ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ត្រូវរថយន្តសាំយ៉ុងមិនស្គាល់ស្លាកលេខបានបុកស្លាប់ ខណៈដែលជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ខែមករា ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ មុខក្រុមហ៊ុនលក់រថយន្តម៉ែកសឺដែសក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះរហូតដល់បាត់បង់ជីវិតមានឈ្មោះស៊ឹម សុម៉ារ៉ា អាយុ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀនមានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសាក្សីបានប្រាប់នគរបាលថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកគុបមូលពាក់ស្លាកលេខ ភ្នំពេញ1AR-4903 ដោយមានឌុបស្ត្រីម្នាក់ទៀតពីក្រោយ ហើយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។
ពេលជនរងគ្រោះធ្វើដំណើរទៅដល់ចំណុចកើតហេតុ បានបត់ឆ្វេងប្រុងឆ្លងផ្លូវក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងមិនស្គាល់ស្លាកលេខ ដែលបើកបរក្នុងទិសដៅបញ្ច្រាស់បានបុកម៉ូតូស្ត្រីរងគ្រោះពីចំហៀងបណ្តាលឲ្យស្ត្រីរងគ្រោះបោកក្បាលស្លាប់ភ្លាមៗ ដោយឡែកអ្នករួមដំណើរជាមួយគ្រាន់តែរងរបួសស្រាល។ សាក្សីបានបញ្ជាក់ថា បន្ទាប់ពីបុកជនរងគ្រោះរួចមករថយន្តបង្កបានបើកបង្ហួសទៅមុខគេចបាត់ទៅ។
ករណីគ្រោះនេះ មិនត្រឹមតែស្លាប់ស្ត្រីរងគ្រោះប៉ុណ្ណោះចំណែកកូនក្នុងផ្ទៃក៏បានបាត់បង់ជីវិតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments