Ad Code

មនុស្ស​ជិត​២០០​នាក់​បាត់​ខ្លួន​ និង​៧៣​នាក់​ស្លាប់​ ដោយសារ​ភ្នំភ្លើង​Fuego របស់ ហ្គា​តេ​ម៉ា​ឡា



មនុស្ស​ជិត​២០០​នាក់​ កំពុង​បាត់​ខ្លួន ​ហើយ​យ៉ាងតិច​៧៣​នាក់ ​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ភ្នំភ្លើង Fuego របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ​បាន​ផ្ទុះឡើង​កាលពី​ចុង​សប្តាហ៍។

សហគមន៍​ចំនួន​ប្រាំពីរ​ដែល​ស្ថិតនៅក្នុង​តំបន់​រង​ការបំផ្លិចបំផ្លាញ​រួចទៅហើយ​នោះ​គឺ​ត្រូវបាន​ជម្លៀសចេញ​ខណៈ​សកម្មភាព​ភ្នំភ្លើង​បាន​កើនឡើង​ហើយ​ប្រតិបត្តិ​ការសង្គ្រោះ​ត្រូវបាន​ផ្អាក​។​
​នៅ​ទីក្រុង Escuintla ក្បែរ​ភ្នំភ្លើង​, ពលរដ្ឋ​ដែល​ភ័យ​ស្លន់ស្លោរ​បាន​ប្រញាប់ប្រញាល់​រត់ទៅរក​ឡាន​របស់​ពួកគេ​ដើម្បី​គេចចេញ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។​

លោក Sergio Cabanas ប្រធាន​ភ្នាក់ងារ​សង្គ្រោះ​គ្រោះមហន្តរាយ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា មនុស្ស​សរុប​១៩២​នាក់​នៅតែ​កំពុង​បាត់​ខ្លួន​ចាប់តាំងពី​ការផ្ទុះ​ឡើង​កាលពី​ចុង​សប្ដាហ៍​។​

ក្រុមមន្ត្រី​បាន​និយាយ​កាលពីមុន​ថា ការស្វែងរក​សាកសព​នៅក្នុង​ភូមិ​ភ្នំ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការផ្ទុះ​គឺ​បាន​ដំណើរការ​យឺតយ៉ាវ​ដោយសារ​លក្ខណៈ​ភូមិសាស្ត្រ​និង​ភ្នំភ្លើង​ដែល​បាន​បញ្ចេញ​ភក់​ក្តៅ​រលាក ថ្ម​និង​ផេះ​។​

លោក Cabanas បាន​ប្រាប់ AFP ថា “​យើង​នឹង​បន្ត​រហូតដល់​យើង​រកឃើញ​ជនរងគ្រោះ​ចុងក្រោយ​បើទោះបីជា​យើង​មិនដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ទីនោះ​ក៏ដោយ​”​។​

យ៉ាងណាក្តី ការរំពឹង​ទុ​នៃ​ការស្វែងរក​អ្នក​ដែល​នៅ​រស់រានមានជីវិត​គឺ​មិនសូវមាន​ទេ​។​
​ជនរងគ្រោះ​ចុងក្រោយ​បំផុត​ក្នុងចំណោម​មនុស្ស​ទាំង​៧៣​នាក់​គឺជា​ស្ត្រី​អាយុ​៤២​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ដោយ​បាត់បង់​ជើង​ទាំងពីរ​និង​ដៃ​ម្ខាង​នៅក្នុង​ការផ្ទុះ​។​

តួលេខ​ដែល​ផ្តល់​ពេលមុន​គឺមាន​៧២​នាក់​។ មនុស្ស​ប្រមាណ​៤៦​នាក់​បាន​រងរបួស​ដោ​យ​ពាក់កណ្តាល​នៃ​ពួកគេ​គឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

ភ្នំភ្លើង​កម្ពស់​៣,៧៦៣​ម៉ែត្រ​មួយ​នេះ​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ដោយ​ព្រួស​ផេះ​និង​បំណែក​ថ្ម​ជាមួយនឹង​ភក់​ដែលមាន​កម្តៅ​ក្តៅ​។​

អាជ្ញាធរ​បាន​និយាយថា មនុស្ស​ជាង​១.៧​លាន​នាក់​ត្រូវ​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នេះ​ដោយ​រាប់បញ្ចូល​ទាំង​មនុស្ស​ជាង​៣,០០០​នាក់​ដែល​គេ​បញ្ជា​ឲ្យ​ជម្លៀស​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu