ភ្នំពេញ ៖ យុវជនខ្មែរឥស្លាមម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តដឹកកុងតឺន័រ១គ្រឿង បើកលឿនជ្រុលទៅបុកអ្នកជិះម៉ូតូស៊ុយហ្ស៊ុយគីនិចពីក្រោយ ហើយរថយន្តព្យាយាមបើករត់បានចម្ងាយប្រហែល២គីឡូម៉ែត្រ ទើបឈប់ រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះទៀត លី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឈូកស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអ្នករងរបួសឈ្មោះសឹម អូស្មាន អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង1H-9230 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយនឹងរថយន្ដបង្ក ដោយម៉ូតូជនរងគ្រោះបើកពីមុខរថយន្ដ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានគេចពីម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ដែលកំពុងឈប់ចតនៅស្ងៀមលើចិញ្ចើមផ្លូវបេតុង ពេលដែលម៉ូតូងាកចេញមកឆ្វេងដៃបន្ដិច ក៏ត្រូវបានរថយន្តកុងតឺន័រទៅដល់បុកពីក្រោយបណ្ដាលឲ្យស្លាប់ និងរបួសបែបនេះតែម្ដង។
ប្រភពបន្ដថា ភ្លាមៗនោះ អ្នកបើករថយន្ដបង្កមិនបានឈប់នោះទេ គឺព្យាយាមបើករត់បានចម្ងាយប្រហែល២គីឡូម៉ែត្រទើបឈប់ ហើយអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់បន្សល់ទុកនៅទីនោះហើយសមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ដោយឡែកអ្នករបួសត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ៕
Source: Kampuchea Thmey Daily
0 Comments