រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo នឹងវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងជាថ្មីនៅសប្តាហ៍នេះ ដើម្បីតាមដានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងលោកប្រធានាធិបតីដូណាល់ត្រាំនិងមេដឹកនាំគីមជុងអ៊ុន។
ក្រុមមន្ត្រីបាននិយាយថា លោក Pompeo នឹងចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនទៅទីក្រុងព្យុងយ៉ាងនៅថ្ងៃព្រហស្បតិ៍ដើម្បីចាប់ផ្តើមបេសកកម្មការទូតជុំវិញពិភពលោកមួយដែលនឹងនាំគាត់ទៅកាន់ទីក្រុងប្រ៊ូសសែលនិងកិច្ចប្រជុំកំពូលណាតូដ៏សំខាន់មួយ។
លោកត្រាំបានអូតអាងថា សេចក្តីថ្លែងការណ៍ដែលគាត់ចុះហត្ថលេខាជាមួយលោកគីមនៅប្រទេសសិង្ហបុរីកាលពីខែមុនគឺបានដោះស្រាយបញ្ហានុយក្លេអ៊ែររបស់គូសត្រូវចាស់ទាំងពីរនេះប៉ុន្តែលោក Pompeo ត្រូវបានគេប្រគល់ភារកិច្ចឲ្យជាមួយនឹងព័ត៌មានលម្អិតដែលបញ្ជាក់ច្បាស់។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានបដិសេធបញ្ជាក់ឬច្រានចោលរបាយការណ៍ដែលថា របបរបស់លោកគីមបានបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីកិច្ចប្រជុំកំពូលជាមួយលោកត្រាំជាជាងចាប់ផ្តើមការរំសាយអាវុធ។
លោកស្រីបាននិយាយថា “ដើម្បីបន្តការងារដែលកំពុងបន្តនិងសំខាន់នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ, លោករដ្ឋមន្ត្រី Pompeo នឹងចាកចេញទៅប្រទេសកូរ៉េខាងជើងនៅថ្ងៃទី៥ខែកក្កដាដើម្បីជួបជាមួយមេដឹកនាំនិងក្រុមរបស់ពួកគេ”។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសបាននិយាយថា លោក Pompeo នឹងចាកចេញពីប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍ទៅទីក្រុងតូក្យូហើយនៅថ្ងៃអាទិត្យគាត់នឹងធ្វើកិច្ចចរចាស្តីពីវិបត្តិនិងបញ្ហាតំបន់ជាមួយទាំងមន្ត្រីជប៉ុននិងកូរ៉េខាងត្បូង។
នៅថ្ងៃអាទិត្យ គាត់នឹងបន្តដំណើរទៅកាន់ទីក្រុងហាណូយដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមហើយនៅសប្តាហ៍បន្ទាប់គាត់នឹងបន្តទៅរាជធានីអាប៊ូដាប៊ីរបស់ប្រទេសអារ៉ាប់រួមមុននឹងទៅដល់ទីក្រុងប្រ៊ូសសែលនៅថ្ងៃទី១០ខែកក្កដា។
នៅទីនោះ គាត់នឹងអមដំណើរលោកត្រាំទៅកាន់កិច្ចប្រជុំកំពូល ណាតូ រយៈពេលពីរថ្ងៃនិងជួបមន្ត្រីអឺរ៉ុបដើម្បីពិភាក្សាអំពីគោលនយោបាយថាមពល៕ AFP
Source: Kampuchea Thmey Daily
0 Comments