ប្រទេសមីយ៉ាន់ម៉ានិងបណ្តាភ្នាក់ងារអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃពុធ ដែលអាចនាំឲ្យមានការវិលត្រឡប់មកវិញនូវជនមូស្លីមរ៉ូហ៊ីងយ៉ាចំនួន ៧០០,០០០នាក់ ដែលបានរត់គេចចេញពីការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ ដោយកងកម្លាំងសន្តិសុខរបស់ប្រទេសហើយឥឡូវនេះកំពុងប្រមូលផ្តុំក្នុងជំរំបណ្ដោះអាសន្ននៅបង់ក្លាដែស។
អនុស្សរណៈនៃការយោគយល់នេះបានសន្យាថានឹងបង្កើត “ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ” ដែលមានគោលបំណងបង្កើតលក្ខខណ្ឌសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត សុវត្ថិភាពនិងប្រកបដោយនិរន្តរភាពដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានរងការចោទប្រកាន់រំលោភសេពសន្ថវៈ សម្លាប់ ធ្វើទារុណកម្មនិងដុតផ្ទះជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ឃីនដែលជាកន្លែងពួករ៉ូហ៊ីងយ៉ាភាគច្រើនរស់នៅ។
អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកបានពណ៌នាអំពីការបង្ក្រាបរបស់កងទ័ពដែលបានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុនថាជា “ការបោសសម្អាតជនជាតិភាគតិច”។
មីយ៉ាន់ម៉ានិងបង់ក្លាដែសបានយល់ព្រមកាលពីខែវិច្ឆិកាដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ា។ ប៉ុន្តែជនភៀសខ្លួនមានការភ័យខ្លាចថា ជីវិតរបស់ពួកគេនឹងស្ថិតក្នុងហានិភ័យនៅប្រទេសមីយ៉ាន់ម៉ាប្រសិនបើគ្មានការឃ្លាំមើលពីអន្តរជាតិទេនោះ។
លោក Knut Ostby អ្នកសម្របសម្រួលកម្មវិធីអង្គការសហប្រជាជាតិសម្រាប់ការតាំងទីលំនៅនិងមនុស្សធម៌ប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាជំហានដំបូងដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយវិបត្តិ។
លោក Ostby បានថ្លែងថា “មានការងារជាច្រើនដែលត្រូវធ្វើ។ កិច្ចការនេះមិនគួរត្រូវបានប៉ាន់ស្មានឡើយ។ យើងកំពុងនិយាយអំពីមនុស្សប្រហែល៧០០,០០០នាក់ដែលមិនត្រឹមតែត្រូវវិលត្រឡប់មកវិញប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវមានលក្ខខណ្ឌត្រឹមត្រូវសម្រាប់ពួកគេក្នុងការវិលត្រឡប់ផងដែរ”។
UN បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យភ្នាក់ងារជនភៀសខ្លួននិងភ្នាក់ងារអភិវឌ្ឍន៍របស់ខ្លួនចូលទៅដល់រដ្ឋរ៉ាក់ឃីន៕ AP
Source: Kampuchea Thmey Daily
0 Comments