ភ្នំពេញ ៖ ដើមចំបក់មួយដើម ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយនោះ ថែមទាំងមានរោងអ្នកតានៅនឹងគល់នោះផង មកដល់ពេលនេះ ត្រូវបានភ្លើងឆេះដោយមិនដឹងមូលហេតុបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកអស់រយៈពេលជាង៣ម៉ោងទើបរលត់ជាស្ថាពរ ហើយមិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ទ្រព្យសម្បត្តិ និងលំនៅឋានពលរដ្ឋនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នៅកន្លែងរោងអ្នកតាដើមចំបក់ មានទីតាំងនៅជាប់របងវត្តអង្គបឹងចក ភូមិអង្គបឹងចក សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននិយាយថា ដើមចំបក់នេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ ដែលមានទំហំធំប៉ុនកង់រទេះ ដើមនេះមានប្រហោងកណ្ដាល និងពុកៗផងដែរ ម្យ៉ាងទីតាំងនេះជាកន្លែង ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិគោរពបូជាតែងតែមកអុជទៀនធូបសុំសេចក្ដីសុខចម្រើនតាមរបៀបជំនឿអរូបិយ និងតែងតែធ្វើពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំទៀតផងជាទម្លាប់របស់ចាស់ៗក្នុងភូមិ។
តាមពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញភ្លើងឆេះនៅក្រោមដើមចំបក់ហើយបានឆេះរាលដាលដល់ដើម ចំបក់ និងបណ្តាលឲ្យឆាបឆេះរឹតខ្លាំងឡើងៗ បន្ទាប់មកប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាដងទឹកពន្លត់ខ្លះបានតទុយោដើម្បីជួយបាញ់ទឹកពន្លត់តែពន្លត់មិនរលត់ពោលគឺភ្លើងរឹតតែឆេះខ្លាំងទៅៗ។ បន្ទាប់មក ប្រជាពលរដ្ឋបានទាក់ទងទៅអធិការនគរបាលស្រុកអង្គស្នួលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ខណៈពេលភ្លាមៗនោះលោកអធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងចំនួន១៥នាក់ ព្រមទាំងមានលោកអធិការរងចំនួន២រូបចុះមកជួយអន្តរាគមន៍ផ្ទាល់ភ្លាមៗ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្ត ដែលមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់មាន៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចំនួន២គ្រឿង និងរថយន្តកូរ៉េដឹកទឹករបស់ ប្រជាពលរដ្ឋចំនួន២គ្រឿងផងដែរ។
ថ្វីត្បិតតែទីកន្លែងកើតហេតុខាងលើជាទឹកដីភូមិសាស្ត្ររបស់ខណ្ឌពោធិ៍សែនជ័យ តែដោយសារនៅជិតព្រំប្រទល់ស្រុកអង្គស្នួល ទើបប្រជាពលរដ្ឋបានទាក់ទងទៅសសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឲ្យមកជួយ ហើយសមត្ថកិច្ចក៏បានចាត់វិធានការភ្លាមៗផងដែរ ដោយមិនបានប្រកាន់ថាជាទឹកដីរបស់រាជធានីឬខេត្តនោះទេ ពោលគឺជាទឹកដីខ្មែរតែមួយបើខាងណាមានលទ្ធភាពនិងងាយស្រួលជាងឆាប់ជាង គួរតែចេញជួយឲ្យទាន់ពេលវេលាចៀសវាងរងការខូចខាតឆេះរាលដាលដល់លំនៅឋានពលរដ្ឋ រួចបានត្រឹមឆ្លើយដាក់គ្នាថាជាតំបន់គេឬតំបន់យើង៕
Source: Kampuchea Thmey Daily
0 Comments