញ​។



ចំណែក​លោក ហួត សុខា តំណាង​សហគមន៍​សូត្រ​អូ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​ដែល​ទទួល​ពូជ​ដង្កូវនាង​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​សន្យាថា ​នឹង​យក​ពូជ​ដង្កូវនាង​នេះ​ទៅ​ចិញ្ចឹម​ទៅតាម​បច្ចេកទេស​។ ​តែ​លោក​ស្នើសុំ​ឲ្យ​សាកលវិទ្យាល័យ​បន្ត​ការ​ផ្សព្វផ្សាយ​ស្តីពី​បច្ចេកទេស​នៃ​របៀបការ​ចិញ្ចឹម​ដង្កូវនាង​ដល់​គ្រូ​បង្គោល​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​ដើម្បី​ឲ្យ​កសិករ​ទទួលបាន​ចំណេះដឹង​ចូលរួម​ដាំ​មន​និង​ចិញ្ចឹម​ដង្កូវនាង​ឲ្យ​បាន​ច្រើន​ព្រោះថា​ការដាំ​មន នៅមាន​កម្រិត​នៅឡើយ​ដោយ​សារ​ខ្វះ​បច្ចេកទេស​នៃ​ការដាំដុះ​និង​ចិញ្ចឹម​ដង្កូវនាង​។​

ទាក់ទង​នឹង​ការ​ចិញ​​ចិញ្ចឹម​ដង្កូវនាង​នេះ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ដង្កូវនាង​វា​ស៊ី​ស្លឹក​មន​ជា​ចំណី​រហូតដល់​រយៈពេល​៤០​ថ្ងៃ​ទើប​ចេញ​សំបុក​ដែល​យើង​អាច​ហូត​សូត្រ​បាន​។​

យ៉ាងណាក៏ដោយ​លោក​ស្នើ​ឲ្យ​សាកលវិទ្យាល័យ​បង្កើន​ការស្រាវជ្រាវ​ពូជ​ថ្មីៗ​ដែល​អាច​ហូត​សូត្រ​បាន​វែង​ដល់​១​ពាន់​ម៉ែត្រ​ខណៈ​បច្ចុប្បន្ន​ហូត​បាន​ត្រឹមតែ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​ ផលិត​សរសៃ​សូត្រ​នេះ​អាច​ឆ្នៃ​ជា​សំលៀកបំពាក់ គ្រឿងសម្អាង សាប៊ូ និង​បរិក្ខារ​ផ្នែក​វិស័យ​សុខាភិបាល​ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu