Ad Code

កម្ពុជា​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជា​លើកដំបូង



ភ្នំពេញ ​៖ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ​ឆ្នាំ​២០១៨​ បាន​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជា​លើកដំបូង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក​បណ្ឌិត ពេ​ជ សោភ័ន ​បាន​មានប្រសាសន៍ថា​ ការរៀបចំ​ទិវា​ជាតិ​នេះ គឺ​ស្របតាម​អនុក្រឹត្យ​លេខ​១៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​មិថុនា រៀងរាល់​ឆ្នាំ ជា​“​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​” ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិស្សានុសិស្ស យុវជន​យុវនារី មាតាបិតា អាណាព្យាបាល និង​វិស័យ​ឯកជន ឱ្យ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ដល់​កម្លាំង​ពលកម្ម​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក។

លោក​បាន​បន្ត​ថា ទិវា​ជាតិ​រៀបចំឡើង​ក្នុង​គោលបំណង​ចំនួន​៥ គឺ (១)-​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន (២)-​ផ្សព្វផ្សាយ​ណែនាំ​អំពី​មុខជំនាញ​បច្ចេកទេស និង​ព័ត៌មាន​អាហារូបករណ៍​ដែល​មាន​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (៣)-​តាំង​បង្ហាញ​ពី​ស្នាដៃ​សិស្ស និស្សិត និង​ក្រុមហ៊ុន​ឯកជន (៤)-​ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​មហាជន និង​សិស្សានុសិស្ស​ឱ្យ​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ និង (៥)-​បង្កើត​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ វិស័យ​ឯកជន និង​អង្គការ​ជាតិ និង​អន្តរជាតិ​។​

លោក​បណ្ឌិត​បណ្ឌិត​ពេ​ជ​សោភ័ន​បានចាត់ទុក​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ គឺជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​សំខាន់​ផ្សេងៗ ទៀត​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាននិងកំពុង​ខិតខំ​ផ្តួចផ្តើម​សម្របសម្រួល និង​រៀបចំឡើង​ជាមួយ ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ភាពចាំបាច់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជូន​ដល់​មហាជន ជាពិសេស ក្មួយៗ​សិស្ស​និស្សិត និង​យុវជន​យុវនារី ដែល​តែងតែមាន​ការបារម្ភ​អំពី​ការជ្រើសរើស​ជំនាញ​និង​គ្រឹះស្ថាន​សម្រាប់​សិក្សា​បន្ត​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ដែល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ ដើម្បី​អាច​ឈាន​ចូល​ទៅក្នុង​ទីផ្សារ​ការងារ​ដោយ​ជោគជ័យ និង​ទទួល​បាន​ប្រាក់ចំណូល​កាន់តែ​ប្រសើរ។

ជាមួយគ្នានេះដែរ ទិវា​ជាតិ​នេះ ក៏​ជា​ការ​ប្រមូល​ផ្តុំ​នូវ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​រួមមាន គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រុមហ៊ុន​ឯកជន អង្គការ សមាគម និយោជក និង​វាគ្មិន​ជំនាញ ដែល​នឹង​ផ្តល់ឱកាស​ដល់​ក្មួយៗ​សិស្ស​និស្សិត និង​យុវជន​យុវនារី​បាន​ជួប​ផ្ទាល់​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន បទពិសោធន៍ និង​មគ្គទេសក៍​អំពី​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ ការបង្កើត អាជីព និង​ជម្រើស​ការងារ​សម្រាប់​អនាគត​របស់ខ្លួន​។​

លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ទិវា​ជាតិ​នេះ នឹងមាន​ការធ្វើ​បទ​បង្ហាញ​អំពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​តម្រូវការ​ទីផ្សារ​ការងារ​នៅ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​តាំង​ពិព័រណ៍ និង​ផ្សព្វផ្សាយ​របស់​អង្គភាព​ពាក់ព័ន្ធ​សរុប​ចំនួន ៧៣ រួមមាន​អង្គភាព និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​ក្រោម​ឱវាទ​ក្រសួង​ចំនួន ២៦ ក្រសួង​ស្ថាប័ន និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ចំនួន ១៥​អង្គការ និង​ដៃគូ​អភិវឌ្ឍ​ចំនួន​១១ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ២១ ស្ថាប័ន ដែល​បាន​ដាក់តាំង​បង្ហាញ​ពី​ស្នាដៃ​សិស្ស និស្សិត​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើ​ជំនាញ​មួយចំនួន​ដូចជា អគ្គិសនី អេ​ឡិច​ត្រូ​និ​ច មេកា​និក​សំណង់​ស៊ីវិល ស្ថាបត្យកម្ម ទេសចរណ៍ សុខាភិបាល និង​បដិសណ្ឋារកិច្ច ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​សេវាកម្ម ជាដើម ជាពិសេស​ការ​ដាក់​តាំង​បង្ហាញ​នូវ​ខ្សែសង្វាក់​ផលិតកម្ម​របស់​ផ្នែក​ឯកជន​ដែល​បាន​និង​កំពុង​ប្រើប្រាស់​អ្នក​ជំនាញ​បច្ចេកទេស​លើ​ទីផ្សារ​ការងារ ក៏ដូចជា​ការ​ប្រឹក្សា​យោបល់​អំពី​ជំនាញ និង​ការងារ និង​ព័ត៌មាន​អំពី​អាហារូបករណ៍​ផងដែរ​។​

តាមរយៈ​វេទិកា​ជាតិ​នេះដែរ​លោក​សង្ឃឹមថា សាធារណជន ប្អូនៗ​សិស្សានុសិស្ស នឹង​ទទួល​អត្ថប្រយោជន៍​ដ៏​មាន​សារៈសំខាន់​អំពី​ព័ត៌មាន ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បន្ថែម​ពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ តាមរយៈ​បទ​បង្ហាញ​របស់​វាគ្មិន ក៏ដូចជា​ការ​ទស្សនា​កា​រដាក់​តាំង​បង្ហាញ និង​ពន្យល់​បន្ថែ​មណោ​តាម​បញ្ជរ​នីមួយៗ​នា​ឱកាស​នេះ ជាពិសេស​ជំនាញ​ដែល​កំពុង​មាន​តម្រូវ​ក្នុង​ទីផ្សារ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ជា​មូលដ្ឋានគ្រឹះ​មួយ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​មក​សិក្សា​ឲ្យ​ស្របតាម​ទីផ្សារការងារ​។​

លោក​បាន​លើកយក​របាយការណ៍​មក​បញ្ជាក់ថា ​លទ្ធផល​នៃ​ការផ្សព្វផ្សាយ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧ កន្លងទៅនេះ គឺ​យើង​បានផ្តល់​ព័ត៌មាន​ដល់​សិស្សានុសិស្ស យុវជន និង​សាធារណជន​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​បាន​ចំនួន​សរុប ៤៨.៦៩៣​នាក់ ស្រី ១៩.៩១៨​នាក់ តាមរយៈ​វេទិកា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការចុះ​ផ្សព្វផ្សាយ​តម្រង់ទិស​វិជ្ជាជីវៈ​ទៅដល់​សិស្សានុសិស្ស​សាលា​ចំណេះ​ទូទៅ​គ្រប់​រាជធានី ខេត្ត ដោយ​ផ្សព្វផ្សាយ​តាម​ខិតប័ណ្ណ​បាន​ចំនួន​សរុប ៨១.៤៩៧​សន្លឹក បោះពុម្ព​សៀវភៅ​ព័ត៌មាន​ទូទៅ​របស់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ បាន​ចំនួន​សរុប ៣.៣០០​ក្បាល​។ បន្ថែម​ពីនេះ​ទៅទៀត ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន បណ្តាញ​សង្គម ការផលិត​ជា​វីដេអូ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​។

សម្រាប់​ឆ្នាំ​២០១៨ គិត​ត្រឹម​ឆមាស​ទី​១ នេះ ការ​ផ្សព្វផ្សាយ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​បានធ្វើ​ការចុះ​ផ្សព្វផ្សាយ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផ្ទាល់ ជូន​ដល់​សិស្សានុសិស្ស​សាលា​ចំណេះ​ទូទៅ និង​តាម​ភូមិភាគ និង​ការ​ចុះ​តម្រង់ទិស​វិជ្ជាជីវៈ​ដល់​សាលា​ចំណេះ​ទូទៅ​ដោយផ្ទាល់​សរុប ៩.៧៤៣​នាក់ ស្រី ៤.៦៥១​នាក់ មាន​សាលា​ចំណេះ​ទូទៅ (​អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ៥៥) និង​បាន ផ្សព្វផ្សាយ​តាមរយៈ​ការចែក​ខិត្តប័ណ្ណ​បាន​ចំនួន ១២.៤៦៩ សន្លឹក និង​ការផ្សព្វផ្សាយ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ជាដើម​៕​



​ ​

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu