Ad Code

មន្ត្រី​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ​កម្ពុជា​មិនដែល​ធ្វើ​ច្បាប់​គាបសង្កត់​ដល់​អ្នក​វិនិយោគ​ឡើយ



ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ មិនដែល​ធ្វើ​ច្បាប់​គាបសង្កត់​ដល់​អ្នក​វិនិយោគ​បរទេស​ ដែល​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា​ឡើយ ​ពោលគឺ​មានតែ​ជួយ​គាំទ្រ​ និង​ការពារ​ដល់​អ្នកវិនិយោគ​គ្រប់ពេលវេលា​ទាំងអស់។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ផលិតផល​មី​ហ្គោល ដែល​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប ក្រុមហ៊ុន Mamee Double Decker និង​ក្រុមហ៊ុន Eragold (Singapore) Corporation កាលពី​រាត្រី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ផ្ដល់​ភាពងាយស្រួល ចំពោះ​អ្នកវិនិយោគ និង​ពាណិជ្ជករ ហើយ​កម្ពុជា តែងតែ​ធ្វើ​ច្បាប់​ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​រកស៊ី​មាន​ភាព​កាន់​ងាយស្រួល​ជាពិសេស​សម្រាប់​បរទេស ។

លោក​បាន​បន្តថា ​«​កម្ពុជា​នឹងមិន​ធ្វើ​ច្បាប់ ដើម្បី​ប្រែ​ក្រឡាស់​គាបសង្កត់ អ្នកវិនិយោគ នៅ​ស្រុក​ខ្មែរ​និង​បរទេស​ឡើយ ​គឺ​រដ្ឋាភិបាល​កម្ពុជា​មាន​តែ​ផ្ដល់ ឱកាស​ជាច្រើន​សម្រាប់ អ្នកវិនិយោគ​នៅ​ប្រទេស​កម្ពុជា​និង​តែងតែ​គាំទ្រ​អ្នកវិនិយោគ គ្រប់ពេលវេលា ដូច្នេះ​កម្ពុជា​តែងតែ​រៀបចំ វេទិកា​រវាង​រាជរដ្ឋាភិបាល ជាមួយ​វិស័យ​ឯកជន ដើម្បី​ជួយ​ដោះស្រាយ ជាមួយគ្នា​ទៅវិញទៅមក​»។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា កម្ពុជា​ផ្ដល់​លទ្ធភាព​គ្រប់ បែបយ៉ាង​សម្រាប់​អ្នកវិនិយោគ ដែល​បាន​ចូលមក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា ហើយក៏​អាច​ផ្ទេរភាគហ៊ុន ឬ​លក់​ភាគហ៊ុន ទៅ​ឲ្យ​អ្នក​ផ្សេង​វិញ​បាន ហើយក៏​អាច​ដក​លុយ ទៅ​ប្រទេស​ខ្លួនឯង​វិញ​បាន​ដែរ ដោយ​មិនចាំ​បាច់​សុំច្បាប់ ពី​រាជរដ្ឋាភិបាល​នោះទេ។

លោក ឈួន ដា​រ៉ា បាន​បន្ថែមថា ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​មក​ធ្វើការ​ចាប់ដៃ ផលិតផល មី​ហ្គោល នៅក្នុង​ពេលនេះ សូម​ជឿជាក់ថា កម្ពុជា​នឹងមិន​ធ្វើ​ច្បាប់​អ្វី ដើម្បី​ប្រែ​ក្រឡាស់​ទៅ គាបសង្កត់​អ្នកវិនិយោគ ដើម្បី​ដក​ដើមទុន​នោះទេ។

លោក ឈួន ដា​រ៉ា ចាត់ទុកថា នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា ដែល​ក្រុមហ៊ុន នៅ​ម៉ាឡេស៊ី បាន​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន​អេ​រ៉ា ហូ​ធែ​ល និង​ស៊ូ​ន ស៊ូ​ន គ្រុប​វិនិយោគ​ទៅលើ ផលិតផល​មី​ហ្គោល​នៅ​កម្ពុជា​។

លោក គី ទី​គា អគ្គនាយក​ក្រុមហ៊ុន​អេ​រ៉ា ហូ​ធែ​ល និង​ស៊ូ​ន ស៊ូ​ន គ្រុប បាន​មានប្រសាសន៍ថា​​ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ឆ្នាំ​២០១៧ មី​ហ្គោល ទទួលបាន​ការលក់​ចេញ​ប្រមាណ​ជិត ៣០​លាន​ដុល្លារ​អាមេរិក ហើយ​លោក​សង្ឃឹមថា​នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​នឹងធ្វើ យ៉ាងណា​ឲ្យ​ផលិតផល មី​ហ្គោល​លក់​កើន​ជាង​៤០​លាន​ដុល្លារ​អាមេរិក។

លោក​បន្ដ​ថា ​ការដែល​ប្រជាពលរដ្ឋ​ជឿជាក់​ទៅលើ​ផលិតផល មី​ហ្គោល​នេះ ​ដោយសារតែ​វា​ជា​ផលិតផល​មួយ​បាន​ផលិត​យ៉ាង​ផ្ចិតផ្ចង់ ដោ​យស​សៃ​រ​មី​ផលិត​ឡើង​ពី​ម្សៅ​មី​សុទ្ធ​ធម្មជាតិ​១០០% និង​ទឹក​ស៊ុប​រសជាតិ​ឆ្ងាញ់ កំរិតស្តង់ដា​ខ្ពស់​របស់ (Mamee & Eragold Singapore) ក្រោម​ទិសដៅ ៣​ចំបង​គឺ គុណភាព​ខ្ពស់ អនាម័យ​ល្អ និង​សុខភាព។​

នៅក្នុង​ឱកាស​នោះដែរ​លោក​ឈួន​ដា​រ៉ា​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​អេ​រ៉ា ហូ​ធែ​ល និង​ស៊ូ​ន ស៊ូ​ន គ្រុប​ត្រូវធ្វើ​យ៉ាងណារ​ថែរក្សា​នូវ​គុណភាព​នៃ​រស់ជាតិ​មី​ហ្គោល​នេះ​ឲ្យ​បាន​ល្អជា​រៀង​រហូត​តែម្តង​ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បានទទួល​នូវ​សុខ​ភាពល្អ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu