Ad Code

សណ្ឋាគារ Capella គឺជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម



សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កិច្ចប្រជុំ​កំពូល​ ដែល​គេ​ទន្ទឹងរង់ចាំ​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​កោះ​រមណីយដ្ឋាន Sentosa របស់​ប្រទេស​សិង្ហ​បុរី​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា “​ទីកន្លែង​សម្រាប់​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​សិង្ហ​បុរី​រវាង​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​គីម​ជុង​អ៊ុន​គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Capella លើ​កោះ Sentosa​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ចំពោះ​ការ​បដិសណ្ឋារកិច្ច​រប​ស់​ពួកគេ​”​។​

កិច្ចប្រជុំ​នៅ​ថ្ងៃទី​១២​ខែមិថុនា​គឺ​នឹង​ជា​លើកដំបូង​បំផុត​រវាង​មេដឹកនាំ​កំពុងកាន់​តំណែង​នៃ​ប្រទេស​ទាំងពីរ​ហើយនឹង​ផ្តោតលើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ចេញពី​ឧបទ្វីប​កូរ៉េ​។​

កោះ Sentosa គឺជា​កន្លែង​សម្បូរ​ទៅដោយ​ឆ្នេរ​ខ្សាច់ កាស៊ីណូ តំបន់​ទេសចរណ៍​និង​កន្លែង​វាយកូនគោល​ល្អៗ​មួយចំនួន​ប្រចាំ​តំបន់​អាស៊ី​។​

វា​ក៏មាន​សណ្ឋាគារ Capella ដ៏​ប្រណិត​ផងដែរ​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ប្រជាជន​ដែល​អាច​ត្រូវបាន​ធានា​សុវត្ថិភាព​យ៉ាង​ងាយស្រួល​។​

ប្រភព​ដែល​ជិត​ស្និ​ទ្ធិ​នឹង​ការរៀបចំ​នេះ​បាន​ប្រាប់ AFP ថា អ្នកការទូត​អាមេរិក​បានជ្រើសរើស​យក​រមណីយដ្ឋាន​កោះ​នេះ​ដោយសារតែ​វា​ត្រូវបាន​ភ្ជាប់​ទៅនឹង​កោះធំ​របស់​សិង្ហ​បុរី​ដោយ​ច្រក​តែមួយគត់​ដែល​អាច​បិទ​ចរាចរណ៍​បាន​យ៉ាង​ងាយស្រួល​។​

កាលពី​ថ្ងៃ​អង្គារ អាជ្ញាធរ​សិង្ហ​បុរី​បានកំណត់​តំបន់​មួយ​នៃ​កោះ​នេះ​ដែល​ព័ទ្ធជុំវិញ​សណ្ឋាគារ Capella ដើម្បី​រក្សា​ជា​តំបន់​សន្តិសុខ​ពិសេស​មុន​កិច្ចប្រជុំ​កំពូល​ថ្ងៃទី​១២​ខែមិថុនា​។​

យោងតាម​ការ​បង្ហោះ​នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​អាវុធ ភ្លើងពណ៌ មេក្រូ ប្រព័ន្ធ​បំពង​សំឡេង​និង​បដា​នឹង​ត្រូវបាន​ហាមឃាត់​នៅក្នុង​តំបន់​ពិសេស​ខណៈដែល​ប៉ូលិស​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ឆែកឆេរ​ខ្លួនប្រាណ​ទៅលើ​អ្នក​ដែល​ចូលក្នុង​តំបន់​នោះ​។ យន្តហោះ​ដ្រូ​ន​ក៏​មិនត្រូវ​បានអនុញ្ញាត​ផងដែរ​។​

រចនា​ដោយ​ស្ថាបត្យករ​អង់គ្លេស​លោក Norman Foster, សណ្ឋាគារ Capella បានទទួល​បុគ្គល​ល្បីៗ​ដូចជា​តារាចម្រៀង​ប៉ុប Madonna និង Lady Gaga នៅពេល​ពួកគេ​ឈប់សម្រាក​នៅក្នុង​រដ្ឋ​ទីក្រុង​នេះ​សម្រាប់​ដំណើរ​ទេសចរណ៍​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu