លោក Mariano Rajoy ដែលជាបុគ្គលនយោបាយដ៏សំខាន់មួយរូបរបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែងជាប្រធានគណបក្សប្រជាជនអភិរក្ស (PP) បន្ទាប់ពីត្រូវបានគេបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។
បុរសវ័យ៦៣ឆ្នាំរូបនេះដែលត្រូវបានដកចេញពីតំណែងកាលពីសប្តាហ៍មុននៅក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្តមួយបន្ទាប់ពីអតីតមន្ត្រីមកពីគណបក្សរបស់គាត់ត្រូវបានផ្តន្ទាទោសនៅក្នុងរឿងអាស្រូវពុករលួយបាននិយាយថា “ខ្ញុំគិតថាពេលវេលាបានមកដល់ហើយ”។
លោកបានប្រាប់សមាជិកគណបក្សថា “PP ត្រូវតែបន្តជំរុញនិងកសាងប្រវត្តិសាស្ត្ររបស់ខ្លួនក្រោមការដឹកនាំរបស់មនុស្សម្នាក់ទៀត”។
លោក Rajoy បានថ្លែងថា កិច្ចប្រជុំប្រតិបត្តិថ្នាក់ជាតិមួយនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះដើម្បីអំពាវនាវឲ្យមានសមាជជាបន្ទាន់មួយដែលនឹងបើកដំណាក់កាលថ្មីមួយសម្រាប់គណបក្សនិងជ្រើសរើសអ្នកស្នងតំណែងរបស់គាត់។
លោកបានបន្ថែមថា លោកនឹងបន្តកាន់តំណែងជាមេដឹកនាំ PP រហូតដល់អ្នកស្នងតំណែងត្រូវបានជ្រើសរើសប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទឬថ្ងៃកំណត់នោះទេ។
ការចុះចេញរបស់លោក Rajoy គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលសំឡេងភាគតិចរបស់គាត់បានរៀបចំកញ្ចប់ថវិកាឆ្នាំ២០១៨ដែលត្រូវបានអនុម័តបើទោះបីជាមានការជំទាស់យ៉ាងខ្លាំងក៏ដោយ។
គណបក្សសង្គមនិយមដែលជាបក្សប្រឆាំងបានដាក់ញត្តិសម្តែងការមិនទុកចិត្តមួយដែលបានអនុម័តកាលពីថ្ងៃសុក្រ។ លោក Rajoy ត្រូវបានដកចេញហើយត្រូវជំនួសតំណែងជានាយករដ្ឋមន្ត្រីដោយប្រធានគណបក្សសង្គមនិយមលោក Pedro Sanchez ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលគេឲ្យតម្រុយថាអាចនឹងជំនួសលោក Rajoy គឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Maria Dolores de Cospedal ដែលបច្ចុប្បន្នជាអនុប្រធាន PP៕ AFP
Source: Kampuchea Thmey Daily
0 Comments