ភ្នំពេញ ៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិនិងកម្ពុជាក៏ដូចរវាងអង្គការសហប្រជាជាតិជាមួយអាស៊ានគឺពិតជាមានសារ សំ ខាន់ខ្លាំងណាស់។
លោកបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិជាមួយកម្ពុជាក៏ដូចរវាងអង្គការសហប្រជាជាតិជាមួយអាស៊ាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងដូច្នេះ កាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ម៉ោងនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសដែលលោក បានជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកសំណើរចំនួន៣ទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងទទួលបាននូវការឯកភាពពីលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ទី១-ពាក់ព័ន្ធទៅនិងការិយាល័យអង្គការសិទ្ធមនុស្ស របស់អង្គការសហប្រជាជាតិ នៅកម្ពុជា ដែលគ្រោងនិងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨នេះ សម្តេចបានអនុញ្ញាតឲ្យរយៈពេល ២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខនៅពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវនោះ នឹងមានការចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងតំណាងស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
សម្តេចតេជោបន្តថា កម្ពុជាពិតជាមានឆន្ទៈពេញលេញក្នុងការបន្តធ្វើការងារ ជាមួយនិងអង្គការសហប្រជាជាតិស្តីពីសិទ្ធមនុស្ស។
ទី២-សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការសហប្រជាជាតិស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។ សម្តេចមានប្រសាសន៍ថា កម្ពុជានឹងបន្តសកម្មភាពទាំង នោះដូចអ្វីដែលកម្ពុជាធ្លាប់បានអនុវត្តន៍ពីពេលមុនៗមានន័យថា អង្គការសហប្រជាជាតិបានស្នើ ឲ្យកម្ពុជាបន្តបង់ថវិកាលើការចំណាយរបស់មន្ត្រីបុគ្គលិកកម្ពុជាដែលធ្វើការនៅសាលាក្តីខ្មែរក្រហម។
ទី៣- រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែធំ ថែមទៀត លើបេសកកម្មនៃការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលថាតើប្រទេសណាទៀត ត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហ ប្រជាជាតិ។
ជាការឆ្លើយតប លោកអគ្គលេខាធិការអង្គការសហប្រជាជាតិមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត។
ចំពោះចំណុចទី ២ និងទី៣ លោកអគ្គលេខាធិការ មានប្រសាសន៍ថា កម្ពុជាពិតជាមានឆន្ទៈពិតប្រាកដក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ។
ក្នុងជំនួបគ្នានោះ លោកអគ្គលេខាធិការអង្គការសប្រជាជាតិមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិនិងកម្ពុជាក៏ដូចរវាងអង្គការសហប្រជាជាតិជាមួយអាស៊ានគឺពិតជាមានសារសំខាន់ខ្លាំងណាស់។ លោកបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិជាមួយកម្ពុជា ក៏ដូចរវាងអង្គការសហប្រជាជាតិជាមួយអាស៊ាន ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments