Ad Code

UN ​៖​ សហរដ្ឋអាមេរិក​ ត្រូវតែ​បញ្ឈប់​បំបែក​កុមារ​អន្តោប្រវេសន៍​ពី​ឪពុក​ម្តាយ



កាលពី​ថ្ងៃ​អង្គារ អង្គការសហប្រជាជាតិ​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បញ្ឈប់​ភ្លាមៗ​នៃ​ការអនុវត្ត​​ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​ក្នុង​ការ​បំបែក​កុមារ​អន្តោប្រវេសន៍​អាមេរិក​កណ្ដាល​ពី​ឪពុកម្តាយ​របស់​ពួកគេ​នៅ​តាម​ព្រំដែន​ភាគ​ខាងត្បូង។

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គោលនយោបាយ​គ្មាន​ការអត់ឱន​ដែល​ត្រូវបាន​ណែនាំ​ដោយ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី Donald Trump ក្នុង​គោលបំណង​រារាំង​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​។​

អ្នកនាំពាក្យ​លោកស្រី Ravina Shamdasani បាន​ព្រមាន​ថា គោលនយោបាយ​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​នាំ​ឲ្យ​មនុស្ស​ដែល​ចូលទៅ​ក្នុងប្រទេស​នេះ​ត្រូវ​បានទទួល​ការកាត់ទោស​ព្រហ្មទណ្ឌ​ហើយ​ជា​លទ្ធផល​កូនៗ​របស់​ពួកគេ​ត្រូវបាន​គេ​នាំ​ចេញទៅ​ឆ្ងាយ​ពី​ពួកគេ​។​

លោកស្រី​បាន​និយាយថា ព័ត៌មាន​ដែល​ទទួលបាន​ពី​ក្រុម​សង្គម​ស៊ីវិល​អាមេរិក​បានបង្ហាញ​ថា កុមារ​រាប់រយ​នាក់​ត្រូវបាន​គេ​បំបែក​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​នៅឯ​ព្រំដែន​ចាប់តាំងពី​ខែតុលា​មក​ដោយ​រួមមាន​ទាំង​ក្មេង​អាយុ​មួយឆ្នាំ​ម្នាក់​ផងដែរ​។​

លោកស្រី​បាន​ប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា “​អាមេរិក​គួរតែបញ្ឈប់​ការអនុវត្ត​នេះ​ភ្លាម​”​។ លោកស្រី​បន្តថា “​ការអនុវត្ត​បំបែក​គ្រួសារ​គឺអាច​បង្ក​ទៅជា​ការជ្រៀតជ្រែក​មិន​សមរម្យ​និង​ខុសច្បាប់​នៅក្នុង​ជីវិត​គ្រួសារ​ហើយ​គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​កុមារ​”​។​

នៅក្នុង Twitter លោក​ប្រធានាធិបតី Trump បាន​និយាយថា “​ការបំបែកបំបាក់​គ្រួសារ​នៅ​ព្រំដែន​គឺជា​កំហុស​នៃ​ច្បាប់​ដ៏​អាក្រក់​ដែល​បានអនុម័ត​ដោយ​ពួក​អ្នកប្រជាធិបតេយ្យ​”​។​

ដោយឡែក លោក Jeff Sessions អគ្គមេធាវី​អាមេរិក​បាន​ប្រាប់​កម្មវិធី​វិទ្យុ​របស់​អាមេរិក​ថា ការ​បំបែក​កុមារ​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​គឺ​ស្របច្បាប់​និង​ជាការ​ចាំបាច់​។​

លោក​បាន​ប្រាប់​កម្មវិធី Hugh Hewitt Show ថា “​អ្នក​មិនអាច​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​អ្នក​ដែល​នាំ​កុមារ​មកជា​មួយ​ពួកគេ​ដោយ​មិន​ប្រុងប្រយ័ត្ន​និង​មិន​ត្រឹមត្រូវ​និង​ដោយ​ខុសច្បាប់​បាន​នោះទេ​។ ពួកគេ​មិនគួរ​ធ្វើបែបនេះ​ឡើយ​”​។​

លោក Sessions បានប្រកាស​កាលពីដើម​ខែ​មុន​ថា នឹងមាន​គោលនយោបាយ​គ្មាន​ការអត់ឱន​ដោយ​អ្នកណា​ដែល​គ្មាន​ឯកសារ​ចូល​សហរដ្ឋអាមេរិក​គឺ​នឹង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូល​ដោយ​ខុសច្បាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu