•បឺត សង្ឃឹម បានចំណាត់ថ្នាក់លេខ៣
អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់TV5 Knock Out Series by K.Cement ទម្ងន់៥៧គីឡូក្រាម ក្រោយពីគេបានយកឈ្នះ ធន អៀងឡៃ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយពិន្ទុ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រលើសង្វៀនTV5 ព្រែកកំពឹស កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cementបានចាប់ផ្ដើមតាំងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨មក ហើយបានបញ្ចប់ ហើយនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបានដំណើរការប្រកួតអស់រយៈពេលជិត៤ខែនោះ។ ព្រឹត្តិការណ៍ដែលការប្រកួតមានតែ៣ទឹកនេះ មានអ្នកប្រដាល់ចូលរួមចំនួន៣២រូប មកពី៣២សមាគម-ក្លិប។
ការប្រកួតជម្រុះមានចំនួន៣ជុំ គឺជុំទី១ ជម្រុះពី៣២រូប យក១៦រូប ជុំទី២ ជម្រុះពី១៦រូប មក៨រូប និង ជុំទី៣ ជម្រុះពី៨រូប យក៤រូប ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមពាន ឯអ្នកចាញ់ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣។
ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ គឺជាអ្នកប្រដាល់តែមួយរូបគត់ ដែលប្រកួតមិនស្គាល់ចាញ់សោះនៅក្នុងព្រឹត្តិការណ៍នេះ។ សាម៉េត ប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ធន អៀងឡៃ មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ដែលជាអ្នកប្រដាល់ជើងថ្មី។
អៀងឡៃ ដែលខិតខំវាយប្រហារដោយមិនសំចៃកម្លាំងលើ សាម៉េត នោះ បែរជាវាយមិនសូវចំគោលដៅនោះឡើយ ផ្ទុយទៅវិញការវាយចេញរបស់ សាម៉េត មានប្រសិទ្ធភាពច្រើនជាង។ ពួកគេប្រកួតគ្នា៣ទឹកពេញ។
សាម៉េត ត្រូវចៅក្រមទាំង៥ផ្ដល់ពិន្ទុឲ្យឈ្នះ ធន អៀងឡៃ ដោយឯកច្ឆន្ទតែម្ដង គឺចៅក្រមទាំង៥រូប សុទ្ធតែផ្ដល់ពិន្ទុឲ្យ ម៉ន សាម៉េត ឈ្នះធន អៀងឡៃ។ ជាមួយនឹងជ័យជំនះនេះ សាម៉េត គ្រប់គ្រងពានជើងឯក ដែលមានប្រាក់រង្វាន់អម៤.០០០ដុល្លារ។ ចំពោះ អៀងឡៃ ជាជើងឯករង ដែលមានពាន និងរង្វាន់អម២.០០០ដុល្លារដែរ។
ចំពោះការប្រជែងដណ្ដើមយកចំណាត់ថ្នាក់លេខ៣វិញនោះបឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាកបានយកឈ្នះ គួន ប៊ុនហ៊ីម ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងនៅទឹកទី១។
សង្ឃឹមដែលបានចំណាត់ថ្នាក់លេខ៣ បានពាន និង រង្វាន់អម៧៥០ដុល្លារ ឯ គួន ប៊ុនហ៊ីម ដែលចាញ់នោះ បានពានលើកទឹកចិត្ត និងរង្វាន់អម៥០០ដុល្លារ។
ការប្រកួតជាមិត្តភាពជាមួយថៃនោះ ហ៊ឹម សេរី ក្លិបតាព្រហ្មមានជ័យផ្ដួលអ្នកប្រដាល់ថៃយ៉ត តាចាក់(YorthTachak)នៅទឹកទី៤។ អ្នកប្រដាល់កម្ពុជាជូ សុជៀប ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ចាញ់អ្នកប្រដាល់ថៃគៀងកៃ(Keang Kai)ដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments