ភ្នំពេញ ៖ សាក្សីមួយរូបក្នុងចំណោម៨រូប គឺលោក គ្រី សុង អតីតមន្ត្រីគណបក្សសង្គ្រោះជាតិកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បានចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានកោះហៅសាក្សីចំនួន៨នាក់ទៀត ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់ជនត្រូវចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទ សន្ទិដ្ឋភាពជាមួយបរទេស ដែលអ្នកទាំងនោះរួមមាន ទី១, អ្នកស្រី ចក់ សុភាព ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ទី២, លោក ប៉ា ងួនទៀង ចូលខ្លួននៅថ្ងៃទី៩ ខែមិថុនា ទី៣, លោក គ្រី សុង ចូលខ្លួននៅថ្ងៃទី៥ ខែមិថុនា ទី៤, លោក សៀ ភារម្យ ចូលខ្លួននៅថ្ងៃទី១២ ខែមិថុនា ទី៥, លោក កែវ រតនា ចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា ទី៦, លោក ខឿន វីរ៉ាត់ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា ទី៧, លោក មាស គឹមសេង ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ទី៨, លោក ហេង ពិសិដ្ឋ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា។
ទាក់ទងបញ្ហានេះ លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកគ្រី សុង ដែលជាសាក្សីបានចូលឆ្លើយតាមការកំណត់របស់តុលាការ។ លោកបញ្ជាក់យ៉ាងនេះថា “សាក្សី ដែលបានកោះហៅឲ្យចូលបំភ្លឺកាលពីម្សិលមិញមិនបានចូលទេ ប៉ុន្តែសាក្សីដែលបានកោះហៅឲ្យចូលនៅថ្ងៃនេះ បានចូលតាមការកំណត់របស់តុលាការ”។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិកធម៌ជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នា ដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូសរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
ទាក់ទងករណីនេះដែរ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបើកសវនាការជំនុំជម្រះលើសំណុំរឿង ដែលមេធាវីលោក កឹម សុខា ប្តឹងប្រឆាំងនឹងការសម្រេចពន្យារពេលឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ហើយក្រោយពីបញ្ចប់សវនាការ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចតម្កល់សាលដីកា របស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនជនត្រូវចោទរយៈពេល៦ខែបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments