Ad Code

កម្ពុជា​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​គុណភាព​ដី​ឆ្នាំ​២០១៨ ក្រោម​ពាក្យស្លោក “​ដី​មានតម្លៃ​ពិតប្រាកដ សូម​ចំណាយ​ដើម្បី​ថែរក្សា​”



​ភ្នំពេញ ​៖ ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​គុណភាព​ដី​ឆ្នាំ​២០១៨ ក្រោម​ពាក្យស្លោក “​ដី​មានតម្លៃ​ពិតប្រាកដ សូម​ចំណាយ​ដើម្បី​ថែរក្សា​” នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ភូមិ​ត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៣​កើត ខែ​បឋម​សាធ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០១៨ មាន អ្នកចូលរួម ប្រមាណ ៥០០ នាក់។



ក្រសួងកសិកម្ម​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំនេះ ការ​ប្រារព្ធ​ទិវា​ពិភពលោក​ដ៏​មាន​អត្ថន័យ​នេះ គឺ​ប្រព្រឹត្ត​នៅ​ប្រទេស​អេ​ក្វា​ឌ័​រ ក្នុង​គោលបំណង ដើម្បី​ទាក់ទាញ​ឲ្យ​ពិភពលោក​ទាំងមូល​ចាប់អារម្មណ៍ និង​យល់​ជ្រួត​ជ្រាប​ថា ការចូលរួម​យ៉ាងសកម្ម​របស់​សហគមន៍​មូលដ្ឋាន និង​កិច្ច​សហប្រតិបត្តិការ​នៅ​គ្រប់​កម្រិត ក្នុងការ​បញ្ឈប់ ឬ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ធ្លាក់ចុះ​គុណភាព​ដី គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ជាពិសេស គឺ​ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិយា​ប័ន្ន និង​និរន្តរភាព​។



​ក្នុង​ឋានៈ​ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​សាកល​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​អេ​ក្វា​ឌ័​រ​ក៏បាន​ប្រកាស​ផ្សព្វផ្សាយ​អំពី “​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការគ្រប់គ្រង​ដី​ដោយ​និរន្តរភាព​” ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ គុណភាព​ដី​។ ព្រឹត្តិការណ៍​ក្នុងថ្ងៃនេះ​ទៀតសោត ក៏មាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក កំពុង​ធ្វើ​សកម្មភាព និង​យុទ្ធនាការ​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​អបអរសាទរ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ​ផងដែរ​។



ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការធ្លាក់ចុះ​គុណភាព​ដី តែងតែ​ត្រូវ​បាន​ប្រារព្ធ​ធ្វើជា​សាកល​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៧ ខែមិថុនា ចាប់តាំងពី​ឆ្នាំ​១៩៩៥ រៀង​រហូតមក ក្នុង​គោលបំណង​បង្កើន​ចំណាប់អារម្មណ៍​របស់​សាធារណជន​អំពី​មូលហេតុ​ផ្សេងៗ ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​គុណភាព​ដី និង​គ្រោះ​រាំងស្ងួត ព្រមទាំង​ផលវិបាក​ផ្សេងៗ ដែល​ជះឥទ្ធិពល​មក​លើ​ជីវិត​សត្វលោក​នៅលើ​ភព​ផែនដី​យើង​នេះ ពិសេស​ជីវភាព​រស់នៅ​របស់​បងប្អូន​កសិករ​នៅ​តំបន់​ជនបទ ដែល​ពឹង​អាស្រ័យ​លើ​ការងារ​បង្កបង្កើនផល​កសិកម្ម​។ ជាការ​ពិត សម្ពាធ​នៃ​កំណើនសេដ្ឋកិច្ច និង​ប្រជាជន បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រានដី​ថ្មី និង​ប្រើប្រាស់​ដី​លើស​កម្រិត ដែលជា​បណ្តាល​ឲ្យ​មាន​ប្រព័ន្ធ​បរិស្ថាន​ព្រៃឈើ និង​ការធ្លាក់ចុះ​គុណភាព​ដី​ដែលនាំ​ឲ្យ​មានការ​ថយចុះ ឬ​បាត់​ផលិតភាព​សេដ្ឋកិច្ច​នៃ​ដីស្រែ ចម្ការ វាលស្មៅ និង​ព្រៃឈើ​។ បញ្ហា​ទាំងអស់​នេះ បាន​ទាញ​នូវ​ចំណាប់អារម្មណ៍​ជាច្រើន ជាពិសេស​សហគមន៍ជាតិ និង​អន្តរជាតិ ព្រោះ​បានធ្វើ​ឲ្យ​មនុស្សជាតិ​នៅលើ​ពិភពលោក​ជាង ២៥០​លាន​នាក់ បាននឹងកំពុង​ទទួល​រង​នូវ​ផលប៉ះពាល់​នេះ​។



ប្រាកដ​ណាស់​ថា ការ​ធ្លាក់ចុះ​គុណភាព​ដី មិនទាន់​ត្រូវបាន​ពិភពលោក​យកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ទោះបីជា​អ្នកវិទ្យាសាស្ត្រ និង​ប្រទេស​ជាច្រើន​បាន​អះអាង​ថា មនុស្សជាតិ​អាច​ទប់ស្កាត់ ឬ ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ទាំង​នោះបាន ជាពិសេស​តាមរយៈ​ការពង្រឹង​ការចូលរួម​របស់​សហ​គម​ន៍ និង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​នៅ​គ្រប់​កម្រិត​ក៏ដោយ​។

គួរ​បញ្ជាក់​ថា ក្នុង​ចន្លោះ​ឆ្នាំ​២០១២ និង​២០១៤ មាន​មនុស្ស​នៅក្នុង​ពិភពលោក​ជាង ៨០០​លាន​នាក់ ឬ ម្នាក់ ក្នុងចំណោម​មនុស្ស ៨​នាក់ ពុំ​មាន​ស្បៀងអាហារ ឬ​ពុំ​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ឡើយ ហើយ​ការ​យកចិត្តទុកដាក់​អំពី​គុណភាព​ដី​កសិកម្ម នៅតែ​មាន​សារៈសំខាន់ ដោយសារ ថាមពល​ក្នុង​អាហារ​ដែល​យើង​ទាំងអស់គ្នា​បរិភោគ ច្រើនជាង ៩៩% គឺ​បានមកពី​ដី​កសិកម្ម​។



សូម​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​ហត្ថលេខី​នៃ​អនុសញ្ញា​សហប្រជាជាតិ​ទប់ស្កាត់​ឱនភាព​ដី នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៩៤ ហើយ​បាន​ផ្តល់​សច្ចាប័ន​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​១៩៩៧ ដោយមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ស្ថាប័ន​បង្គោល​។ មកដល់ពេលនេះ អនុសញ្ញា​នេះ​មាន​សមាជិក ឬ​ភាគី​ចំនួន​១៩៦​ប្រទេស​។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​អនុសញ្ញា​នេះ យើង​មាន​កាតព្វកិច្ច​ចូលរួម និង​សហការ​ជាមួយ​ពិភពលោក អនុវត្ត​សកម្មភាព​នានា​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​បានរៀបចំ “​កម្មវិធី​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​នៃ​គុណភាព ហើយ​ត្រូវបាន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ ថ្មីៗ​នេះ ដើម្បី​ឲ្យ​អនុវត្ត​ទូទាំងប្រទេស ដោយ​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន សមាគមន៍ ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធ្វើជា​មធ្យោបាយ​គន្លឹះ​ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែលមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​គុណភាព​ដី។



​គួរ​រំឭក​ផង​ដែរ ជា​រៀងរាល់​ឆ្នាំ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ការ​ធ្លាក់ចុះ​នៃ​គុណភាព​ដី និង​គ្រោះមហន្តរាយ​ពី​ធម្មជាតិ ព្រះរាជាណាចក្រ​កម្ពុជា​តែងតែបាន​រៀបចំ​ព្រះរាជ​ពិធី រុក្ខទិវា ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ដែល​បានបង្ហាញ​ពី​ការ​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់​ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​ប្រពៃ​ក្នុង​ការជួយ​ពង្រឹងស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ លើ​ជោគវាសនា​អនាគត​នៃ​ការ​គ្រប់​ធនធានធម្មជាតិ​បានល្អ​ប្រសើរ​សម្រាប់​មនុ​ស្ស​ជំនាន់​ក្រោយ។ លើសពី​នេះ​ទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួម​ទាំង​រដ្ឋបាល​រាជធានី ខេត្ត ក៏បាន​បំផុស​ចលនា​ប្រជាជន ដើម្បី​ចូលរួម​ដាំ​ដើមឈើ ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃឈើ​ឲ្យ​បាន​ល្អ​ប្រសើរ ដែលជា​សារៈ​ប្រយោជន៍​ដ៏​សម្បូរ​បែប​ដល់​សង្គមជាតិ​ទាំងមូល ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ដាំ​ឈើ​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ផងដែរ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​ក៏បាន​ជំរុញ​ឲ្យ​មាន​រៀបចំ​ផែនទី​កំណត់​តំបន់​ដី​ដាំ​ដុះ​ដំណាំ​កសិកម្ម ឲ្យ​ស្រប​ទៅតាម​ប្រភេទ​មុខ​ដំណាំ​នីមួយៗ ដើម្បី​ធានា​ការគ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម​ឲ្យ​មាន​និរន្តរភាព​។ លើស​ពី​នេះ​ក៏​ក្រសួង​បាននឹងកំពុង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​កសិករ និង​វិស័យ​ឯកជន រួម​ជាមួយនឹង​ការ​ដាក់ចេញ​នូវ​វិធានការ​នានា​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង ប្រើប្រាស់​ថ្នាំ​និង​ជី​កសិកម្ម ហើយ​និង​ការផលិត​ផលិតកម្ម​កសិកម្ម​ល្អ​។ នៅ​ឆ្នាំ​២០១៧ កន្លងទៅ យើង​បាន​ប្រារព្ធ​ទិវា​នេះ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​បង្កើន​ចំណាប់អារម្មណ៍ ពង្រឹងសមត្ថភាព បញ្ជ្រាប​ការគ្រប់គ្រង​ដីធ្លី ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ និស្សិត សហគមន៍ និង​ប្រជាពលរដ្ឋ៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu