Ad Code

លោក​​Duterte​ និយាយ​ថា នឹង​ចុះ​ចេញពី​តំណែង ​ប្រសិនបើ​មាន​ស្ត្រី​គ្រប់គ្រាន់​តវ៉ា​អំពី​ការ​ថើប​ជញ្ជក់មាត់



ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte បាន​និយាយ​ការពារ​ការ​ថើប​ជញ្ជក់មាត់​លើ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ដែល​រៀបការ​រួច​ម្នាក់​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​លើកឡើងថា គាត់​នឹង​លាលែង​ពី​តំណែង​ប្រសិនបើ​ស្ត្រី​គ្រប់រូប​មានការ​អាក់អន់ចិត្ត ​និង​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ដែល​អំពាវនាវ​ឲ្យ​គាត់​ចុះ​ចេញពី​តំណែង។

លោក Duterte បាន​ពណ៌នា​អំពី​ការ​ថើប​កាលពី​ថ្ងៃអាទិត្យ​ថា​ជា “​ការសម្តែង​សុទ្ធសាធ​” ដែលមាន​គោលបំណង​ដើម្បី​ផ្តល់​ការកម្សាន្ត​ដល់​ក្រុម​ជនជាតិ​ហ្វីលីពីន​នៅក្រៅ​ប្រទេស​។​

លោក Duterte បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​អង្គារ​ក្រោយ​ការវិលត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ថា “​ប្រសិនបើ​មាន​ស្ត្រី​គ្រប់គ្រាន់​នៅទីនេះ​ចុះហត្ថលេខា​លើ​ញត្តិ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​នោះ ខ្ញុំ​នឹង​លាលែង​ពី​តំណែង​”​។​

បណ្តាញ​ព័ត៌មាន​សង្គម​បានបង្ហាញ​រូបភាព​និង​វីដេអូ​របស់លោក Duterte នៅលើ​ឆាក​ហើយ​បានស្នើ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ឲ្យ​ថើប​ជញ្ជក់មាត់​ជាមួយ​គាត់​ជា​ថ្នូរ​នឹង​សៀវភៅ​មួយ​ក្បាល​ដែល​គាត់​កំពុង​ចែកចាយ​។ ស្ត្រី​ម្នាក់​នោះ​ដែលមាន​ភាព​រំភើប​ក្នុង​ការជួប​លោក Duterte ដោយផ្ទាល់​គឺ​បាន​យល់ស្រប​។​

លោក​បាន​និយាយថា ការ​ថើប​ជញ្ជក់មាត់​ស្ត្រី​គឺជា “​ស្ទីល​” របស់គាត់​ក្នុងអំឡុងពេល​២២​ឆ្នាំ​របស់គាត់​នៃ​ការ​កាន់​តំណែង​ជា​ចៅហ្វាយក្រុង Davao មុនពេល​ក្លាយជា​ប្រធានាធិបតី​។​

លោក Duterte ដែលមាន​អាយុ​៧៣​ឆ្នាំ​បាន​និយាយថា “​អំឡុងពេល​ការ​កាន់តំណែង​របស់ខ្ញុំ​ជា​ចៅហ្វាយក្រុង ខ្ញុំ​បាន​ថើប​ស្ត្រី​ទាំងអស់​នៅ​ទីនោះ​ដោយ​បបូរមាត់​ទល់នឹង​បបូរមាត់​។ បញ្ហា​គឺថា អ្នក​មិន​ស្គាល់​ខ្ញុំ​”​។​

ការកត់សម្គាល់​ដ៏​ចម្រូងចម្រាស​របស់លោក Duterte ស្តីពី​ស្ត្រី​គឺ​រួមមាន​ទាំង​ការនិយាយ​លេង​ជា​សាធារណៈ​ជាច្រើនលើក​អំពី​ការរំលោភ​សេពសន្ថវៈ​ផងដែរ​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​បន្ថយ​ការគាំទ្រ​ក្នុងស្រុក​របស់​គាត់​ទេ​ហើយ​ប្រជាជន​ហ្វីលីពីន​ជាច្រើន​ បាន​ចាត់ទុក​ភាព​មិន​ត្រឹមត្រូវ​ខាង​នយោបាយ​និង​ភាសា​មិន​សមរម្យ​របស់​គាត់​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​អំពាវនាវ​របស់គាត់​។​

ក្រុម​តស៊ូ​មតិ​សិទ្ធិ​នារី​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បើក​យុទ្ធនាការ #BabaeAko (​ខ្ញុំ​ជានា​រី​) តាម​អន​ឡាញ​ដើម្បី​ផ្ញើ​សារ​មួយ​ថា ពួកគេ​មិន​ទទួលយក “​សេចក្តី​ថ្លែងការណ៍​ប្រកាន់​ភេទ​” របស់លោក Duterte ទេ៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu