ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក ប៊ួយកូ បូរីសូវ (Boyko Borissov)នាយករដ្ឋមន្ត្រីប៊ុលហ្ការី កាលពីរសៀលថ្ងៃទី២៨ កញ្ញានៅបុរីញូវយ៉ក។ នេះបើយោងតាមការឲ្យដឹងរបស់អ្នករាយការណ៍ពិសេសទូរទស្សន៍ជាតិកម្ពុជានាព្រឹកថ្ងៃទី ២៩ កញ្ញានេះ។
នៅក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការីកាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជានៅពេលដែលកម្ពុជា បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀតទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ជំរាបជូនសមភាគីនាយករដ្ឋមន្ត្រី ប៊ុលហ្ការី ដែរថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈ ដោយស្ថានភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។
ជាការឆ្លើយតប លោក នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការីដែលនោះគឺជាឱកាសដែលសម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្ការី។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ជម្រាបជូនសមភាគី ប៊ុលហ្ការី ពីគោលបំណងនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០ ដែលក្នុងនោះបណ្តាប្រទេសអាស៊ានបានឯកភាពរួចហើយរួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនផងដែរ។
លោកនាយករដ្ឋមន្ត្រីប៊ុល ហ្ការី បានឯកភាពចំពោះសំណើរបស់សម្តេចតេជោ និងបានចាត់ទុកថា វាគឺជាឱកាសឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments