Ad Code

លោក​លឹម គានហោ ទទួល​បាន​សញ្ញាប័ត្រ​កិត្តិ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធានទឹក ពី​រាជបណ្ឌិតសភា​កម្ពុជា



ភ្នំពេញ ​៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវបាន​រាជបណ្ឌិតសភា កម្ពុជា ប្រគល់ជូន​នូវ​សញ្ញាប័ត្រ​កិត្តិ​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធនធានទឹក ជា​ការ​តបស្នង​ នូវ គុណបំណាច់​ និង​ស្នាដៃ​ជា​ប្រយោជន៍​ចំពោះ​ជាតិ មាតុភូមិ​ក្នុងការ អភិវឌ្ឍន៍​សង្គម វប្បធម៌ សាសនា សេដ្ឋកិច្ចជាតិ ក្រោម​ការដឹកនាំ​របស់ សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​។​

​ពិធី​ប្រគល់ សញ្ញាប័ត្រ «​កិត្តិ​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធនធានទឹក » បាន ធ្វើឡើង​កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការ ក្រសួង​ធនធាន ទឹក​ក្រោម​វត្តមាន លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា និង​ជា​អនុប្រធាន​ប្រចាំ​ការ​នៃ​ក្រុមប្រឹក្សា​បណ្ឌិតសភា​ចា​រ្យ។

ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​បញ្ជាក់ថា ការផ្តល់ជូន​នូវ​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធានទឹក​ដល់​លោក លឹម គានហោ នេះ​គឺ​ដោយសារតែ​លោក​បាន​បញ្ចេញ​នូវ​ស្នាដៃ​ជា ច្រើន​ក្នុង​ការ​អភិវឌ្ឍ​​ប្រទេស​លើ​គ្រប់​វិស័យ សំខាន់​វិស័យ​ធនធានទឹក​នៅ​កម្ពុជា​។ ទន្ទឹម​នោះ លោក​កិត្តិ​បណ្ឌិត លឹម គានហោ តែងតែ​គោរព ​និង​អនុវត្ត​ដោយ​ឥត​ងាករេ នូវ​មាគ៌ា​ដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​ព្រមទាំង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ក្នុងការ​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឲ្យ​ចាកចេញ​ផុត​ពី​សោកនាដកម្ម​រហូត​ទទួល​បាន​នូវ​សុខ សន្តិភាព ឯកភាព​ជាតិ និង​សុខដុមរមនា​រហូតដល់​បច្ចុប្បន្ននេះ។

លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា សញ្ញាប័ត្រ​កិត្តិ​បណ្ឌិត​ជា​សញ្ញាប័ត្រ​កិត្តិយស​ដ៏ ឧត្តុង្គឧត្តម​របស់​រា​ជ​បណ្ឌិតសភា​កម្ពុជា។ លោក​ថា សញ្ញាប័ត្រ​នេះ​សម្រាប់​ផ្តល់​ជូន​ដល់​ឥស្សរជន​ ឬ​បញ្ញាជន​ដែលមាន​គុណបំណាច់​ និង​ស្នាដៃ​ជា​ប្រយោជន៍​ចំពោះ​ជាតិ មាតុភូមិ​ក្នុង​ការ អភិវឌ្ឍន៍​សង្គម វប្បធម៌ សាសនា សេដ្ឋកិច្ចជាតិ។ ទន្ទឹម​នោះ​ក៏​ជា​បុគ្គល​ដែល​ត្រូវ​បាន​ទទួល ស្គាល់​ដោយ​មហាជន​ថែមទៀត។

លោក​ថា ការផ្តល់ជូន​សញ្ញាប័ត្រ​កិត្តិ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធានទឹក​ដល់​លោក លឹម គានហោ​នាពេលនេះ​គឺ​ត្រូវបាន​ឆ្លងកាត់​នូវ​ការវាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​បំផុត​អំពី​ស្នាដៃ ​និង​សមិទ្ធផល រួមទាំង​ទស្សនវិជ្ជា​ដឹកនាំ​ដែលជា​គុណ​វុ​ឌ្ឍ​ចម្បង​របស់លោក លឹម គានហោ ពី​សំណាក់​ក្រុម បណ្ឌិតសភា​ចា​រ្យ នៃ​រាជបណ្ឌិតសភា​កម្ពុជា។​

​លោក សុខ ទូច បញ្ជាក់​បន្ថែមថា លោក លឹម គានហោ ជា​បេក្ខជន​ជ័យលាភី​មួយរូប ដែល​ត្រូវ​រាជបណ្ឌិតសភា​កម្ពុជា​បាន​កត់​ត្រាទុក​ក្នុង​បញ្ជី​ថា ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​ជាតិ ដែល​បាន​កសាង​ស្នាដៃ​និង​គុណបំណាច់​ចំពោះ​មាតុភូមិ​និង​បំរើ​ផលប្រយោជន៍​ប្រជាជន​ស្ទើរតែ ពេញ​មួយជីវិត​របស់លោក ។ លោក លឹម គានហោ ក៏បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការអនុវត្ត គោលនយោបាយ​ស្តារ​និង​កសាង​ជាតិ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ផ្តោត​ជា​អាទិភាព​ទៅលើ​យុទ្ធសាស្ត្រ​នយោបាយ​៤ យ៉ាង​គឺ ផ្លូវ ភ្លើង ទឹក និង​មនុស្ស​ដែលជា​សេចក្តីត្រូវការ​ឥត​ឈប់ឈរ​របស់​សង្គម​មនុស្សជាតិ។

បន្ទាប់ពី ទទួល លោក​កិត្តិ​បណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញ​នូវ​ក្តីរំភើប រីករាយ​យ៉ាង​ខ្លាំង​ដោយ​ត្រូវ​បាន​រាជបណ្ឌិតសភា​កម្ពុជា ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ជាន់ខ្ពស់​បំផុត របស់​ជាតិ​ផ្តល់នូវ​សញ្ញាប័ត្រ​កិ​តិ្ត​បណ្ឌិត​ផ្នែក​គ្រប់​គ្រង់​ធនធានទឹក។ លោក​ថា សញ្ញាប័ត្រ​ដែល លោក​បានទទួល​នូវពេលនេះ មិន​គ្រាន់តែ​ជាការ​បញ្ជាក់​នូវ​ចំណេះដឹង​ជំនាញ​នៃ​ការដឹកនាំ​គ្រប់ គ្រង​រួមទាំង​ដោះស្រាយ​នៅ​បញ្ហា​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សញ្ញាប័ត្រ​នេះ​នឹង​ក្លាយជា​កម្លាំង​ចលករ ជំរុញ ​និង​លើកទឹកចិត្ត​លោក និង​មន្ត្រី ថ្នាក់ក្រោម បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោក​បាន​បន្ថែមទៀតថា «​សញ្ញាបត្រ​ដែល​ខ្ញុំ បានទទួល​នៅពេលនេះ មិន​ត្រឹមតែ​ជាការ​ស​​បញ្ជាក់ នូវ​ចំណេះដឹង​ជំនាញ លើ​ការដឹកនាំ​គ្រប់គ្រង និង​ដោះស្រាយ​លើ​បញ្ហា​ទឹក ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សញ្ញាបត្រ​នេះ ក៏​នឹង​ក្លាយជា​កម្លាំង​ចលករ​មួយ​ជំរុញ​លើកទឹកចិត្ត​ខ្ញុំ ក្នុង​ការ​បន្ដ​កិច្ច​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច​ជូន​ប្រទេសជាតិ​មាតុភូមិ ពិសេស​ក្នុង​បរិបទ​ដែល «​ទឹក​» បាន​និង​កំពុង​ក្លាយជា​របៀបវារៈ​ដ៏​សំខាន់​ទាំង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា តំបន់ និង​ពិភពលោក ទន្ទឹម​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឲ្យ​មាន​គ្រោះធម្មជាតិ​ផ្សេងៗ ដូចជា​គ្រោះ​ទឹកជំនន់ គ្រោះ​រាំងស្ងួត កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​»​។​

លោក​ថា យោងទៅលើ​កត្តា​ភូមិសាស្ត្រ កត្តា​អាកាសធាតុ និង​កត្តា​ជាក់ស្តែង បាន​បង្ហាញថា ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេសមួយ ដែល​សម្បូរ​ទៅដោយ​ធនធានទឹក ទាំង​ទឹក​លើដី និង​ទឹក​ក្រោម​ដី​។ ទឹក​លើដី ដែល​បាន មកពី​ទន្លេ មេគង្គ ព្រមទាំង​បឹង​ទន្លេសាប ដែលជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ រួមជាមួយ​នឹង​ស្ទឹង ព្រែក អូរ ដែលជា​ដៃ​នៃ​បឹង​នេះ មិន​ត្រឹមតែ​ជា​ប្រភពទឹក ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ក្លាយជា​គោលដៅ នៃ​ការប្រើប្រាស់​ប្រកបដោយ​សក្តានុពល​ច្រើន​វិស័យ​ដូចជា វិស័យ​កសិកម្ម ធនធាន​ជលផល​ជីវចម្រុះ នាវាចរណ៍ វា​រី​អគ្គស​នី អេកូ​ទេសចរណ៍​-​ល​-​។​

លោក លឹម គានហោ បន្ដថា បើទោះបី ជា​កម្ពុជា មាន​សក្តានុពល​ធនធាន​ទឹក​សម្បូរបែប បែបនេះ​ក្តី ប៉ុន្តែ​មិនមែន​មានន័យថា កម្ពុជា ជា​ប្រទេស​ដែលមាន សន្តិសុខ​ទឹក​រៀង​រហូតមក​នោះទេ​។ ផ្ទុយទៅវិញ សូម្បីតែ​ក្នុងកំឡុងពេល​២០​ឆ្នាំ កន្លងទៅនេះ ក៏​កម្ពុជា​នៅតែ​ជា​ប្រទេស​ប្រឈម នឹង​បញ្ហា​ទឹក​ស្ទើរ​រៀងរាល់ឆ្នាំ ពោលគឺ​សម្បូរ​ទឹក រហូត​មានពេលខ្លះ បង្ក​ជា​ជំនន់​នៅ​រដូវវស្សា និង​ខ្វះខាត​ទឹក​នៅ​រដូវប្រាំង​។​

ជាមួយគ្នា​នោះ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក គាំទ្រ​អស់ពីដួងចិត្ដដ​ល់​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​លើកទឹកចិត្ត​បន្ថែមទៀត ដល់​ស្ថាប័ន​ដ៏​សំខាន់​របស់​ជាតិ​មួយ​នេះ ក្នុង​គោលដៅ​ពង្រឹង​នូវ​តួនាទី ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ជា​មជ្ឈមណ្ឌល​អនុវត្ដ​​​ផ្សារភ្ជាប់​នឹង​ទ្រឹស្ដី និង​ជា​កន្លែង​បណ្ដុះបណ្ដាល​ធនធាន​បញ្ញាញាណ​ជាន់ខ្ពស់​របស់​ជាតិ ឲ្យ​កាន់តែ​វឹង​មាំ​ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu