ស្ទឹងត្រែង ៖ ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម បានចុះពិនិត្យចំណីអាហារ ដែលបងប្អូនអាជីវករលក់តាមស្តង់ និងនៅក្នុងតូបនីមួយៗ ដើម្បីស្រាវជ្រាវ មើលថាតើ ចំណីអាហារណាមួយមានផ្ទុកសារជាតិគីមីដើម្បីជួយការពារ ផ្នែកសុខភាព ទៅដល់អ្នកបរិភោគ។
លោកពៅ ណារិទ្ធ មន្ត្រីសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា ៖ បងប្អូនអាជីវករ ក៏ដូចជាអ្នកទិញទំនិញទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់សុខភាព កុំយកចំណីអាហារ ដែលហួសកាលបរិច្ឆេទប្រើប្រាស់មកលក់ ហើយអ្នកទិញ ក៏ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ ដើម្បីពេលបរិភោគកុំឱ្យប៉ះពាល់សុខភាព។
លោកបញ្ជាក់ថា ៖ មន្ត្រីជំនាញ បានណែនាំ និងបិទរូបសញ្ញាផ្សព្វផ្សាយពន្យល់ដល់បងប្អូន អាជីវករឱ្យយកចិត្តទុកដាក់ព្យាយាមពិនិត្យមើលគ្រប់មុខទំនិញមុនពេលនាំចូលមកលក់ ទាំងស្លាកសញ្ញា និងគុណភាពជាចាំបាច់។
លោកស្រីចេង នីតា អ្នកលក់ទំនិញនៅក្រុងស្ទឹងត្រែង. បានសាទរជាមួយនឹងសកម្មភាព ចុះធ្វើកោសល្យវិច័យរបស់មន្ត្រីសាខាកាំកុងត្រូល ព្រោះថាកាលណាយើងបានត្រួតពិនិត្យហាក់ដូចជាបានបង្កើនការប្រុងប្រយ័ត្នលើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា។
លោកស្រីស្នើឲ្យមន្ត្រីសាខាកាំកុងត្រូល និងផ្នែកជំនាញពាក់ព័ន្ធជួយចុះពិនិត្យឲ្យបានញឹកញាប់ និងគ្រប់ទីកន្លែង ព្រោះបច្ចុប្បន្នមានទំនិញនាំចូលពីប្រទេសជិតខាងយើងច្រើន ហើយទំនិញខ្លះមិនមានបិទស្លាកសញ្ញាអ្វីឡើយ។
លោកស្រីភិនម៉ារីនៅភូមិត្រពាំងព្រីងសង្កាត់ក្រុងស្ទឹងត្រែង.សំដែងការគាំទ្រការលើកឡើងនេះ ព្រោះវាជាបំណងល្អធ្វើឱ្យប្រជាពលរដ្ឋយើងយល់ច្បាស់ពីវិធីសាស្ត្រការពារសុខភាព ដោយកន្លងមកបងប្អូនអាជីវករទិញចំណីអាហារមកលក់បន្តជឿលើតែម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតតែប៉ុណ្ណោះមិនដែលចេះត្រួតពិនិត្យពីផ្នែកជំនាញនោះទេ។
សូមបញ្ជាក់ថា ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើនចំពោះការប្រើប្រាស់ចំណីអាហារ ចំណែកសកម្មភាពចុះត្រួតពិនិត្យនេះ សមត្ថកិច្ចជំនាញ បានធ្វើជារៀងរាល់ខែផងដែរ៕
Source: Kampuchea Thmey Daily
0 Comments