Ad Code

ស្ថានទូត​កម្ពុជា​នៅ​ថៃ​ធ្វើ​អន្តរាគមន៍​ឲ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​២​នាក់

ភ្នំពេញ​ ៖​ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ធ្វើ​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ជុំ សុន្ទរី ​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។


លោក​ជុំ សុន្ទរី ​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ណែនាំ​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ​ សុំ​ឲ្យ​ធ្វើ​ការ​ដោះលែង​ពលរដ្ឋ​ខ្មែរ​២​នាក់ ​ឈ្មោះ​ថន សុភា​ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ និង​ឈ្មោះ​ស៊ុ​ក សុវណ្ណ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ ពី​បទ​ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ ហើយ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ប៉ា​តា​យ៉ា រ៉េ​ម៉​ង់ (Pattaya Remand)។


តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​បញ្ជាក់​ថា ឪពុកម្តាយ​របស់​ជន​រងគ្រោះ​ទាំងពីរ​នាក់ បានស្នើ​សុំ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ជួយ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ថៃ ដោះលែង​កូន​របស់​ពួកគាត់​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​បាន​អះអាង​ថា ទិដ្ឋាការ​របស់​កូន​ទាំង​២​នាក់ ត្រូវ​បាន​មេខ្យល់​ឈ្មោះ​សំអាង អ៊ីង ជា​អ្នក​ធ្វើឲ្យ​ ហើយ​មេខ្យល់​រូបនេះ​បាន​ប្រាប់​ថា​ជា​ទិដ្ឋាការ​ស្របច្បាប់។


ជាមួយគ្នា​នោះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើការ​អំពាវនាវ​ជាថ្មី​ដល់​ពលរដ្ឋ​ខ្មែរ​យើង​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​ ចំពោះ​ឧបាយកល​បោកប្រាស់​គ្រប់​រូបភាព​របស់​មេខ្យល់ ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​តែប៉ុណ្ណោះ៕



ស្ថានទូត​កម្ពុជា​នៅ​ថៃ​ធ្វើ​អន្តរាគមន៍​ឲ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​២​នាក់

Post a Comment

0 Comments

Close Menu