Ad Code

បិសាច ចាប់​ឆ្កែ​​​ជញ្ជក់​ឈាម ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​កោះសូទិន



កំពង់ចាម​ ៖ ​​ថ្មីៗ​នេះ​ មាន​បុរស​ម្នាក់​ បាន​ក្លាយជា​បិសាច​ ដោយ​​​ចាប់ ឆ្កែ ឆ្មា​ មាន់​ហែក ​ស៊ី​ ហុតឈាម​ទាំង​រស់ បង្ក​​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​០៨​ ខែ​កញ្ញា ​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៩​និង​៣០​នាទី នៅ​ភូមិ​កោះ​ចិន​លើ ឃុំ​កំពង់​រាប ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម។

ប៉ូលិស​បានអោយដឹងថា បិសាច​ជញ្ជក់​ឈាម​ខាងលើ​មាន ឈ្មោះ​រុន រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​កោះ​ចិន​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន​ខេត្តកំពង់ចាម។

ប្រភព​បាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ចម្លែក​ម្នាក់​នេះ បាន​ផឹកស្រា​ស្រវឹង​ ហើយ​មាន​សកម្មភាព​មិន​ប្រក្រតី​(​ខុសពី​មនុស្ស​ធម្មតា​) ​ដោយ​ចាប់​កូន​ឆ្កែ ៣​ក្បាល​ហែក​ស៊ី​ទាំង​រស់ ក្នុង​នោះ ​ស៊ី​អស់​០២​ក្បាល រីឯ​០១​ក្បាល​ទៀត​ខាំស៊ី​ហែក​បំពង់ ក ហុតឈាម​(​ដាច់​ស្បែក​សល់​តែ​ឆ្អឹង​) ​និង​ស៊ី​គីង្គក់​ទាំង​រស់ ចំនួន​០១​ក្បាល​ មិនតែប៉ុណ្ណោះ ថែម​ទាំងស៊ី​កូន​ឆ្មារ​ទាំង​រស់ ចំនួន ០១​ក្បាល​។​

ប៉ូលិស​បានអោយដឹងថា​ ក្រោយ​ទទួល​ព័ត៌មាន​​នេះ​ភ្លាម លោក វរសេនីយ៍ឯក​ អ៊ឹម​ ឃឿន​អធិការ នគរបាល​ស្រុក​កោះសូទិន បាន​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់រាប ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចុះ​ដល់​កន្លែង​កើតហេតុ។ ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម ឈ្មោះ​រុន រាជ បាន​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច​នៅចាំ​តាមដាន​សកម្មភាព​ឈ្មោះ​រុន រាជ បន្តទៀត។ លុះ​ម៉ោង​ប្រហែល ២១.១៥​នាទី ឈ្មោះ​រុន រាជ បាន​ត្រឡប់​មកវិញហើយ ឡើង​ដេក​លើផ្ទះ​បាត់​ទៅ កម្លាំង​សមត្ថកិច្ច​យើង​ចាំ​ឃ្លាំមើល​សកម្មភាព​ឈ្មោះ រុន រាជ រហូត​។ ប៉ូលិស​បាន​បន្តថា នៅ​ថ្ងៃទី ០៩.០៩.២០១៨ វេលា​ម៉ោង ៨.០០​នាទី​សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ​រុន រាជ ដើម្បី​សាកសួរ តែ​ឈ្មោះ​រុន រាជ នៅលើផ្ទះ​ដាក់​​គន្លឹះ​ទ្វារផ្ទះ​ជាប់​មិន​ព្រម​ចុះមក​ដី​ឡើយ កម្លាំង​យើង​នៅតាម​ដាន​បន្ត​ជាប្រចាំ​។ នៅវេលា​ម៉ោង​១៤ ថ្ងៃ​ដដែល បិសាច​ជញ្ជក់​ឈាម​ខាងលើ​បាន​ចុះពីលើផ្ទះ ចាប់​មេមាន់​ក្រាប​ពង ហើយ​បិទទ្វារ​ដាក់​គន្លឹះ ហើយ​ខាំ ក មាន់​បឺត​ឈាម​អស់ រួច​ទម្លាក់​មាន់មក​ដី។

ប៉ូលិស​បាន​បន្តថា នៅ​ម៉ោង ១៥​និង​៣០​នាទី ម្តាយ​របស់​បុរស​ចម្លែក​ខាងលើ​ឈ្មោះ ឆេង អេង អាយុ​៤២​ឆ្នាំ​ដែល​លក់ដូរ​នៅ​ភ្នំពេញ​បាន​ត្រឡប់មក​ដល់ផ្ទះ ហៅ រុន រាជ ជា​កូន​អោយ​ចុះមក តែ​ពេលនោះ​រុន រាជ មិន​ស្គាល់​ម្តាយ​ឡើយ​។ ប៉ូលិស​បន្តថា នៅ​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ដដែល ម្តាយ របស់ រុន រាជ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​ចាប់​កូន ទោះបី​ធ្វើ​យ៉ាងណាក៏ដោយ​គឺ​ចាប់​អោយ​ទាល់តែ​បាន​។​ ដោយ​ជិតយប់​ផង​ខ្លាច​រុន រាជ​បង្ក​​ភាព​មហន្តរាយ​ទៀត សមត្ថកិច្ច បាន​ទម្លាយ​ទ្វារ ចាប់​ឈ្មោះ រុន រាជ យក​ធ្វើតេស្ត​ទឹកនោម​រក​សារជាតិ​ថ្នាំញៀន តែ​លទ្ធផល​គឺ​ពុំមាន​ជាតិ​ថ្នាំញៀន​ឡើយ ធ្វើអោយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ព្រឺក្បាល បះ​រោម​គ្រប់គ្នា ​សង្ស័យ​ថា​រុន រាជ​ត្រូវ​ព្រាយ បិសាច​ចូល​សន្ថិត។ រុន រាជ​ត្រូវ​អាណាព្យាបាល​ចាប់​ដាក់​ច្រវាក់ ហើយរ​ក​លោក សង្ឃ​និង​គ្រូមន្តអាគម​ស្រោច​ទឹក​ព្យាបាល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu