ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានសហការជាមួយក្រសួង អភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សជាតិថៃ សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់កុមារ កម្ពុជាអាយុពី០៧-១៣ ឆ្នាំ ចំនួន០៨ នាក់ ដែលត្រូវបានឪពុកម្តាយឲ្យទៅធ្វើជាអ្នកសុំទាននៅប្រទេសថៃ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានថ្លែងឲ្យដឹងកាលពីវេលាម៉ោង០៥ និង២០ នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ហើយកុមារទាំង៨នាក់នេះ នឹងត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៣ សីហា ឆ្នាំ ២០១៥ វេលាម៉ោង១១ និង៣០ នាទីថ្ងៃត្រង់។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងដែរថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម អន្តរាគមន៍ជួយស្ត្រីខ្មែររងគ្រោះ០១ នាក់ ឈ្មោះ លេង ធីតា អាយុ២១ ឆ្នាំ មានស្រុកកំណើត នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលត្រូវគេចាប់ជំរត់ ដើម្បីជួញដូរផ្លូវភេទ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ឲ្យបានធ្វើមាតុភូមិនិវត្តន៍វិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ដោយរថយន្តតាមច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ វេលាម៉ោង១៣ និង០០ នាទីរសៀល។
ចំណែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្គ្រោះស្ត្រីខ្មែរ ០១ រូប ឈ្មោះ ស្រី សានី អាយុ៣៩ ឆ្នាំ មានស្រុកកំណើតនៅស្រុករវៀង ខេត្តព្រះវិហារ ដែលបានទៅធ្វើការជាស្ត្រីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុននៅប្រទេស ម៉ាឡេស៊ីឈ្មោះ Sri Nadin តាំងពីឆ្នាំ ២០០៩ ឲ្យបានធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១៥ សីហា ឆ្នាំ ២០១៥ តាមជើងយន្តហោះ AK 534 នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ វេលាម៉ោង១៥ និង៥៥ នាទីរសៀល។
ជាមួយនឹងការលើកឡើងខាងលើនេះ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសបានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរ ពិសេសអាណាព្យាបាលទាំងឡាយ ដែលមាន កូនតូចៗក្នុងបន្ទុក សូមគិតគូរឲ្យបានម៉ត់ចត់កុំបណ្តែតបណ្តោយឲ្យកុមារទាំងនោះ ទៅធ្វើជាអ្នកសុំទានមិនថា នៅក្នុង ឬនៅក្រៅប្រទេស និងប្រើប្រាស់ពលកម្មកុមារដើម្បីបំរើផល ប្រយោជន៍ផ្ទាល់ខ្លួន ពីព្រោះកុមារ គឺជាជនងាយរងគ្រោះ និងជាជនងាយប្រឈមនឹងការជួញដូរ មនុស្ស គួរផ្តល់ឱកាសឲ្យកុមារទាំងនោះ បានទៅសាលាដើម្បីរៀនសូត្រប្រសើរជាង៕
ស្ថានទូតកម្ពុជានៅថៃជួយសង្គ្រោះកុមារសុំទានចំនួន៨នាក់បញ្ជូនត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៣សីហា
0 Comments